អធិការបតីលោក Olaf Scholz ប្រាប់ពលរដ្ឋអាល្លឺម៉ង់ ឱ្យទៅបោះឆ្នោតនៅខែកុម្ភៈ
បែរឡាំង៖ បើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៣១ ខែធ្នូ ឆ្នាំ ២០២៤ នៅក្នុងសុន្ទរកថាអបអរឆ្នាំថ្មី អធិការបតីលោក Olaf Scholz បានប្រាប់ពលរដ្ឋអាល្លឺម៉ង់ ឱ្យទៅបោះឆ្នោតនៅខែកុម្ភៈ ឆ្នាំ ២០២៥ ខណៈដែលមានភាពមិនចុះសម្រុងគ្នាជុំវិញបញ្ហាអន្តោប្រវេសន៍ និងការងើបឡើងនៃគណបក្សស្តាំនិយមជ្រុល Alternative for Germany (AfD) នៅអាល្លឺម៉ង់។
លោក Scholz គូសបញ្ជាក់ថា «ខ្ញុំសូមអំពាវនាវថ្ងៃនេះថា សូមទៅបោះឆ្នោត។ ក្រឡេកមើលទៅជុំវិញពិភពលោក អ្នកនឹងដឹងអំពីសមិទ្ធិផលដ៏អស្ចារ្យមួយ នៃការបោះឆ្នោតដែលសេរី និងយុត្តិធម៌»។
លោក Scholz បន្ថែមថា «អនាគតអាល្លឺម៉ង់ នឹងមិនសម្រេចដោយ ម្ចាស់បណ្តាញប្រព័ន្ធផ្សព្វផ្សាយសង្គមមួយចំនួនទេ។ មិនមែនអ្នកចូលចិត្តស្រែក អាចមកសម្រេចវាសនាអាល្លឺម៉ង់ឡើយ តែផ្ទុយទៅវិញវាអាស្រ័យលើការយល់ឃើញរបស់មនុស្សភាគច្រើន»។
គួរបញ្ជាក់ថា ប្រជាជនអាល្លឺម៉ង់ នឹងធ្វើដំណើរទៅបោះឆ្នោត នៅក្នុងការបោះឆ្នោតសកល នាថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥ បន្ទាប់ពីរដ្ឋាភិបាលចម្រុះដឹកនាំដោយ លោក Scholz រួមមានគណបក្ស Social Democrats របស់លោក គណបក្ស Greens និង Free Democratic Party បានដួលរលំ៕