ការវិនិយោគបៃតងនៅក្នុងវិស័យបរិស្ថានកំពុងទទួលបានការចាប់អារម្មណ៍ពីវិនិយោគិនអន្តរជាតិ
ភ្នំពេញ៖ នៅទីស្តីការក្រសួងបរិស្ថាន នារសៀលថ្ងៃទី២ ខែមករា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានទទួលជួបសម្តែងការគួរសមជាមួយលោក 999999(Simon Chen) អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន ADATA Technology Co., Ltd. និងសហការី។
ក្នុងជំនួបសម្តែងការគួរសមនេះ ឯកឧត្តមរដ្ឋមន្ត្រីបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះក្រុមហ៊ុន ADATA Technology ដែលបានចាប់អារម្មណ៍ចំពោះការវិនិយោគបៃតង (Caborn Credit) នៅកម្ពុជា តាមរយៈការបង្កើតឱ្យមានរោងចក្ររថយន្តអគ្គីសនី (Electric vehicle) ដែលជាយានជំនិះប្រើដោយម៉ូទ័រអគ្គិសនី និងថ្មជំនួសឱ្យការប្រើម៉ាស៊ីនចំហេះខាងក្នុងដូចជាការប្រើសាំង ជាមួយគ្នានេះ EV ជាបច្ចេកវិទ្យាដ៏សំខាន់សម្រាប់កាត់បន្ថយការបំភាយឧស្ម័នពីការដឹកជញ្ជូនតាមផ្លូវគោក ដែលមានចំនួនជាង ១៥% នៃការបំភាយឧស្ម័នដែលទាក់ទងនឹងថាមពលសកល។
ឯកឧត្តមរដ្ឋមន្រ្តី ក៏បានគូសបញ្ជាក់បន្ថែមទៀតថា ការបង្កភាពងាយស្រួលដល់វិនិយោគិនទាំងអស់ចំពោះការវិនិយោគបៃតង (Caborn Credit) នៅកម្ពុជា គឺបានអនុលោមទៅតាមវិធានប្រតិបត្តិសម្រាប់មាត្រា៦នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីការប្រែប្រួលអាកាសធាតុនៅកម្ពុជា ហើយក្រុមហ៊ុនចាំបាច់ត្រូវអនុវត្តទៅតាមមាត្រានៃកិច្ចព្រមព្រៀងនេះ ដើម្បីទទួលបានផលចំណេញទៅក្រុមហ៊ុនផង ហើយកម្ពុជាក៏ទទួលបានបរិស្ថានល្អមានអព្យាក្រឹតកាបូន ឈានឆ្ពោះទៅជំរុញកំណើនសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជានៅគ្រប់កម្រិត។
សូមជម្រាបជូនថា ក្រុមហ៊ុន ADATA Technology Co., Ltd. បានជួបសម្តែងការគួរសមជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) និងពិនិត្យលទ្ធភាពនៃការវិនិយោគនៅកម្ពុជា រួចមកហើយកាលពីខែកក្កដា ឆ្នាំ២០២៤ ជាមួយនិងផែនការវិនិយោគ ១០០លានដុល្លារ នៅឆ្នាំ២០២៤ ដល់ឆ្នាំ២០២៧ តាមរយៈការកសាងរោងចក្រកែច្នៃអេឡិចត្រូនិច និងសួនឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់នៅកម្ពុជា ៕