លោកជំទាវ ប៉ាង ដានី ផ្តល់អនុសាសន៍សំខាន់ៗ ៨ចំណុច ដើម្បីឱ្យវិស័យអប់រំនៅខេត្តកំពង់ចាម មានការរីកចម្រើន
ភ្នំពេញ៖ ក្នុងឱកាស អញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំ បូកសរុបលទ្ធផលការងារអប់រំ យុវជន និងកីឡាប្រចាំខែធ្នូ ឆ្នាំ២០២៤ និងលើកទិសដៅសម្រាប់អនុវត្តបន្ត ខែមករា ឆ្នាំ២០២៥ នៅមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៥ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត បានផ្តល់អនុសាសន៍សំខាន់ៗ ៨ចំណុច ដើម្បីឱ្យវិស័យអប់រំនៅខេត្តកំពង់ចាម មានការរីកចម្រើន ។
លោកជំទាវ ប៉ាង ដានី មានប្រសាសន៍ថា ដើម្បីឱ្យវិស័យអប់រំនៅខេត្តកំពង់ចាម មានការរីកចម្រើន ត្រូវមានយុទ្ធសាស្រ្ត និងការអនុវត្តដែលផ្ដោតសំខាន់ៗដូចខាងក្រោម៖
១.ការពង្រឹងគុណភាពគ្រូបង្រៀន
២.ការពង្រឹងការអនុវត្តកម្មវិធីសិក្សា
៣.ការផ្ដល់ភាពស្មើភាពក្នុងការចូលរួមអនុវត្តក្នុងសាលារៀន ៤.ការយកចិត្តទុកដាក់លើសេវាកម្មបរិក្ខារ
៥.ការបង្កើតកិច្ចសហប្រតិបត្តិការជាមួយអង្គភាពពាក់ព័ន្ឋ និងអាជ្ញាធរ
៦.ការលើកទឹកចិត្តលោកគ្រូ អ្នកគ្រូស្រាវជ្រាវ និងបង្កើតភាពច្នៃប្រឌិត
៧.ការអប់រំតម្លៃសីលធម៌ និងការចូលរួមក្នុងសង្គម ។
បើតាមរបាយការណ៍របស់ លោក លី ម៉េងសាន ប្រធាន មន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ចាម បានឲ្យដឹងថា វិស័យអប់រំ ក្នុងឆ្នាំសិក្សា២០២៤-២០២៥នេះ មានគ្រឹះស្ថានសិក្សាសរុបចំនួន ៨៩២កន្លែង ក្នុងនោះ មត្ដេយ្យដាច់ ដោយឡែក ចំនួន៦កន្លែង មត្ដេយ្យក្នុងបឋមចំនួន ២៩០កន្លែង មត្ដេយ្យសិក្សាសហគមន៍ចំនួន ១៦៥កន្លែង និងមេត្តេយ្យឯកជនចំនួន១៧ កន្លែង សាលាបឋមសិក្សាសរុបចំនួន ៤១០សាលាអនុវិទ្យាល័យ ៨១កន្លែង និងវិទ្យាល័យ ៤៣កន្លែងផងដែរ ៕