ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អនុញ្ញាតជូនឯកអគ្គរដ្ឋទូតគុយបាប្រចាំនៅកម្ពុជា ចូលជួបពិភាក្សាការងារ
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជំនួបសម្តែងការគួរសមរបស់លោកជំទាវ Milena Caridad Zaldívar Piedra ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋគុយបា ប្រចាំកម្ពុជា នៅទីស្តីការក្រសួង។
យោងតាមក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានឱ្យដឹងថា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងលោកជំទាវ Milena បានពិភាក្សាគ្នាប្រកបដោយផ្លែផ្កាលើវិស័យផ្សេងៗនៃកិច្ចសហប្រតិបត្តិការ រួមមាន កសិកម្ម កីឡា និងសុខភាព។
ក្រសួងការបរទេស បន្ថែមថា ភាគីទាំងពីរក៏បានសន្យាពង្រីកកិច្ចសហប្រតិបត្តិការទាំងនេះបន្ថែមទៀត នៅពេលដែលកម្ពុជា និងគុយបាប្រារព្ធខួបលើកទី៦៥ នៃទំនាក់ទំនងការទូត នៅឆ្នាំនេះ៕