ក្រុមហេសបូឡាហ៍ នឹងមិននៅស្ងៀមនោះឡើយ ប្រសិនបើអ៊ីស្រាអែល នៅតែមិនព្រមដកខ្លួនចេញពីទឹកដីលីបង់
បេរូត៖ លោក Mahmoud Qomati អនុប្រធានក្រុមប្រឹក្សានយោបាយរបស់ក្រុមហេបូឡាហ៍ (Hezbollah) បានថ្លែងឲ្យដឹងកាលពីថ្ងៃចន្ទថា ក្រុមហេសបូឡាហ៍ នឹងមិន “នៅស្ងៀម” នោះឡើយ ប្រសិនបើអ៊ីស្រាអែល នៅតែធ្វើខុសមិនព្រមដកខ្លួនចេញពីទឹកដីលីបង់ នៅចុងបញ្ចប់នៃកិច្ចព្រមព្រៀង បទឈប់បាញ់រយៈពេល៦០ថ្ងៃទេនោះ ។
លោក Qomati បានប្រាប់ដល់ទូរទស្សន៍ Al-Manar TV ថា “ក្រុមហេបូឡាហ៍ បានប្តេជ្ញាចិត្តចំពោះបទឈប់បាញ់រយៈពេល ៦០ថ្ងៃជាមួយនឹងប្រទេសអ៊ីស្រាអ៊ែល ដើម្បីជាប្រយោជន៍ដល់ ប្រជាជនរបស់យើងទាំងអស់គ្នា ។ ប៉ុន្តែយើងនឹងមិនអាចនៅស្ងៀមបាននោះទេ ប្រសិនបើអ៊ីស្រាអ៊ែល មិនព្រមដកខ្លួនចេញពីទឹកដីលីបង់នៅថ្ងៃទី៦០នោះ” ។
លោកបានលើកឡើងទៀតថា “ចំពោះកិច្ចព្រមព្រៀងនេះ វាច្បាស់ណាស់ថា អ្នករាល់គ្នាប្រព្រឹត្ត ឬគ្មាននរណាម្នាក់ធ្វើរឿងនេះឡើង” ។
លោក Qomati ក៏បានច្រានចោលចំពោះការ រំសាយអាវុធដល់ក្រុមហេបូឡាហ៍ ដោយបានព្រមានថា ទង្វើបែបនេះនឹងនាំឱ្យប្រទេសលីបង់មានភាពវឹកវរ ។ លោកបានបញ្ជាក់ថា ក្រុមហេសបូឡាហ៍ មិនអាចអនុញ្ញាតឱ្យអ៊ីស្រាអ៊ែល កាន់កាប់ដី ឬធ្វើការសាងសង់ទីតាំងលំនៅដ្ឋានណាមួយ ដោយគ្មានការតស៊ូបានឡើយ ។
គួរបញ្ជាក់ថា បទឈប់បាញ់គ្នាដែលមានការ សម្របសម្រួលដោយសហរដ្ឋអាមេរិក និងបារាំង បានចូលជាធរមាននៅថ្ងៃទី២៧ ខែវិច្ឆិកា ក្នុងគោលបំណងបញ្ចប់ការប្រយុទ្ធគ្នាជិត ១៤ខែរវាងអ៊ីស្រាអ៊ែល និងក្រុមហេសបូឡាហ៍ ហើយកិច្ចព្រមព្រៀងនេះតម្រូវឱ្យអ៊ីស្រាអ៊ែល ដកខ្លួនចេញពីទឹកដីលីបង់ នៅក្នុងរយៈពេល៦០ថ្ងៃ ដោយកងទ័ពលីបង់ បានកាន់កាប់ការគ្រប់គ្រងសន្តិសុខ នៅតាមព្រំដែនលីបង់ និងអ៊ីស្រាអ៊ែល និងនៅភាគខាងត្បូងនៃប្រទេសលីបង់ ៕