ទេសរដ្ឋមន្ដ្រី គន់ គីម៖ គុណបំណាច់នៃនយោបាយឈ្នះ-ឈ្នះ មានតម្លៃធំធេងមិនអាចកាត់ថ្លៃបានឡើយ ដែលនាំមកនូវសន្តិភាពដូចសព្វថ្ងៃ
ភ្នំពេញ៖ នៅលើទឹកដីប្រវត្តិសាស្ត្រនៃការបញ្ចប់សង្គ្រាមចុងក្រោយគេនៅកម្ពុជា ថ្ងៃនេះប្រជាពលរដ្ឋ យុវជន សិស្សានុសិស្ស កងកម្លាំងគ្រប់ប្រភេទ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ បានរួមគ្នាប្រារព្ធពិធីអបអរសាទរខួបលើកទី២៦ នៃទិវាសន្តិភាពនៅកម្ពុជា នៅទីតាំងស្តូបឈ្នះឈ្នះ អន្លង់វែង ក្រោមអធិបតីភាពលោកកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តឧត្តរមានជ័យ។
ក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ដ្រី គន់ គីម បានថ្លែងថា ការអនុវត្តនយោបាយឈ្នះឈ្នះ នៅកម្ពុជាឲ្យទទួលបានភាពជោគជ័យ គឺចំណុចសំខាន់បំផុតការជឿជាក់លើថ្នាក់ដឹកនាំ ប្រតិបត្តិករនយោបាយឈ្នះឈ្នះ ជាពិសេសធ្វើឱ្យភាគីម្ខាងទៀត មានការជឿជាក់ និងទុកចិត្តឥតសង្ស័យមកលើសម្តេចតេជោ ហ៊ុន សែន ដែលជាអគ្គមគ្គុទេសក៍ឯក នៃនយោបាយឈ្នះឈ្នះ ជាពិសេសគឺការធានា ៣យ៉ាង ទី១៖ ការធានារូបកាយ និងធអាយុជីវិត, ទី២៖ ការធានាអាជីព និងមុខរបរ និងទី៣៖ ការធានាកម្មសិទ្ធិ និងទ្រព្យសម្បត្តិ។ ចំណុចនេះហើយបាននាំឱ្យមាតុភូមិកម្ពុជារួចចាក់ផុតពីភ្លើងសង្រ្គោះ ទទួលបាននូវសន្តិភាព ឯកភាពជាតិ ការពង្រឹងនីតិរដ្ឋ និងការបង្រួបបង្រួមជាតិ រហូតមកទល់សព្វថ្ងៃ។
ក្នុងនាមរដ្ឋបាលខេត្តឧត្តរមានជ័យ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ បានអញ្ជើញប្រជាពលរដ្ឋមកលេងកម្សាន្តនៅស្តូបឈ្នះ-ឈ្នះ អន្លង់វែង ដើម្បីស្វែងយល់អំពីកិច្ចខិតខំប្រឹងប្រែងរបស់វីរៈជនស្នេហាជាតិទាំងឡាយដែលបានតស៊ូបញ្ចប់សមរភូមិសង្គ្រាមចុងក្រោយគេនៅលើទឹកដី ដូច្នេះប្រជាពលរដ្ឋខ្មែរគ្រប់រូបត្រូវដឹងគុណចំពោះស្ថាបនិកនៃនយោបាយឈ្នះ-ឈ្នះ និងបន្តចូលរួមថែរក្សាសមិទ្ធផលសន្តិភាពនេះឱ្យបានគង់វង្សយូរអង្វែង ៕