ក្រុមរដ្ឋឥស្លាម អះអាងទទួលខុសត្រូវចំពោះការវាយប្រហារលើមូលដ្ឋានយោធាតំបន់ Puntland របស់ប្រទេសសូម៉ាលី
ភ្នំពេញ៖ កាលពីថ្ងៃពុធ ម្សិលមិញនេះ ក្រុមរដ្ឋអ៊ីស្លាម បានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារលើមូលដ្ឋានយោធាតំបន់ Puntland ភាគឦសាននៃប្រទេសសូម៉ាលីកាលពីថ្ងៃអង្គារ ដែលក្រុមនេះបានបង្ហោះនៅលើបណ្តាញតេឡេក្រាមរបស់ខ្លួន។
នៅក្នុងសេចក្តីថ្លែងការណ៍ ក្រុមរដ្ឋអ៊ីស្លាមបានឲ្យដឹងថា ការវាយប្រហារនេះធ្វើឡើងដោយក្រុមសកម្មប្រយុទ្ធចំនួន ១២នាក់ និងរថយន្តបង្កប់គ្រឿងផ្ទុះ ២គ្រឿង ដោយបន្ថែមថា បានសម្លាប់បុគ្គលិកយោធាប្រហែល ២២នាក់របស់កងកម្លាំងតំបន់ Puntland និងបង្ករបួសដល់រាប់សិបនាក់ផ្សេងទៀត។
ដោយឡែកអាជ្ញាធរសូម៉ាលីមិនអាចទាក់ទងភ្លាមៗដើម្បីសុំការអត្ថាធិប្បាយបានទេ។
កាលពីថ្ងៃអង្គារ កងកម្លាំងសន្តិសុខនៅក្នុងប្រទេសសូម៉ាលី បានបញ្ជាក់ថា ពួកគេបានទប់ទបល់នឹងការវាយប្រហារដោយការបំផ្ទុះគ្រាប់បែកអត្តឃាតក្រុមរដ្ឋឥស្លាមនៅលើមូលដ្ឋានយោធាតំបន់ Puntland នេះបើយោងតាមការផ្សាយរបស់រដ្ឋាភិបាលក្នុងតំបន់ និងមន្ត្រីយោធាម្នាក់។
លោកអនុសេនីយ៍ត្រី Yusuf Mohamed បម្រើការងារនៅក្នុងកងកម្លាំងប្រឆាំងភេរវកម្មតំបន់ Puntland បានប្រាប់ សារព័ត៌មានរ៉យទ័រកាលពីថ្ងៃអង្គារថា អ្នកបំផ្ទុះគ្រាប់បែកអត្តឃាតចំនួន ០៩នាក់ត្រូវបានសម្លាប់ និងទាហានជាច្រើននាក់បានរងរបួសនៅជិតទីប្រជុំជន Dharjaale ក្នុងតំបន់ Bari។