កម្មករបរទេសប្រហែល២៤០០០នាក់ បានចាកចេញពីប្រទេសហ្វីលីពីន បន្ទាប់ពីកាស៊ីណូអនឡាញបិទទ្វារ
ម៉ានីល៖ យោងតាមរបាយការណ៍កាសែត Nikkei Asia កម្មករបរទេសប្រហែល២៤០០០នាក់ បានចាកចេញពីប្រទេសហ្វីលីពីន បន្ទាប់ពីកាស៊ីណូអនឡាញ ដែលភាគច្រើនបម្រើការដល់អតិថិជននៅក្រៅប្រទេសបានបិទទ្វារ។
ការិយាល័យអន្តោប្រវេសន៍បានប្រាប់បុគ្គលិកបរទេស ដែលរងផលប៉ះពាល់ដោយការហាមប្រាមនេះ ឱ្យចាកចេញពីប្រទេស។ រដ្ឋាភិបាលហ្វីលីពីន កាលពីខែកក្កដាបានបញ្ជាឱ្យប្រតិបត្តិករកាស៊ីណូអនឡាញទាំងអស់បិទនៅចុងឆ្នាំ ចំពេលមានការរិះគន់ថា ឧស្សាហកម្មនេះត្រូវបានផ្សារភ្ជាប់ទៅនឹងសកម្មភាពឧក្រិដ្ឋកម្ម។ មជ្ឈមណ្ឌលដ៏ធំបំផុតរបស់ប្រទេសសម្រាប់ប្រតិបត្តិករលេងល្បែងអនឡាញ កោះខូវ ក្នុងខេត្តកាវីតេ Cavite ត្រូវបានបិទកាលពីថ្ងៃទី១៧ ខែធ្នូ។ មជ្ឈមណ្ឌលពាណិជ្ជកម្មទំហំ៣៣ហិកតានេះ បានផ្តល់ការងារដល់កម្មកររហូតដល់៣ម៉ឺននាក់។
គួររំឭកថា ប្រតិបត្តិករហ្គេមអនឡាញ ត្រូវបានផ្តល់អាជ្ញាបណ្ណក្នុងឆ្នាំ២០១៦ ក្នុងអំឡុងពេលនៃការគ្រប់គ្រងរបស់លោកប្រធានាធិបតី រ៉ូឌ្រីហ្គូ ឌូតឺតេ នាពេលនោះ។ កាស៊ីណូទាំងនេះ ផ្តោតជាចម្បងទៅលើអតិថិជនជនជាតិចិន ក៏បានទាក់ទាញកម្មករចិនមួយចំនួនធំមកកាន់ប្រទេសនេះផងដែរ។
ទន្ទឹមគ្នានោះ ទីភ្នាក់ងារសារព័ត៌មានរ៉យទ័របានរាយការណ៍ថា នៅកម្រិតកំពូលនៃប្រតិបត្តិការ មានប្រតិបត្តិករចំនួន៣០០នាក់កំពុងបម្រើការងារ ប៉ុន្តែជំងឺរាតត្បាតកូវីដ-១៩ និងច្បាប់ពន្ធកាន់តែតឹងរ៉ឹង បានបង្ខំប្រតិបត្តិករជាច្រើនផ្លាស់ប្ដូរទីតាំង ឬបើកនៅក្រោមដី។
គិតត្រឹមខែកក្កដា មានតែក្រុមហ៊ុនចំនួន៤២ប៉ុណ្ណោះដែលដំណើរការដោយមានអាជ្ញាបណ្ណ ផ្តល់ការងារដោយផ្ទាល់ និងដោយប្រយោលដល់ពលករហ្វីលីពីន និងពលករបរទេសប្រហែល៦៣០០០នាក់។
យោងតាមទិន្នន័យរបស់រដ្ឋាភិបាល ប្រាក់ចំណូលរបស់ឧស្សាហកម្មល្បែងស៊ីសងរបស់ប្រទេសហ្វីលីពីន ត្រូវបានគេព្យាករថា នឹងឈានដល់កំណត់ត្រាច្រើនជាង៦,០៣ពាន់លានដុល្លារនៅឆ្នាំនេះ ដែលជំរុញដោយកំណើននៅក្នុងវិស័យហ្គេមអេឡិចត្រូនិក៕