ទេសរដ្ឋមន្ដ្រី សក់ សេដ្ឋា ដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សាលើបញ្ជីបញ្ហាប្រឈម និងសំណើសំណូមពរដែលស្នើដោយរដ្ឋបាលថ្នាក់ក្រោមជាតិ
ភ្នំពេញ៖ នៅទីស្ដីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម សក់ សេដ្ឋា ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានអចិន្ដ្រៃយ៍ នៃ គ.ជ.អ.ប បានដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សាលើបញ្ជីបញ្ហាប្រឈម និងសំណើសំណូមពរដែលស្នើដោយរដ្ឋបាលថ្នាក់ក្រោមជាតិ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប ឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំ និងមន្ដ្រីបច្ចេកទេសតំណាងអគ្គនាយកដ្ឋាននានា និងសាលាជាតិរដ្ឋបាលមូលដ្ឋាន ចំណុះក្រសួងមហាផ្ទៃ ទីប្រឹក្សា និងលេខាធិការដ្ឋាន គ.ជ.អ.ប សរុបប្រមាណ ៣០រូប។
កិច្ចប្រជុំនេះ មានគោលបំណងពិនិត្យ និងពិភាក្សាទៅលើបញ្ជីបញ្ហាប្រឈម និងសំណើសំណូមពរដែលបានស្នើឡើងដោយរដ្ឋបាលថ្នាក់ក្រោមជាតិ ព្រមទាំងលើកសំណើដំណោះស្រាយក្នុងក្របខ័ណ្ឌសមត្ថកិច្ចរបស់អគ្គនាយកដ្ឋានពាក់ព័ន្ធនានាចំណុះក្រសួងមហាផ្ទៃ ដើម្បីត្រៀមដាក់ជូនកិច្ចប្រជុំអនុគណៈកម្មាធិការទាំង៣ របស់ គ.ជ.អ.ប និងកិច្ចប្រជុំលើកទី២៤ របស់ គ.ជ.អ.ប ដែលនឹងរៀបចំនៅក្នុងខែមករា ឆ្នាំ២០២៥ខាងមុខនេះ ៕