អាជ្ញាធរប៉ាឡេស្ទីន ផ្អាកការផ្សាយរបស់ទូរទស្សន៍កាតា Al Jazeera ជាបណ្តោះអាសន្ន ដោយលើកឡើងថា មានការផ្សព្វផ្សាយបែបញុះញង់
គែរ៖ បើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២ ខែមករា ឆ្នាំ២០២៤ ប្រព័ន្ធផ្សព្វផ្សាយប៉ាឡេស្ទីន WAFA បានរាយការណ៍កាលពីថ្ងៃពុធសប្តាហ៍នេះថា អាជ្ញាធរប៉ាឡេស្ទីន បានផ្អាកការផ្សាយរបស់ទូរទស្សន៍កាតា Al Jazeera ជាបណ្តោះអាសន្ន នៅក្នុងដែនដីរបស់ខ្លួន ដោយលើកឡើងថា មានការផ្សព្វផ្សាយបែបញុះញង់។
កាលពីសប្តាហ៍មុន អាជ្ញាធរប៉ាឡេស្ទីន បានរិះគន់ Al Jazeera ជុំវិញសេចក្តីរាយកាណ៍ការ អំពីប្រឈមមុខដាក់គ្នាមួយសប្តាហ៍ រវាងកងកម្លាំងសន្តិសុខប៉ាឡេស្ទីន ជាមួយក្រុមសក ម្មប្រយុទ្ធ នៅជំរំក្នុងទីក្រុង Jenin នៃតំបន់ West Bank។ ដោយមិនលម្អិត WAFA រាយការណ៍ថា រដ្ឋមន្ត្រីក្រសួងវប្បធម៌ ក្រសួងមហាផ្ទៃ និងក្រសួងទំនាក់ទំនង បានធ្វើការសម្រេចចិត្តរួមគ្នា ពីព្រោះប៉ុស្តិ៍ផ្សាយព័ត៌មាននេះ «បោកបញ្ឆោត និងបង្កជម្លោះ»។ បទបញ្ជាឱ្យផ្អាកបណ្តោះអាសន្ននេះ មិនបានកំណត់ពេលបញ្ចប់ទេ។
Al Jazeera ចាត់ទុកការសម្រេចចិត្តនេះ ថាជាការប៉ុនប៉ងដើម្បីបង្អាក់សេចក្តីការរាយការណ៍ ពីសកម្មភាពនៅ West Bank ហើយអំពាវនាវឱ្យអាជ្ញាធរប៉ាឡេស្ទីន លុបចោលវិញ និងអនុញ្ញាតឱ្យអ្នកសារព័ត៌មានរបស់ខ្លួន រាយការណ៍ដោយសេរីពីតំបន់ West Bank ដោយគ្មានការបំភិតបំភ័យ៕