ឆ្នាំ២០២៤៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បំពេញទស្សនកិច្ច៥ប្រទេស ដើម្បីពង្រឹងភាពគ្រប់ជ្រុងជ្រោយក្នុងទំនួលខុសត្រូវជូន សម្ដេចធិតី ហ៊ុន ម៉ាណែត និងប្រជាជនកម្ពុជា ក្នុងវិស័យមហាផ្ទៃ
ភ្នំពេញ៖ ពេញមួយឆ្នាំ២០២៤នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបំពេញទស្សនកិច្ចការងារនៅប្រទេសចំនួន៥ ទាំងក្នុង និងក្រៅតំបន់អាស៊ាន។ ប្រទេសទាំងនោះ រួមមាន សាធារណរដ្ឋសង្គមនិយមវៀតណាម សហព័ន្ធស្វីស សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ អូស្ត្រាលី និងសាធារណរដ្ឋប្រជាមានិតចិន។ ទស្សនកិច្ចទាំងនោះ ផ្ដោតជាសំខាន់លើការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យសន្តិសុខនិងបច្ចេកវិទ្យា និងកំណែទម្រង់រដ្ឋបាលថ្នាក់ជាតិ និងក៏ជាការបញ្ជាក់ពីការយកចិត្តទុកដាក់ពង្រឹងភាពគ្រប់ជ្រុងជ្រោយក្នុងទំនួលខុសត្រូវជូនរាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយប្រតិភាណរបស់ សម្ដេចមហាបវរធិតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងប្រជាជនកម្ពុជាទាំងមូល ក្នុងវិស័យមហាផ្ទៃ។
ទស្សនកិច្ចប្រទេសវៀតណាម៖ នៅប្រទេសវៀតណាម គឺជាទស្សនកិច្ចលើកដំបូងហើយ គិតចាប់ពីពេល ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានចូលកាន់មុខតំណែងរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។ ក្នុងទីក្រុងដាណាំង ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត បានចូលរួមក្នុងកិច្ចប្រជុំប្រចាំឆ្នាំ ថ្នាក់រដ្ឋមន្រ្តីនគរបាល-មហាផ្ទៃ កម្ពុជា-ទ្បាវ-វៀតណាម។ ភាគីទាំង៣ ក៏បានធ្វើបទអន្តរាគមន៍ លើប្រធានបទ ស្ដីពីការងារប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស ការងារប្រយុទ្ធប្រឆាំង បទល្មើសគ្រឿងញៀនខុសច្បាប់ និងការលើកកម្ពស់ប្រសិទ្ធភាពកិច្ចសហប្រតិបត្តិការក្នុងវិស័យសន្តិសុខ។
កិច្ចប្រជុំ ក៏បានអនុម័តសេចក្ដីប្រកាសរួម ផ្ដោតលើការងារសំខាន់៤ ជាអាទិ៍ ការបន្តផ្តល់កិច្ចសហការ និងការសម្របសម្រួលទៅវិញទៅមក ក្នុងការងារប្រយុទ្ធប្រឆាំងបទល្មើសគ្រប់ទម្រង់ បន្តពង្រឹង និងលើកកម្ពស់កិច្ចសហប្រតិបត្តិការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែនគ្រប់ប្រភេទ ជំរុញអាជ្ញាធរខេត្តជាប់ព្រំដែននៃប្រទេសទាំងបី ឱ្យបន្តសហការបានជិតស្និទ្ធក្នុងការងារថែរក្សា សន្តិសុខ សណ្តាប់ធ្នាប់ ស្ថិរភាព និងសុវត្ថិភាពនៅតាមតំបន់ព្រំដែន និងបន្តគាំទ្រគ្នាទៅវិញទៅមកលើវេទិកាថ្នាក់តំបន់ និងអន្តរជាតិ។
ក្នុងឱកាសនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានជួបពិភាក្សាទ្វេភាគីដាច់ដោយឡែកពីគ្នា ជាមួយ ឯកឧត្តម នាយឧត្តមសេនីយ៍ វិល័យ ឡាខាំហ្វូង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈឡាវ និងឯកឧត្តម ឧត្តមសេនីយ៍ឯក តូ ឡឹម សមាជិក ការិយាល័យនយោបាយ និងជារដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម។ ជំនួបទាំងនោះ បានផ្ដល់ឱកាសឱ្យភាគីទាំងសងខាង ផ្លាស់ប្ដូរយោបល់គ្នាទៅវិញទៅមកលើកិច្ចសហប្រតិបត្តិការដែលមានស្រាប់ បញ្ហាតំបន់ និងពិភពលោក។
ទស្សនកិច្ចសហព័ន្ធស្វីស និងអាល្លឺម៉ង់៖ ទស្សនកិច្ចនេះ មានរយៈ៨ថ្ងៃ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៨ ខែមេសា និងជាទស្សនកិច្ចច្រើនថ្ងៃជាងគេ ធៀបនឹងទស្សនកិច្ចផ្សេងៗ។ ទស្សនកិច្ចបានប្រព្រឹត្តទៅដោយមានការសម្របសម្រួល និងគាំទ្រពីរដ្ឋាភិបាលសហព័ន្ធស្វីស និងសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ក្នុងគោលបំណងដកស្រង់បទពិសោធន៍បន្ថែមលើប្រព័ន្ធគ្រប់គ្រង និងការអនុវត្តល្អៗពីប្រទេសស្វីស និងប្រទេសអាល្លឺម៉ង់ ដើម្បីជំរុញដំណើរការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ និងលើកកម្ពស់អភិបាលកិច្ចមូលដ្ឋាននៅកម្ពុជា។
នៅប្រទេសស្វីស ឯកឧត្តមអភិសន្តិបណ្ឌិត និងលោកជំទាវព្រមទាំងគណៈប្រតិភូ បានស្ដាប់បទបង្ហាញ ចំនួន៥ប្រធានបទ ពាក់ព័ន្ធនឹងប្រព័ន្ធនយោបាយស្វីស តួនាទីទីក្រុង ប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ ការចូលរួមរបស់ប្រជាពលរដ្ឋស្វីសនិងយន្តការជាក់ស្ដែងនៃលទ្ធិប្រជាធិបតេយ្យដោយផ្ទាល់ និងការទទួលខុសត្រូវក្នុងវិស័យសុវត្ថិភាពនិងសណ្ដាប់ធ្នាប់សាធារណៈ។ គណៈប្រតិភូ ក៏បានជួបពិភាក្សាជាមួយ រដ្ឋលេខាធិការក្រសួងការបរទេសសហព័ន្ធស្វីស អភិបាលក្រុង Bern អភិបាលក្រុង Zollikofen និងទស្សនា និងស្វែងយល់អំពីសហព័ន្ធស្វីស និងទីក្រុងបុរាណ។
បន្តទស្សនកិច្ចនៅអាល្លឺម៉ង់ ឯកឧត្តមអភិសន្តិបណ្ឌិត និងគណៈប្រតិភូ បានជួបពិភាក្សាជាមួយ រដ្ឋមន្រ្តីនៃរដ្ឋបាវ៉ារីយ៉ា អភិបាលក្រុង Kempten និងស្ដាប់បទបង្ហាញចំនួន៩ ពាក់ព័ន្ធប្រព័ន្ធអភិបាលកិច្ចពហុកម្រិតនៃរដ្ឋនាវ៉ារីយ៉ា ភារកិច្ច និងមុខងារអាជ្ញាធរដ្ឋបាលថ្នាក់ខ្ពស់ ការត្រួតពិនិត្យរដ្ឋបាលមូលដ្ឋាន រដ្ឋបាលមូលដ្ឋាននៅអាល្លឺម៉ង់និងបទពិសោធន៍ក្រុង Kempten ភាពខុសគ្នារវាងរដ្ឋបាលមូលដ្ឋានស្វីសនិងអាល្លឺម៉ង់ យុទ្ធសាស្រ្តទីក្រុងឆ្លាតវៃ យុវជនក្នុងកិច្ចការដ្ឋបាលមូលដ្ឋាន និងកិច្ចសហប្រតិបត្តិការអន្តរទីក្រុងក្នុងវិស័យការពារ និងសង្គ្រោះពលរដ្ឋជាដើម។
ទស្សនកិច្ចប្រទេសអូស្ត្រាលី៖ ទស្សនកិច្ចនេះ មានរយៈពេលមួយសប្ដាហ៍ ពីថ្ងៃទី១០ ដល់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤។ ឯកឧត្តមអភិសន្តិបណ្ឌិត បានជួបពិភាក្សាជាមួយរដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការអន្តោប្រវេសន៍ សញ្ជាតិ និងពហុវប្បធម៌ និងអនុរដ្ឋលេខាធិការក្រសួងការបរទេស និងពាណិជ្ជកម្មអូស្ត្រាលី។ ក្នុងជំនួបទាំងពីរនោះ ភាគីអូស្ត្រាលីបានឯកភាពបន្តបណ្តុះបណ្តាលជំនាញប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យាដល់មន្រ្តីនគរបាលកម្ពុជា។ ភាគីទាំងពីរបានប្ដេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅលើការងារប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែន ការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ការឆបោកតាមប្រព័ន្ធអនឡាញ ការជួញដូរមនុស្សជាដើម។
ក្រៅពីជំនួបទ្វេភាគី គណៈប្រតិភូជាន់ខ្ពស់នៃក្រសួងមហាផ្ទៃ ក៏បានជួបពិភាក្សាជាមួយតំណាងក្រសួងមហាផ្ទៃនៃប្រទេសអូស្រ្តាលី រួមមាន អង្គភាពទទួលបន្ទុកកិច្ចការគោលនយោបាយសាយប័រ កម្លាំងត្រួតពិនិត្យព្រំដែនអូស្រ្តាលី វិទ្យាស្ថានបណ្តុះបណ្តាលជំនាញអន្តោប្រវេសន៍ និងអង្គភាពចារកម្មជាតិ ព្រមទាំងជាមួយមន្រ្តីជំនាញនៃនគរបាលសហព័ន្ធអូស្រ្តាលី និងបានចុះទស្សនកិច្ចផ្ទាល់ដល់ទីតាំងមន្ទីរពិសោធន៍ច្រកទ្វារឆ្លាតវៃ នៃក្រសួងមហាផ្ទៃអូស្រ្តាលី។
គណៈប្រតិភូកម្ពុជា និងភាគីអូស្ត្រាលី ក៏បានផ្លាស់ប្ដូរព័ត៌មានគ្នា អំពីផែនការសកម្មភាពស្តីពីសន្តិសុខសាយប័រ ដំណើរការផ្ទៀងផ្ទាត់អត្តសញ្ញាណបុគ្គល ការធ្វើមាតុភូមិនិវត្តន៍ពលរដ្ឋនៃប្រទេសទាំងពីរ ការប្រមូលវិភាគព័ត៌មាន ការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងព័ត៌មានមិនពិត ការទប់ស្កាត់ការប្រើប្រាស់បច្ចេកវិទ្យាខុសគោលដៅ ដូចជា ថ្នាលទំនាក់ទំនងសង្គម បញ្ញាសប្បនិម្មិត (AI) ការជ្រៀតជ្រែកពីរដ្ឋ និងភ្នាក់ងារបរទេស សំដៅធានា សន្តិភាព សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ នៅក្នុងប្រទេសទាំងពីរ និងតំបន់។
ទស្សនកិច្ចសាធារណរដ្ឋប្រជាមានិតចិន៖ ទស្សនកិច្ចនេះ មានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៤។ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានអញ្ជើញធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារសម្រាប់ឆ្នាំ នៃកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ ជាមួយលោក វ៉ាង ស៊ាវហុង សមាជិកក្រុមប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីក្រសួងសន្តិសុខសាធារណៈចិន និងបានចុះហត្ថលេខាលើផែនការការងារ ស្តីពីការបន្តអនុវត្តឆ្នាំនៃកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ ផ្ដោតលើការងារសន្តិសុខ ការស្វែងរកជនល្មើស និងការធ្វើមាតុភូមិនិវត្តន៍ ការពង្រឹងការអនុវត្តច្បាប់ជាក់ស្តែង ការកសាងសមត្ថភាព ការលើកកម្ពស់គុណភាពនិងប្រសិទ្ធភាពកិច្ចសហប្រតិបត្តិការ។
ឯកអភិសន្តិបណ្ឌិត ស សុខា និងឯកឧត្តម វ៉ាង ស៊ាវហុង ក៏បានបន្តជួបពិភាក្សាទ្វេភាគីដាច់ដោយឡែក និងបានបន្តដឹកនាំគណៈប្រតិភូ ទស្សនកិច្ចខេត្តគួយចូវ ដើម្បីពិនិត្យ និងស្វែងយល់អំពីការងារនៅមជ្ឈមណ្ឌលទិន្នន័យធំរបស់ខេត្តគួយចូវ ការិយាល័យអនុវត្តច្បាប់នៃមន្ទីរសន្តិសុខសាធារណៈ នៃសង្កាត់គ័នសានហ៊ូ និងទទួលជួបសំណេះសំណាលពិភាក្សាការងារជាមួយថ្នាក់ដឹកនាំខេត្តគួយចូវ ដឹកនាំដោយលោក ស៊ី លីន លេខាបក្សខេត្តគួយចូវ។
សូមបញ្ជាក់ដែរថា ក្រៅពីទស្សនកិច្ចការងារនៅប្រទេសទាំង៥ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏មានកម្មវិធីការងារជាមួយប្រមុខក្រសួងមហាផ្ទៃថៃនៅតំបន់ព្រំដែន និងចូលទៅខេត្តច័ន្ទបុរីផងដែរ ដោយនាថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត បានអញ្ជើញពិនិត្យទីតាំងសាងសង់ស្ពានមិត្តភាពកម្ពុជា-ថៃ ដែលនៅទីនោះ មានការអញ្ជើញចូលរួម និងទទួលស្វាគមន៍ពី ឯកឧត្តម អនុធីន ឆានវីរៈគូន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃថៃ។ ភាគីទាំងពីរក៏បានអញ្ជើញពិសារអាហារសាមគ្គី នៅក្នុងខេត្តច័ន្ទបុរីក្នុងបរិយាកាសប្រកបដោយមិត្តភាពផងដែរ។
ជារួម ក្រៅពីបំពេញទស្សនកិច្ចនៅក្រៅប្រទេស ពេញមួយឆ្នាំ២០២៤នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក៏បានទទួលជួបពិភាក្សាទ្វេភាគី និងចូលរួមដឹកនាំកិច្ចប្រជុំ ជាមួយប្រមុខក្រសួង ស្ថាប័ននៃបណ្ដាប្រទេសជាមិត្ត ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត តំណាងអង្គការនិងបណ្ដាដៃគូអន្តរជាតិផ្សេងៗដែលមានកិច្ចសហប្រតិបត្តិការជាមួយក្រសួងមហាផ្ទៃផងដែរ។ ជំនួប និងទស្សនកិច្ច ទាំងក្នុងនិងក្រៅប្រទេសនេះ ជាការបញ្ជាក់យ៉ាងច្បាស់ថា ក្នុងនាមសេនាធិការមួយរូបរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមអភិសន្តិបណ្ឌិត បានបន្តផ្ដល់សារៈសំខាន់ខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការជាមួយបណ្ដាប្រទេសជាមិត្ត និងអង្គការជាដៃគូ ដើម្បីធានាបាននូវភាពគ្រប់ជ្រុងជ្រោយក្នុងទំនួលខុសត្រូវជូនជាតិ និងប្រជាជនកម្ពុជា លើវិស័យមហាផ្ទៃ ស្របពេលសភាពការណ៍តំបន់ និងពិភពលោកមានការប្រែប្រួលស្មុគស្មាញប្រកបដោយភាពប្រទាក់ក្រឡាដែលទាមទារឱ្យមានយន្តការសហប្រតិបត្តិដោះស្រាយទាំងកម្រិតទ្វេភាគី ពហុភាគី និងជាអន្តរជាតិ៕