ច្បាប់ស្ដីពីហិរញ្ញវត្ថុឆ្នាំ២០២៥ រាជរដ្ឋាភិបាលកម្ពុជា អាចខ្ចីប្រាក់ពីគេក្នុងកម្រិត២ ០០០ ០០០ ០០០ SDR
ភ្នំពេញ៖ ច្បាប់ស្ដីពីហិរញ្ញវត្ថុម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥ ដែលបានឡាយព្រះហស្តលេខាដោយអង្គព្រះមហាក្សត្រ ប្រកាសឱ្យប្រើប្រាស់កាលពីពេលថ្មីៗនេះ បានអនុម័តយល់ព្រមឱ្យរាជរដ្ឋាភិបាលកម្ពុជា ខ្ចីប្រាក់ពីគេក្នុងកម្រិត២ ០០០ ០០០ ០០០ SDR (ពីរប៊ីលានអេសឌីអ)។ ការខ្ចីប្រាក់ពីគេដែលត្រូវចុះកិច្ចសន្យាក្នុងកម្រិតខាងលើនេះទៀតសោត ត្រូវមានលក្ខណៈជាកម្ចីសម្បទាន ដែលត្រូវសងវិញជាមួយការប្រាក់អនុគ្រោះ។
យោងតាមជំពូកទី២ មាត្រា៦ នៃច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥ បានឱ្យដឹងថា នៅក្នុងលក្ខខណ្ឌនេះ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាអ្នកមានសិទ្ធិស្របច្បាប់តែមួយគត់ តាមការប្រទានសិទ្ធិជាលាយលក្ខណ៍អក្សររបស់នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការចុះហត្ថលេខាលើការខ្វីប្រាក់ពីគេ សម្រាប់ហិរញ្ញប្បទានគម្រោងវិនិយោគសាធារណៈ និងគាំទ្រមូលនិធិទ្រទ្រង់ថវិកា ជាគុណប្រយោជន៍នៃថវិកាទូទៅរបស់រដ្ឋ ឬលើការធានារបស់រដ្ឋ ហើយត្រូវធ្វើរបាយការណ៍ ស្ដីពីការអនុវត្តនៃការខ្ចីប្រាក់ពីគេ និងការធានានេះ ជូនរដ្ឋសភា និងព្រឹទ្ធសភារៀងរាល់៦ខែម្ដង។
គួរកត់សម្គាល់ថា ការអនុម័តយល់ព្រមឱ្យរាជរដ្ឋាភិបាលខ្ចីប្រាក់ពីគេក្នុងកម្រិត ពីរប៊ីលានអេសឌីអ ក្នុងឆ្នាំ២០២៥នេះ គឺមានការកើនឡើងជាងឆ្នាំ២០២៤ ដែលមានចំនួនត្រឹមតែ១ ៧០០ ០០០ ០០០ (មួយប៊ីលានប្រាំពីររយលានអេសឌីអ)ប៉ុណ្ណោះ៕