វៀតណាម នឹងដកហូតពន្ធប្រឆាំងការលក់បង្ខូចថ្លៃ ៩៧% លើប៉មតួប៊ីនថាមពលខ្យល់ ដែលមានប្រភពមកពីប្រទេសចិន
ហាណូយ៖ ក្រសួងពាណិជ្ជកម្មវៀតណាម បានឱ្យដឹងថា វៀតណាមនឹងដកហូតពន្ធប្រឆាំងការលក់បង្ខូចថ្លៃចំនួន ៩៧% លើប៉មតួប៊ីនថាមពលខ្យល់ ដែលមានប្រភពមកពីប្រទេសចិន បន្ទាប់ពីការស៊ើបអង្កេតរយៈពេល ១៥ខែ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
ទីភ្នាក់ងារព័ត៌មានរ៉យទ័រ បានរាយការណ៍ដោយដកស្រង់សេចក្តីប្រកាសព័ត៌មានចេញផ្សាយ ដោយក្រសួងពាណិជ្ជកម្មវៀតណាម នៅសប្តាហ៍មុនថា ពន្ធគយនេះត្រូវបានរំពឹងថា នឹងចូលជាធរមានរយៈពេល ១៥ថ្ងៃចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ហើយនឹងដាក់ឱ្យអនុវត្តរយៈពេល ៥ឆ្នាំ។
នៅខែកញ្ញា ឆ្នាំ២០២៣ វៀតណាមបានបើកការស៊ើបអង្កេតលើវិស័យនេះ បន្ទាប់ពីក្រុមហ៊ុនផលិតក្នុងស្រុកបានអះអាងថា ការលក់បង្ខូចថ្លៃប៉មតួប៊ីនថាមពលខ្យល់ ដែលផលិតដោយចិន បានធ្វើឱ្យខូចខាតដល់ពួកគេ។
ក្រសួងបានឱ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មាននេះថា៖ «ផ្អែកលើភស្តុតាងដែលប្រមូលបាន ប៉មតួប៊ីនថាមពលខ្យល់ ដែលនាំចូលពីក្រុមហ៊ុនចិនមួយចំនួន ត្រូវបានលក់បង្ខូចថ្លៃ និងបានបណ្តាលឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរ ដល់ឧស្សាហកម្មផលិតក្នុងស្រុក»។
បើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័របានឱ្យដឹងថា អាជ្ញាធរវៀណាមបានសន្និដ្ឋានថា ក្រុមហ៊ុនផលិតក្នុងស្រុកមានសមត្ថភាពផលិតប៉មថាមពលខ្យល់ ប្រកបដោយគុណភាពខ្ពស់ដែលអាចនាំចេញបាន។
ក្រសួងបានឱ្យដឹងទៀតថា វិធានការនេះនឹងអនុវត្តលើក្រុមហ៊ុនចិន ស្ទើរតែទាំងអស់ លើកលែងតែ ក្រុមហ៊ុន Jiangsu Zhenjiang New Energy Equipment Co ព្រោះក្រុមហ៊ុននេះមិនត្រូវបានរកឃើញថា មាននៅក្នុងការស៊ើបអង្កេតទេ៕