ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ក្នុងឱកាសចូលឆ្នាំសកល ២០២៥
ភ្នំពេញ៖ ឯកឧត្តម សក់ សេដ្ឋា ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) បានផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ប្រធាន គ.ជ.អ.ប និងលោកជំទាវ ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល ២០២៥ ដែលនឹងឈានចូលមកដល់នាថ្ងៃពុធ ៣កើត ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ ខាងមុខនេះ។
ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល ២០២៥ ខាងមុខនេះ ខ្ញុំបាទ និងភរិយា សូមគោរពអនុញ្ញាតចូលរួមសម្តែងនូវអំណរសាទរប្រកបដោយសេចក្តីសោមនស្សយ៉ាងក្រៃលែងជូនចំពោះ ឯកឧត្តមអភិសន្តិបណ្ឌិត និងលោកជំទាវ។
ក្នុងឱកាសដ៏វិសេសវិសាលនេះ ខ្ញុំបាទ និងភរិយា សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមជួយប្រោះព្រំនូវសព្ទសាធុការពរ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរ ជូនចំពោះ ឯកឧត្តមអតិសន្តិបណ្ឌិត និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូមបានប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ដើម្បីបន្ត ចូលរួមចំណែកក្នុងបេសកកម្មបម្រើដល់បុព្វហេតុដ៏ឧត្តុង្គឧត្តមនៃ ជាតិ សាសនា ព្រះមហាក្សត្រ។
សូម ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ប្រធាន គ.ជ.អ.ប និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ មេត្តាទទួលនូវសេចក្តីគោរពដ៏ជ្រាលជ្រៅ និងគារវភក្តីដ៏ស្ម័គ្រស្មោះពីខ្ញុំបាទ ៕