មនុស្សទាំង១៧៩នាក់បានស្លាប់នៅលើយន្តហោះដឹកអ្នកដំណើរដែលបានធ្លាក់ពេលចុះចតនៅអាកាសយានដ្ឋានមួយនៅភាគនិរតីនៃប្រទេសកូរ៉េខាងត្បូង លើកលែងតែមនុស្ស២នាក់ដែលត្រូវបានជួយសង្គ្រោះ
សេអ៊ូល៖ ប្រព័ន្ធផ្សព្វផ្សាយជាច្រើនបានរាយការណ៍ នៅថ្ងៃអាទិត្យ ទី២៩ ខែធ្នូនេះថា មនុស្សទាំង១៧៩នាក់បានស្លាប់នៅលើយន្តហោះដឹកអ្នកដំណើរដែលបានធ្លាក់ពេលចុះចតនៅអាកាសយានដ្ឋានមួយនៅភាគនិរតីនៃប្រទេសកូរ៉េខាងត្បូង លើកលែងតែមនុស្ស២នាក់ដែលត្រូវបានជួយសង្គ្រោះ។
វាត្រូវបានគេរាយការណ៍ថា នៅម៉ោងប្រហែល ៩:០៣នាទីព្រឹក ម៉ោងក្នុងស្រុក យន្តហោះដែលមានអ្នកដំណើរចំនួន ១៧៥នាក់ រួមទាំងជនជាតិកូរ៉េខាងត្បូង ១៧៣នាក់ និងជនជាតិថៃ ២នាក់ រួមជាមួយនឹងអ្នកបម្រើលើយន្តហោះចំនួន ៦នាក់បានធ្លាក់ ខណៈព្យាយាមចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Muan ចម្ងាយប្រហែល ២៩០គីឡូម៉ែត្រភាគនិរតីនៃទីក្រុង ក្នុងរដ្ឋធានីសេអ៊ូល។
យន្តហោះ Jeju Air ជើងហោះហើរលេខ 7C2216 ពីទីក្រុងបាងកក ប្រទេសថៃ បានចុះចតដោយគ្មានកង់ រអិលចេញពីផ្លូវរត់ ហើយបានបុកជញ្ជាំងខាងក្រៅនៃផ្លូវរត់ ដោយតួយន្តហោះបានបាក់ពាក់កណ្តាល និងឆេះ។
មានតែសមាជិកនាវិក២នាក់ប៉ុណ្ណោះដែលត្រូវបានជួយសង្គ្រោះនៅផ្នែកខាងក្រោយនៃយន្តហោះដែលមានគ្រោះថ្នាក់ ដែលផ្នែកភាគច្រើនត្រូវបានខូចខាតយ៉ាងធ្ងន់ធ្ងរ ហើយមនុស្ស ១៧៩នាក់ទៀតត្រូវបានបញ្ជាក់ថាបានស្លាប់។
អាជ្ញាធរអគ្គីភ័យបានជឿជាក់ថាការវាយប្រហាររបស់សត្វស្លាបដែលនាំឱ្យមានបញ្ហាឧបករណ៍ចុះចតអាចបណ្តាលឱ្យមានគ្រោះថ្នាក់នេះ។
បន្ទាប់ពីការប៉ុនប៉ងចុះចតលើកទីមួយ យន្តហោះបានហោះឡើងលើអាកាស ដោយសារការប៉ាន់ប្រមាណថាឧបករណ៍ចុះចតមិនដំណើរការ ហើយបានធ្វើការប៉ុនប៉ងចុះចតជាលើកទីពីរជាមួយនឹងការចុះចតក្បាលពោះ ដែលបណ្តាលឱ្យមានគ្រោះមហន្តរាយនេះ។
ខ្សែវីដេអូទូរទស្សន៍បានបង្ហាញពីផ្សែងខ្មៅយ៉ាងធំចេញពីយន្តហោះ Boeing 737-800 ដែលឆាបឆេះដោយអណ្តាតភ្លើង។ ខ្សែវីដេអូមួយទៀតបានបង្ហាញម៉ាស៊ីនមួយនៅស្លាបស្តាំរបស់យន្តហោះបញ្ចេញផ្សែងជាមួយអណ្តាតភ្លើងមុនពេលព្យាយាមចុះចត។
មន្ត្រីម្នាក់នៅក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូនបានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានតាមទូរទស្សន៍ថា ការទាញយកទិន្នន័យហោះហើរ និងឧបករណ៍ថតសំឡេងត្រូវបានបញ្ចប់ដើម្បីពិនិត្យមើលគ្រោះមហន្តរាយអាកាស។
ក្រសួងដឹកជញ្ជូនបានបន្ថែមថា វាអាចចំណាយពេលយ៉ាងតិចច្រើនខែទៅច្រើនឆ្នាំ ដើម្បីស្វែងរកមូលហេតុពិតប្រាកដនៃគ្រោះថ្នាក់នេះ។