ក្រុមហ៊ុន Apple កំពុងផ្តល់ការបញ្ចុះតម្លៃដ៏កម្ររហូតដល់៥០០យ័ន ឬប្រមាណ៦៨,៥០ដុល្លារអាម៉េរិកលើម៉ូដែល iPhone ស៊េរីចុងក្រោយបំផុតរបស់ខ្លួននៅក្នុងប្រទេសចិន
ប៉េកាំង៖ ក្រុមហ៊ុន Apple កំពុងផ្តល់ការបញ្ចុះតម្លៃដ៏កម្ររហូតដល់៥០០យ័ន ឬប្រមាណ៦៨,៥០ដុល្លារអាម៉េរិកលើម៉ូដែល iPhone ស៊េរីចុងក្រោយបំផុតរបស់ខ្លួននៅក្នុងប្រទេសចិន ខណៈក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់សហរដ្ឋអាម៉េរិកមួយនេះ កំពុងជ្រែកយកចំណែកទីផ្សាររបស់ខ្លួន ប្រឆាំងនឹងការកើនឡើងនៃការប្រកួតប្រជែងកាន់តែខ្លាំងពីដៃគូក្នុងស្រុក Huawei។
ការបញ្ចុះតម្លៃរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី៤ដល់ថ្ងៃទី៧ខែមករា ត្រូវបានអនុវត្តចំពោះម៉ូដែល iPhone ជាច្រើននៅពេលទិញដោយប្រើវិធីបង់ប្រាក់ជាក់លាក់។ ទូរសព្ទ iPhone 16 Pro មានតម្លៃចាប់ផ្តើម៧៩៩៩យ័ន និង iPhone 16 Pro Max ជាមួយនឹងតម្លៃចាប់ផ្តើម៩៩៩៩យ័ន នឹងមានការបញ្ចុះតម្លៃខ្ពស់បំផុត៥០០យ័ន។
បន្ថែមលើនោះ iPhone 16 និង iPhone 16 Plus នឹងទទួលបានការបញ្ចុះតម្លៃ៤០០យ័ន។ ការបញ្ចុះតម្លៃនេះ កើតឡើងនៅពេលដែលអ្នកប្រើប្រាស់នៅតែប្រុងប្រយ័ត្នជាមួយនឹងការចំណាយចំពេលសេដ្ឋកិច្ចធ្លាក់ចុះ និងសម្ពាធបរិត្តផរណារបស់ប្រទេសចិន ដោយអតិផរណាអ្នកប្រើប្រាស់របស់ប្រទេសនេះ បានឈានដល់កម្រិតទាបរយៈពេល៥ខែ នៅក្នុងខែវិច្ឆិកា។ ក្រុមហ៊ុន Apple កំពុងប្រជែងជាមួយនឹងការធ្លាក់ចុះចំណែកទីផ្សារនៅក្នុងប្រទេសចិន ជាទីផ្សារស្មាតហ្វូនដ៏ធំបំផុតរបស់ពិភពលោក ដែលក្រុមហ៊ុនផលិតក្នុងស្រុកមានការប្រកួតប្រជែងកាន់តែខ្លាំង។
ក្រុមហ៊ុន Huawei បានលេចចេញជាគូប្រជែងដ៏រឹងមាំ ជាពិសេសចាប់តាំងពីការវិលត្រឡប់របស់ខ្លួនទៅកាន់ផ្នែកបុព្វលាភក្នុងខែសីហា ឆ្នាំ២០២៣ ជាមួយនឹងបន្ទះឈីបផលិតក្នុងស្រុក។ ក្រុមហ៊ុន Huawei បានបញ្ចុះតម្លៃឧបករណ៍ទំនើបៗជាច្រើន រួមទាំងទូរសព្ទចល័តរហូតដល់៣០០០យ័ន កាលពីចុងសប្តាហ៍ នៅលើវេទិកាពាណិជ្ជកម្មអេឡិចត្រូនិចឈានមុខគេមួយរបស់ប្រទេសចិន។
ក្រុមហ៊ុន Apple បានរអិលធ្លាក់ចេញពីបញ្ជីក្រុមហ៊ុនលក់ស្មាតហ្វូនកំពូលទាំង៥របស់ប្រទេសចិន ក្នុងរយៈពេលខ្លីនៅក្នុងត្រីមាសទី២ ឆ្នាំ២០២៤ មុនពេលងើបឡើងវិញនៅត្រីមាសទីបី។ ការលក់ស្មាតហ្វូនរបស់ក្រុមហ៊ុនអាម៉េរិកនៅក្នុងប្រទេសចិន នៅតែធ្លាក់ចុះ០,៣ភាគរយ ក្នុងអំឡុងពេលត្រីមាសទី៣ ធៀបនឹងឆ្នាំមុន ខណៈការលក់របស់ក្រុមហ៊ុន Huawei បានកើនឡើង៤២ភាគរយ។
ការបញ្ចុះតម្លៃរបស់ Apple ក៏រួមបញ្ចូលផងដែរនូវការបញ្ចុះតម្លៃពី២០០ទៅ៣០០យ័ន លើម៉ូដែល iPhone ចាស់ៗ ក៏ដូចជាប្រភេទផលិតផលផ្សេងទៀតដូចជាកុំព្យូទ័រ MacBook និងថេប្លេត iPad។ អតិថិជនត្រូវតែប្រើវិធីបង់ប្រាក់ដែលបានកំណត់រួមទាំង WeChat Pay ឬ Alipay ដើម្បីមានលក្ខណៈគ្រប់គ្រាន់សម្រាប់ការបញ្ចុះតម្លៃ៕