ការផ្គត់ផ្គង់ឧស្ម័នរបស់រុស្ស៊ី ទៅកាន់អឺរ៉ុប តាមរយៈអ៊ុយក្រែន ត្រូវបានបិទនៅថ្ងៃចូលឆ្នាំសកល
មូស្គូ៖ ការផ្គត់ផ្គង់ឧស្ម័នរបស់រុស្ស៊ីទៅកាន់អឺរ៉ុបតាមរយៈអ៊ុយក្រែន ត្រូវបានបិទនៅថ្ងៃចូលឆ្នាំសកល ដោយបញ្ចប់រយៈពេលប្រាំទសវត្សរ៍នៃការដឹកជញ្ជូនឧស្ម័នរុស្ស៊ី កាត់អ៊ុយក្រែនទៅកាន់អឺរ៉ុប។
ផ្លូវនាំចេញឧស្ម័នចំណាស់បំផុតរបស់រុស្ស៊ីទៅកាន់អឺរ៉ុប ដែលជាបំពង់បង្ហូរប្រេងដែលមានអាយុកាលតាំងពីសម័យសូវៀត ត្រូវបានកំណត់ថានឹងបិទនៅចុងឆ្នាំ២០២៤ ខណៈដែលកិច្ចព្រមព្រៀងឆ្លងកាត់រយៈពេល៥ឆ្នាំរវាងរុស្ស៊ី និងអ៊ុយក្រែននឹងផុតកំណត់។ ទិន្នន័យពីប្រតិបត្តិករដឹកជញ្ជូនឧស្ម័នរបស់អ៊ុយក្រែនបានបង្ហាញថា រុស្ស៊ីមិនបានស្នើសុំរំហូរឧស្ម័នណាមួយសម្រាប់ថ្ងៃទី១ មករាឆ្នាំ២០២៥ ទេ។
យ៉ាងណា នេះមិនមែនជាដំណឹងអាក្រក់ខ្លាំងសម្រាប់សហភាពអឺរ៉ុបនោះឡើយ ដោយហេតុថាប្លុកនេះបានកាត់បន្ថយការពឹងផ្អែកយ៉ាងខ្លាំងទៅលើឧស្ម័នរុស្ស៊ីបន្ទាប់ពីការផ្ទុះសង្រ្គាមនៅអ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ២០២២ ដោយស្វែងរកប្រភពឧស្ម័នជំនួស។ អ្នកទិញឧស្ម័នរុស្ស៊ីដែលនៅសេសសល់ ដូចជាស្លូវ៉ាគី និងអូទ្រីស ក៏បានរៀបចំការផ្គត់ផ្គង់ជំនួស ហើយអ្នកវិភាគបានព្យាករណ៍ពីផលប៉ះពាល់ទីផ្សារតិចតួចពីការបញ្ឈប់ប្រតិបត្តិការនេះ។
ការបញ្ឈប់រំហូរឧស្ម័ននឹងផ្តល់ប្រយោជន៍ភូមិសាស្ត្រនយោបាយកាន់តែធំសម្រាប់់សហភាពអឺរ៉ុប។ រដ្ឋធានីមូស្គូបានបាត់បង់ចំណែកសំខាន់នៃការផ្គត់ផ្គង់ឧស្ម័នដល់ប្រទេសក្នុងសហភាពអឺរ៉ុប រហូតដល់គូប្រជែងដូចជាសហរដ្ឋអាម៉េរិក កាតា និងន័រវេស ចាប់តាំងពីយក្សនុយក្លេអ៊ែរនេះបានឈ្លានពានអ៊ុយក្រែន ដែលបានជំរុញឱ្យសហភាពអឺរ៉ុបកាត់បន្ថយការពឹងផ្អែកលើឧស្ម័នរបស់រុស្ស៊ី។
នៅពេលដែលក្រុមហ៊ុននាំចេញឧស្ម័នដ៏ធំបំផុតរបស់ពិភពលោក ពោលគឺក្រុមហ៊ុន Gazprom បានកត់ត្រាការខាតបង់ចំនួន ៧ពាន់លានដុល្លារក្នុងឆ្នាំ២០២៣ ដែលជាការខាតបង់ប្រចាំឆ្នាំលើកដំបូងរបស់ខ្លួនចាប់តាំងពីឆ្នាំ១៩៩៩។ សម្រាប់់ទ្វីបអឺរ៉ុប ការបាត់បង់ការផ្គត់ផ្គង់ឧស្ម័នរបស់រុស្ស៊ីដែលមានតម្លៃថោក បានរួមចំណែកដល់ការធ្លាក់ចុះសេដ្ឋកិច្ចដ៏សំខាន់ ការកើនឡើងនៃអតិផរណា និងការកើនឡើងនៃវិបត្តិតម្លៃរស់នៅ។ ខណៈពេលដែលអឺរ៉ុបអាចស្វែងរកប្រភពថាមពលជំនួសបានយ៉ាងឆាប់រហ័ស ការបាត់បង់ឧស្ម័នរបស់រុស្ស៊ីបានធ្វើឱ្យមានការព្រួយបារម្ភយូរអង្វែងអំពីការធ្លាក់ចុះនៃការប្រកួតប្រជែងជាសកលរបស់ខ្លួន និងជាពិសេសអំពីអនាគតឧស្សាហកម្មរបស់ប្រទេសអាល្លឺម៉ង់។ ការគណនារបស់ Bloomberg បានបង្ហាញថា សម្រាប់ប្រទេសរុស្ស៊ី ការបាត់បង់ផ្លូវបំពង់បង្ហូរឧស្ម័នមួយក្នុងចំណោមផ្លូវពីរដែលនៅសេសសល់ទៅកាន់អឺរ៉ុបនឹងកាត់បន្ថយប្រាក់ចំណូលប្រហែល៦ ពាន់លានដុល្លារក្នុងមួយឆ្នាំ៕