វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាអាជីវកម្មមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ
ភ្នំពេញ៖ នៅថ្ងៃអង្គារ ទី៣១ ខែធ្នូ ឆ្នាំ២០២៤ មន្រ្តីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. រួមមាន លោក លី សុភាព, លោក ង៉ាក់ ប៊ុនធី និងលោក ម៉ែន វណ្ណរិទ្ធ បានសម្រុះសម្រួលផ្សះផ្សាបញ្ចប់វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាអាជីវកម្មមួយករណីបានដោយជោគជ័យ ដែលភាគីម្ខាងជាប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ និងភាគីម្ខាងទៀតជាប្រជាពលរដ្ឋរស់នៅខេត្តកំពង់ចាម។
សំណុំរឿងវិវាទនេះ កើតចេញពីការមិនអនុវត្តកាតព្វកិច្ចនៃកិច្ចសន្យាដាក់ទុនប្រកបអាជីវកម្មរួមគ្នា ដោយកន្លងមក គូភាគីបានស្វែងរកដំណោះស្រាយវិវាទ ប៉ុន្តែនៅតែមិនទទួលបានជោគជ័យ។ ក្រោយមក ទេីបនៅអំឡុងខែធ្នូ ឆ្នាំ២០២៤ ករណីវិវាទនេះ ត្រូវបានភាគីម្ខាងដាក់ពាក្យមក អ.ដ.ក. ដើម្បីស្នើសុំសម្រុះសម្រួលផ្សះផ្សាបញ្ចប់វិវាទ។
អ.ដ.ក. បានពិនិត្យ សិក្សា ស្រាវជ្រាវដោយយកចិត្តទុកដាក់ និងបានដោះស្រាយបញ្ចប់វិវាទនេះ ដោយផ្អែកលើឆន្ទៈព្រមព្រៀងរបស់គូភាគី។
គូភាគីវិវាទបានសះជាជាមួយគ្នា ហើយបានផ្តិតមេដៃលើកំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទ ដែលផ្អែកតាមច្បាប់ កំណត់ហេតុនេះមានអានុភាពអនុវត្តដូចសាលក្រមស្ថាពររបស់តុលាការដែរ ៕