ប្រតិបត្តិការ បង្រ្កាបបទល្មើស ការលួចកាប់ឈើខុសច្បាប់ ក្នុងភូមិសាស្ត្រ ឃុំសៀមបូក ស្រុកសៀមបូក ខេត្តស្ទឹងត្រែង
ភ្នំពេញ៖ អនុវត្តតាមបទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃ ខភម មេបញ្ជាការកងទ័ពជើងគោក ឧត្តមសេនីយ៍ទោ លី សូរ៉ារិទ្ធ មេបញ្ជាការយោធភូមិភាគទី១ ក្នុងរយៈពេល ០៤ថ្ងៃចាប់ពីថ្ងៃទី២៩.១២.២០២៤ ដល់ ថ្ងៃទី ០១.០១.២០២៥ បានចាត់តាំង កម្លាំងចុះប្រតិបត្តិការ ទប់ស្កាត់ និងបង្រ្កាបបទល្មើស ការកាប់ឈើ ខុសច្បាប់ ក្នុងភូមិសាស្ត្រ ឃុំសៀមបូក ស្រុកសៀមបូក ខេត្តស្ទឹងត្រែង ។
កម្លាំងប្រតិបត្តិការដែល ដឹកនាំដោយ លោកវរសេនីយ៍ឯក ហួត សុក្រា នាយសេនាធការរងយោធភូមិភាគទី១ សហការជាមួយកម្លាំងតំបន់ ប្រតិបត្តិការ សឹករង ស្ទឹងត្រែងដឹកនាំដោយវរសេនីយ៍ទោ ជិន ហេង នាយសេនាធិការរង តំបន់ប្រតិបត្តិការ សឹករងស្ទឹងត្រែង និង កម្លាំងមន្ត្រី បរិស្ថាន ដែនជម្រកសត្វព្រៃ ព្រៃឡង់ ចំនួន១៣នាក់ ដឹកនាំដោយ លោក គាន គឹមសាន ប្រធានស្នាក់ការរងអន្លង់ជ្រៃ បានធ្វើការល្បាតរុករក ក្នុងភូមិសាស្ត្រឃុំសៀមបូក ស្រុកសៀមបូក ខេត្តស្ទឹងត្រែង យ៉ាងយកចិត្តទុកដាក បំផុតដោយ ទទួលបានលទ្ធផលជាបន្តបន្ទាប់គួរឲ្យកត់សំគាល់។
ជាលទ្ធផល នៃកិច្ច ប្រតិបត្តិការយើងបាន៖
១. ប្រទះឃើញឈើប្រភេទឈើដួងចែម ដែលត្រូវបានកាត់គល់ផ្ដួលរំលំ ចំនួន៣៥គល់ ឈើអារជ្រៀករួច(ក្ដារ) ចំនួន២៨៥សន្លឹក ស្មើនិង ចំនួន០៩ម៉ែត្រគូប ។
២. ដកហូតគោយន្តកន្ត្រៃសណ្តោងរឺម៉ក ចំនួន ៣គ្រឿង និងរណាយន្តចំនួន ១គ្រឿង ។ បច្ចុប្បន្នវត្ថុតាងបទល្មើស ត្រូវបានយកមករក្សាទុក ក្នុងទីបញ្ជាការតំបន់ ប្រតិបត្តិការ សឹករងស្ទឹងត្រែង ដើម្បីបញ្ជូនទៅស្ថាប័ន មានសមត្ថកិច្ចចាត់ ការបន្ត តាមផ្លូវច្បាប់ ៕