ទូតអ៉ីស្រាអែល ប្រចាំ UN ព្រមានថា ជោគវាសនាក្រុមហ៊ូទី នឹងដូចក្រុមហាម៉ាស ហេសបូឡា និងរបបលោក Assad
ញូវយ៉ក៖ ឯកអគ្គរដ្ឋទូតអ៉ីស្រាអែលប្រចាំអង្គការសហប្រជាជាតិ (UN) បានលើកឡើងនូវអ្វីដែលលោកចាត់ទុក ជាការព្រមានចុងក្រោយដល់ក្រុមហ៊ូទីនៅយ៉េមែន ឱ្យបញ្ឈប់ការវាយប្រហារមកលើអ៉ីស្រាអែល ហើយបើនៅតែរឹងរូស ជោគវាសនាពួកគេនឹងដូចក្រុមហាម៉ាស ហេសបូឡា និងរបបស៉ីរីនៃលោក Assad។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៣១ ខែធ្នូ ឆ្នាំ ២០២៤។
ថ្លែងទៅកាន់ក្រុមប្រឹក្សាសន្តិសុខ UN លោក Danny Danon បញ្ជាក់ថា «ហ៊ូទី ប្រហែលជាមិនបានយកចិត្តទុកដាក់ ចំពោះអ្វីដែលកើតឡើងនៅមជ្ឈិមបូព៌ា កាលពីឆ្នាំមុនទេ។
អនុញ្ញាតឱ្យខ្ញុំរំលឹកអ្នកពីអ្វីដែលបានកើតឡើង ចំពោះក្រុមហាម៉ាស ហេសបូឡា របបលោក Assad និងអ្នកដែលប៉ុនប៉ងបំផ្លាញអ៉ីស្រាអែល។ នេះមិនមែនជាការគំរាមកំហែងទេ តែជាការសន្យា។ ពួកអ្នកនឹងមានវាសនាវេទនាដូចគ្នា»។ លោក Danon ក៏បានព្រមានទីក្រុងតេហេរ៉ងថា អ៉ីស្រាអែលមានសមត្ថភាពវាយប្រហារ លើគ្រប់គោលដៅនៅមជ្ឈិមបូព៌ា រួមទាំងនៅអ៉ីរ៉ង់ផងដែរ ដោយបន្ថែមថា អ៉ីស្រាអែលនឹងមិនអត់ឱន ចំពោះការវាយប្រហាររបស់ក្រុម proxies អ៉ីរ៉ង់ឡើយ។
គួរបញ្ជាក់ថា ប៉ុន្មានម៉ោងក្រោយការលើកឡើងរបស់ លោក Danon យោធាអ៉ីស្រាអែលបានប្រកាស ពីការស្ទាក់ចាប់មីស៉ីលបាញ់ចេញពីយេម៉ែន ហើយមេដឹកនាំកំពូលហ៊ូទីនិយាយថា ក្រុមរបស់ខ្លួននឹងមិនបញ្ឈប់ការវាយប្រហារលើអ៉ីស្រាអែលនោះឡើយ៕