ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ថា រុស្ស៊ីនឹងបន្តរីកចម្រើន ទៅមុខ ទោះបីជាមានបញ្ហាប្រឈមក៏ដោយ
ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានថ្លែងសារឆ្នាំថ្មី ទៅកាន់ប្រជាជនរុស្ស៊ី ដោយបង្ហាញពីសុទិដ្ឋិនិយម និងទំនុកចិត្ត ចំពោះអនាគតរបស់ប្រទេស ដោយបាននិយាយថា រុស្ស៊ីនឹងបន្តរីកចម្រើន ទៅមុខ ទោះបីជាមានបញ្ហាប្រឈមក៏ដោយ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។
លោក ពូទីន បានសង្កត់ធ្ងន់លើឯកភាពជាតិ និងសមិទ្ធផល ដែលរុស្ស៊ី សម្រេចបានក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ។ លោក ក៏បានលើកទឹកចិត្ត ដល់ប្រជាជនរុស្ស៊ី ឱ្យមានសុទិដ្ឋិនិយម និងជឿជាក់លើអនាគត។
លោក ពូទីន បាននិយាយថា «យើងជឿជាក់ថាអ្វីៗនឹងល្អ យើងនឹងឈានទៅមុខតែប៉ុណ្ណោះ។ នេះជាជោគវាសនារបស់រុស្ស៊ី និងសុខុមាលភាពរបស់ពលរដ្ឋខ្លួន»។
លោក ពូទីន ក៏បានគោរពវិញ្ញាណក្ខន្ធដល់ទាហានរុស្ស៊ីដែលបានស្លាប់ ក្នុងសង្រ្គាមនៅអ៊ុយក្រែន។ ប៉ុន្តែ លោកមិនបានលើកឡើង អំពីស្ថានការណ៍បច្ចុប្បន្ននៃសង្រ្គាមនោះទេ៕