ប្រធានាធិបតីស្តីទីកូរ៉េខាងត្បូង លោក ឆយ សាំងម៉ុក បញ្ជា ឱ្យ ស៊ើបអង្កេត សុវត្ថិភាព ផ្លូវអាកាស ក្រោយមានគ្រោះថ្នាក់ផ្តាច់ជីវិតមនុស្ស១៧៩នាក់
សេអ៊ូល៖ ប្រធានាធិបតីស្តីទីរបស់កូរ៉េខាងត្បូងលោក ឆយ សាំងម៉ុក(Choi Sang-mok) នៅថ្ងៃចន្ទទី៣០ ខែធ្នូបានបញ្ជាឱ្យត្រួតពិនិត្យសុវត្ថិភាពជាបន្ទាន់នៃប្រព័ន្ធប្រតិបត្តិការអាកាសចរណ៍របស់ប្រទេសនេះ ក្រោយមានឧបទ្ទវហេតុផ្លូវអាកាសដ៏សាហាវបំផុតមិនធ្លាប់មាននៅក្នុងប្រទេសកូរ៉េខាងត្បូងបានសម្លាប់មនុស្ស១៧៩ នាក់កាលពីថ្ងៃអាទិត្យទី២៩ ខែធ្នូ។
ក្រុមអ្នកស៊ើបអង្កេតបានដុតដៃដុតជើងដើម្បីកំណត់អត្តសញ្ញាណជនរងគ្រោះ និងស្វែងរកមូលហេតុដែលបណ្តាលឱ្យមានគ្រោះមហន្តរាយផ្លូវអាកាសដ៏សោកនាដកម្មបំផុតរបស់ប្រទេសកូរ៉េខាងត្បូង។ ជុំវិញឧប្បត្តិហេតុដ៏សោកសៅនេះ ប្រធានាធិបតីស្តីទីរបស់កូរ៉េខាងលោក ឆយ សាំងម៉ុក បានថ្លែងប្រាប់កិច្ចប្រជុំគ្រប់គ្រងគ្រោះមហន្តរាយនៅរដ្ឋធានីសេអ៊ូលថា អាទិភាពចម្បងសម្រាប់ពេលនេះគឺការកំណត់អត្តសញ្ញាណជនរងគ្រោះ ជួយរំលែកទុក្ខដល់គ្រួសារសព និងការព្យាបាលអ្នករស់រានមានជីវិតទាំងពីរនាក់។ លោក បាន បន្ត ថា ៖ «យើង ស្នើ ឱ្យ មន្ត្រី បង្ហាញ តម្លាភាព និងភស្តុតាង អំពី ដំណើរការ ស៊ើបអង្កេត គ្រោះថ្នាក់ និង ផ្តល់ ដំណឹង ដល់ ក្រុម គ្រួសារ ដែល បាន បាត់បង់ ជីវិត ឱ្យ បាន ឆាប់តាមដែលអាចធ្វើទៅបាន » ។
ប្រធានាធិបតីស្តីទីរូបនេះបានបន្ថែមថា ក្រសួងដឹកជញ្ជូនត្រូវបានស្នើសុំឱ្យត្រួតពិនិត្យសុវត្ថិភាពជាបន្ទាន់នៃប្រព័ន្ធប្រតិបត្តិការយន្តហោះទាំងមូល ដើម្បីការពារការកើតឡើងវិញនៃគ្រោះថ្នាក់យន្តហោះ។ បន្ថែមលើនេះ ក្រសួងដឹកជញ្ជូនបានអះអាងថា អាជ្ញាធរកំពុងពិចារណាថា តើត្រូវធ្វើអធិការកិច្ចពិសេសយន្តហោះ Boeing 737-800 ទាំង ១០១គ្រឿងដែលដំណើរការដោយក្រុមហ៊ុនអាកាសចរណ៍កូរ៉េខាងត្បូង ឬយ៉ាងណា?
អាកាសយានដ្ឋានអន្តរជាតិ Muan នៅតែបិទរហូតដល់ថ្ងៃពុធ ប៉ុន្តែអាកាសយានដ្ឋានអន្តរជាតិ និងតំបន់ផ្សេងទៀតរបស់ប្រទេស រួមទាំងអាកាសយានដ្ឋានអន្តរជាតិ Incheon បានដំណើរការតាមធម្មតា។ នៅក្រោមច្បាប់អាកាសចរណ៍សកល កូរ៉េខាងត្បូងនឹងដឹកនាំការស៊ើបអង្កេតស៊ីវិលលើឧប្បត្តិហេតុយន្តហោះនេះ ហើយនឹងចូលរួមដោយស្វ័យប្រវត្តិនូវក្រុមប្រឹក្សាសុវត្ថិភាពដឹកជញ្ជូនជាតិសហរដ្ឋអាម៉េរិក (NTSB) ខណៈយន្តហោះនេះត្រូវបានរចនាឡើង និងផលិតឡើងដោយក្រុមហ៊ុនសហរដ្ឋអាម៉េរិក៕