ព្រះរាជវត្តមានយាងស្វាគមន៍ឆ្លងឆ្នាំថ្មីរបស់ព្រះចៅអធិរាជជប៉ុននិងអធិរាជនីនៅខាងមុខព្រះរាជវាំងជាសាធារណៈ ក្រោយខកខាន៣ឆ្នាំ
ព្រះរាជវត្តមានយាងស្វាគមន៍ឆ្លងឆ្នាំថ្មីរបស់ព្រះចៅអធិរាជជប៉ុននិងអធិរាជនីនៅខាងមុខព្រះរាជវាំងជាសាធារណៈ ក្រោយខកខាន៣ឆ្នាំដោយសារមេរោគរាតត្បាត និងគ្រោះរញ្ជួយដីដើមឆ្នាំ២០២៣
ព្រះចៅអធិរាជជប៉ុន Naruhito និងព្រះរាជវង្សានុវង្សរបស់ព្រះអង្គបានយាងមកស្វាគមន៍ពលរដ្ឋដែលបានចូលរួមជូនពរឆ្នាំថ្មី នៃពិធីជួបជុំគ្នានៅខាងមុខព្រះរាជវាំងក្នុងទីក្រុងតូក្យូកាលពីព្រឹកថ្ងៃព្រហស្បតិ៍។ នៅពេលសមាជិកព្រះចៅអធិរាជយាងចេញមកខាងក្រៅ ប្រជាជនជប៉ុនខ្លះបានស្រែកថា “Banzai” ដែលមានន័យថា “សូមទ្រង់មានព្រះជន្មយ៉ឺនយូរៗ” ខណៈពេលដែលអ្នកផ្សេងទៀតគ្រវីទង់ជាតិជប៉ុនដែលបត់ជាក្រដាសតូចៗ។
ព្រះចៅអធិរាជជប៉ុន Naruhito មានព្រះរាជបន្ទូលក្នុងសុន្ទរកថារបស់ព្រះអង្គផ្តោតសំខាន់ទៅលើគ្រោះរញ្ជួយដីនៅ Noto Peninsula ដែលបានវាយប្រហារកាលពីដើមឆ្នាំមុន មកជាមួយនឹងទឹកជំនន់ និងគ្រោះមហន្តរាយធម្មជាតិផ្សេងទៀតថា “ខ្ញុំយល់អារម្មណ៍បងប្អូនទាំងអស់គ្នាថានៅរងទុក្ខសោកខ្លាំងចំពោះសោកនាដកម្មនោះ” ។
កាលពីដើមឆ្នាំមុនព្រះរាជវត្តមានរបស់ព្រះចៅអធិរាជជប៉ុនដើម្បីស្វាគមន៍ឆ្នាំថ្មី២០២៣ត្រូវបានលុបចោលនៅនាទីចុងក្រោយ ដោយសារតែមានគ្រោះរញ្ជួយដីដ៏ខ្លាំងក្លានៅតំបន់ Noto ដោយបានសម្លាប់មនុស្សរាប់រយនាក់។ ហើយកាលពីឆ្នាំ ២០២១ និងឆ្នាំ២០២២ ព្រះរាជវត្តមានរបស់ព្រះចៅអធិរាជដែលគ្រោងយាងសួរសុខទុក្ខក្នុងថ្ងៃចូលឆ្នាំថ្មីនៅតាមតំបន់នានាក៏ត្រូវលុបចោលដែរ ដោយសារតែជំងឺរាតត្បាតនៃមេរោគកូវីដ១៩ជាសកល ហើយសកម្មភាពយាងសួរសុខទុក្ខឆ្នាំថ្មីនេះ គឺជាទម្លាប់ធម្មតាសម្រាប់ព្រះរាជវាំងរបស់ព្រះចៅអធិរាជជប៉ុនដែរ។ មិនតែប៉ុណ្ណោះព្រះចៅអធិរាជជប៉ុន Naruhito បានយាងបួងសួងថ្ងៃចូលឆ្នាំសម្រាប់ផ្តល់សុភមង្គលដល់មនុស្សទាំងអស់នៅក្នុងប្រទេសរបស់ព្រះអង្គ រួមជាមួយនឹងព្រះអធិរាជនី Masako ផងដែរ ។
នៅយ៉រខាងមុខនៃព្រះរាជវាំងគេក៏បានសង្កេតឃើញអតីតព្រះចៅអធិរាជ Emeritus Akihito ដែលព្រះអង្គបានដាក់រាជ្យ និងជំនួសវិញដោយបុត្រារបស់ព្រះអង្គនៅឆ្នាំ២០១៩ ជាមួយនឹងអតីតព្រះអធិរាជនី គឺ Empress Emerita Michiko ក៏ដូចជាព្រះអានុជ Naruhito និងព្រះរាជវង្សរបស់ព្រះអង្គផងដែរ។
គួររំលឹកថាព្រះចៅអធិរាជជប៉ុនមិនមានអំណាចនយោបាយទេ ប៉ុន្តែព្រះអង្គគឺជានិមិត្តរូបដ៏សំខាន់បំផុតសម្រាប់ប្រទេសជប៉ុន៕