មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ ណែនាំដល់មន្រ្តីក្រោមឱវាទកុំឱ្យយកខ្លួនទៅពាក់ព័ន្ធនិងបទល្មើសគ្រប់ប្រភេទ
ភ្នំពេញ៖ ថ្លែងក្នុងពិធីប្រកាសចូលកាន់មុខតំណែង មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថស្រុកអង្គរបូរីថ្មី នារសៀលថ្ងៃទី២ ខែមករា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ បានធ្វើការដាស់តឿនដល់មន្រ្តីអាវុធហត្ថទាំងអស់ ត្រូវបំពេញភារកិច្ចរបស់ខ្លួនឱ្យចំគោលដៅ ដោយក្នុងនោះត្រូវចូលរួមទប់ស្កាត់រាល់បទល្មើសនានា កុំឱ្យកើតមានឡើងដើម្បីធ្វើយ៉ាងណារក្សាសន្តិសុខជូនបងប្អូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ។
លោកឧត្តមសេនីយ៍ត្រី សេង មហា បានមានប្រសាសន៍បន្តថា សមត្ថកិច្ចកងរាជអាវុធហត្ថ ត្រូវតែចូលរួមធ្វើសកម្មភាពឱ្យបានខ្លាំងក្លាក្នុងបង្រ្កាបក្រុមចោរលួច ចោរប្លន់ ក្រុមអ្នកប្រើប្រាស់ ចែកចាយគ្រឿងញៀន បង្រ្កាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ដែលល្បែងនេះនាំឱ្យមានបញ្ហាអសន្តិសុខក្នុងសង្គម។ តាមរយៈសកម្មភាពរបស់កងរាជអាវុធហត្ថ វានិងនាំឱ្យភូមិឃុំរបស់បងប្អូនប្រជាពលរដ្ឋក្លាយជាភូមិឃុំមានសុវត្ថិភាព គ្មានបងតូចបងធំ គ្មានការប្រើប្រាស់គ្រឿងញៀន ជាពិសេសវានិងនាំឱ្យបងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន គ្មានការព្រួយបារម្ភរឿងសន្តិសុខសុវត្ថិភាពនោះទេ។
នៅក្នុងឱកាសនោះ លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ ក៏បានណែនាំដល់មន្រ្តីអាវុធហត្ថទាំងអស់ ត្រូវធ្វើយ៉ាងណាកុំយកខ្លួនទៅពាក់ព័ន្ធនិងអំពើខុសច្បាប់ឱ្យសោះ ដូចជាទៅកាងឱ្យអ្នករកស៊ីបើកល្បែងខុសច្បាប់ ឬអ្នករកស៊ីគ្រឿងញៀន ដែលទង្វើទាំងអស់នេះជាទង្វើខុសច្បាប់ ហើយប្រសិនបើមានមន្រ្តីណាម្នាក់ប្រព្រឹត្តខុសច្បាប់ ត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់ដោយគ្មានការលើកលែងនោះទេ។
សូមជម្រាបជូនដែរថា លោកវរសេនីយ៍ត្រី ស៊ូ ពិសិដ្ឋ តែងតាំងជាមេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថ ស្រុកអង្គរបូរី ជំនួស លោកវរសេនីយ៍ឯក ម៉ៅ ញឹម ត្រូវបានចូលនិវត្តន៍ ៕