ឯកឧត្តម សួស ប្រាថ្នា ដឹកនាំកិច្ចប្រជុំនៃអង្គភាពគ្រប់គ្រងគម្រោងពង្រឹងប្រព័ន្ធជាតិសម្រាប់ទប់ស្កាត់ និងដោះស្រាយចំពោះអំពើហិង្សាយេនឌ័រនៅកម្ពុជាក្នុងក្របខ័ណ្ឌក្រសួងមហាផ្ទៃ
ភ្នំពេញ៖ នាព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០២៥នេះ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ និងជានាយកគម្រោង បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំដំបូង នៃអង្គភាពគ្រប់គ្រងគម្រោងពង្រឹងប្រព័ន្ធជាតិសម្រាប់ទប់ស្កាត់ និងដោះស្រាយចំពោះអំពើហិង្សាយេនឌ័រនៅព្រះរាជាណាចក្រកម្ពុជាក្នុងក្របខ័ណ្ឌក្រសួងមហាផ្ទៃ នៅទីស្ដីការក្រសួងមហាផ្ទៃ។
កិច្ចប្រជុំនេះដែរក៏មានការចូលរួមពីលោក លី យ៉ាសាក់ ប្រធាននាយកដ្ឋានកិច្ចការរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ នៃអគ្គនាយកដ្ឋានរដ្ឋបាល លោក លោកស្រីតំណាងលេខាធិការដ្ឋាន គ.ជ.អ.ប អគ្គស្នងការដ្ឋាននគរបាលជាតិ និងអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថលនិងផ្សព្វផ្សាយអប់រំ ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធ។
កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីធ្វើការប្រកាសសមាសភាពក្រុមការងារ ណែនាំ និងតម្រង់ទិសដល់សមាជិក សមាជិកាក្រុមការងារនៃអង្គភាពគ្រប់គ្រងគម្រោង ដើម្បីអនុវត្តគម្រោងឱ្យមានប្រសិទ្ធភាព និងសម្រេចបានតាមផែនការរំពឹងទុក។
សូមជម្រាបជូនដែរថា អង្គភាពគ្រប់គ្រងគម្រោងពង្រឹងប្រព័ន្ធជាតិសម្រាប់ទប់ស្កាត់និងដោះស្រាយចំពោះអំពើហិង្សាយេនឌ័រនៅព្រះរាជាណាចក្រកម្ពុជាក្នុងក្របខ័ណ្ឌក្រសួងមហាផ្ទៃ ត្រូវបានឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចេញនូវសេចក្តីសម្រេចបង្កើត នៅចុងឆ្នាំ២០២៤ ៕