លោក Mark Zuckerberg លក់ភាគហ៊ុនក្រុមហ៊ុនយក្សរបស់ខ្លួន ដែលមានតម្លៃរហូតដល់ ២ពាន់លានដុល្លារពេញមួយឆ្នាំ២០២៤
បរទេស៖ នាយកប្រតិបត្តិ (CEO) ក្រុមហ៊ុន Meta Platform លោក Mark Zuckerberg បានលក់ភាគហ៊ុនក្រុមហ៊ុនយក្សរបស់ខ្លួនដែលមានតម្លៃរហូតដល់ ២ពាន់លានដុល្លារពេញមួយឆ្នាំ២០២៤ ដោយបានបំបែកកំណត់ត្រាភាគហ៊ុនគួរឱ្យកត់សម្គាល់។ នេះបើយោងតាមការចេញផ្សាយដោយ yahoo finance នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥។
តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនយក្ស Meta បានកើនឡើងជាង ៧០ភាគរយនៅក្នុងឆ្នាំ២០២៤ ដោយបានឈានដល់កម្រិតខ្ពស់បំផុតជាប្រវត្តិសាស្រ្ត ៥៨៨.៨៨ដុល្លារក្នុងមួយហ៊ុន ដែលជំរុញឱ្យតម្លៃទីផ្សាររបស់ក្រុមហ៊ុននេះកើនដល់ ១.៤៩ពាន់ពាន់លានដុល្លារ។
ប្រភពបានឱ្យដឹងថា ការលក់ភាគហ៊ុនរបស់លោក Zuckerberg គឺជាផ្នែកមួយនៃផែនការជួញដូរច្បាប់ 10b5-1 ដែលមហាសេដ្ឋីរូបនេះបានបង្កើតឡើងក្នុងខែសីហា ឆ្នាំ២០២៤ ដែលអនុញ្ញាតឱ្យលោកលក់ភាគហ៊ុនជាប្រព័ន្ធដោយមិនមានរូបរាងនៃការជួញដូរខាងក្នុង។ នៅក្រោមផែនការនេះ លោក Zuckerberg ត្រូវបានអនុញ្ញាតឱ្យលក់ភាគហ៊ុន Class A រហូតដល់ ៥.៦លានហ៊ុន និងភាគហ៊ុន Class B ចំនួន ១.៧ លានហ៊ុន។ បើទោះបីជាមានការលក់ភាគហ៊ុនដ៏ច្រើនបែបនេះក៏ដោយ លោក Zuckerberg នៅតែរក្សាតំណែង Class B ដដែល ដោយទទួលបានការបោះឆ្នោតច្រើនជាងគេ ១០សំឡេងក្នុងមួយហ៊ុន ច្រើនជាងបើធៀបនឹង Class A។
គួរជម្រាបថា ការកើនឡើងទាំងនេះ គឺបានមកពីដំណើរការខ្លាំងនៃ AI រួមទាំងផលិតផលថ្មីដូចជាវ៉ែនតា augmented reality ដែលមានឈ្មោះផ្លូវការថា «Metamate»។ យ៉ាងណាមិញ ក្រៅតែពីដំណើរការហិរញ្ញវត្ថុរបស់ខ្លួន ក្រុមហ៊ុន Meta ក៏ត្រូវបានគេរាយការណ៍ថា គ្រោងនឹងចាប់ផ្តើមគម្រោងថ្មីៗផ្សេងទៀតក្នុងគោលបំណងបញ្ជាក់ពីភាពជាអ្នកដឹកនាំរបស់ខ្លួនក្នុងវិស័យបច្ចេកវិទ្យាផងដែរ៕