សម្តេចធិបតី៖ ជោគជ័យរបស់កម្ពុជា ក្នុងការរៀបចំព្រឹត្តិការណ៍កីឡាថ្នាក់ជាតិ និងថ្នាក់អន្តរជាតិ ពុំមែនកើតឡើងដោយចៃដន្យនោះទេ ដោយសារកត្តាចំបងសុខសន្តិភាព
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ចំពោះភាពជោគជ័យរបស់កម្ពុជា ក្នុងការរៀបចំព្រឹត្តិការណ៍កីឡានានា មិនថាជាការប្រកួតមិត្តភាពរវាងខ្មែរនិងខ្មែរ និងព្រឹត្តិការណ៍កីឡាទាំងថ្នាក់ជាតិ និងថ្នាក់អន្តរជាតិ ពុំមែនកើតឡើងដោយចៃដន្យនោះទេ ប៉ុន្តែគឺអាស្រ័យដោយកត្តាចំបងធំបំផុតគឺសុខសន្តិភាព និងស្ថិរភាពនយោបាយដែលកម្ពុជាសម្រេចបាន។
ក្នុងឱកាសអញ្ជើញជាធិបតីក្នុងព្រឹត្តិការណ៍បាល់ទាត់មិត្តភាព អបអរសាទរ ទិវាសន្តិភាពនៅកម្ពុជា ២៩ ធ្នូ នារសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ នៅពហុកីឡដ្ឋានជាតិមរតកតេជោ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា នេះជាលើកដំបូងដែលមានការរៀបចំឱ្យមានការជួបជុំគ្នា ប្រារព្ធពិធី ព្រឹត្តិការណ៍បាល់ទាត់មិត្តភាព អបអរសាទរ ទិវាសន្តិភាពនៅកម្ពុជា បន្ទាប់ពីរាជរដ្ឋាភិបាល បានសម្រេចកាលពីខែមករា ឆ្នាំ២០២៤កន្លងទៅ ដោយកំណត់ជាផ្លូវការថ្ងៃទី២៩ ខែធ្នូ រៀងរាល់ឆ្នាំ ជាទិវាសន្តិភាពនៅកម្ពុជា។
ក្នុងឱកាសនោះ សម្តេចធិបតី បានកត់សម្គាល់ថា ការចូមរួមយ៉ាងច្រើនកុះករ ពីគ្រប់ភាគីពាក់ព័ន្ធ ក្នុងព្រឹត្តិការណ៍បាល់ទាត់មិត្តភាពនាឱកាសនេះ បានឆ្លុះបញ្ចាំងឱ្យឃើញពីស្មារតីស្រឡាញ់កីឡា និងការចូលរួមថែរក្សាសន្តិភាព ដែលបានរំលេច នូវអត្ថន័យកីឡារស់នៅក្នុងសន្តិភាពផងដែរ។
សម្តេចធិបតី បានបន្ថែមថា ពិតណាស់ថា ជោគជ័យរបស់កម្ពុជា ក្នុងព្រឹត្តិការណ៍កីឡាទាំងនេះ ពុំមែនកើតឡើងដោយចៃដន្យនោះទេ ប៉ុន្តែគឺអាស្រ័យដោយកត្តាចំបងធំបំផុត គឺសុខសន្តិភាព និងស្ថិរភាពនយោបាយដែលយើងសម្រេចបាន និងថែទាំបានក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ។ បើសិនជាយើងគ្មានសន្តិភាព សូម្បីតែសមាជិកភាព របស់កម្ពុជា ក្នុងកីឡាអូឡាំពិក ដែលយើងជាសមាជិក តាំងពីឆ្នាំ៥៦ ក៏ត្រូវបានផ្អាក នៅឆ្នាំ១៩៧០ ដល់ឆ្នាំ៩៤ ពេលដែលយើងសង្គ្រាម សមាជិកភាពរបស់យើង ក៏ត្រូវបានផ្អាកផងដែរ ៕