នគរបាលខេត្តស្វាយរៀង ឃាត់ខ្លួនអ្នកបើករថយន្តដឹកកម្មករម្នាក់ ដែលបើកវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ និងបង្កហិង្សា បញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់
ភ្នំពេញ៖ កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង ០៨:២០នាទី បន្ទាប់ពីបានមើលពីការបង្ហោះវីដេអូតាមបណ្តាញសង្គម ថាមានរថយន្តដឹកកម្មករ ១គ្រឿង ផ្លាកលេខ ភ្នំពេញ ៣D-៩៣៨៦ បានបើកបរវ៉ាជែង និងរថយន្តមួយគ្រឿងទៀត ហើយបានខឹង និងមានការឈ្លោះប្រកែក ជេរប្រមាថគ្នាទៅវិញទៅមក ព្រមទាំងទាញដំបងដែក មករកវាយគ្នា ខណៈពេលដែលកំពុងតែបើកបរនៅលើដងផ្លូវសាធារណ:។
ក្រោយពីទទួលព័ត៌មានខាងលើភ្លាមៗនោះ លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង បានដាក់បទបញ្ជាយ៉ាងម៉ឹងម៉ាត់ ចាត់អោយលោកវរសេនីយ៍ឯក អ៊ុច សារ៉ន នាយការិយាល័យចរាចរណ៍ផ្លូវគោកខេត្ត សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត ចុះស្រាវជ្រាវភ្លាមៗ។
ជាលទ្ធផលការស្រាវជ្រាវរហូតដល់ម៉ោង ១៦:១០នាទីរសៀល ថ្ងៃដដែល កម្លាំងសមត្ថកិច្ចបានរកឃើញរថយន្តសង្ស័យខាងលើ ចតទុកចោលនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន ក្រុងបាវិត។ ក្រោយពីបានរកឃើញរថយន្តហើយ កម្លាំងការិយាល័យជំនាញក៏បានធ្វើការដកហូតរថយន្តនេះមករក្សាទុក នៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកដើម្បីរងចាំម្ចាស់ចូលខ្លួនបំភ្លឺ។
លុះនៅព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ម៉ោង ០៨:៣០នាទី អ្នកបើកបររថយន្តខាងលើ បានចូលខ្លូនមកការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្ត ហើយកម្លាំងនគរបាលចរាចរណ៍បានធ្វើកំណត់ហេតុលើអ្នកបើកបររថយន្ត ដែលមានឈ្មោះ ឈៀង ចាន់រី ភេទប្រុស អាយុ ៣៦ឆ្នាំ មុខរបរបើកបរថយន្តដឹកកម្មករ មានអាស័យដ្ឋានបច្ចុប្បន្ននៅភូមិដូនលែប ឃុំគោកព្រីង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ដែលបានធ្វើសកម្មភាពបើកបរវ៉ាជែង គ្មានសណ្តាប់ធ្នាប់លើដងផ្លូវ និងប្រើហិង្សាពេលបើកបរនៅត្រង់ចំណុចលើផ្លូវជាតិលេខ១ ក្នុងភូមិដើមពោធិ៍ ឃុំស្វាយតាយាន ស្រុកកំពង់រោទិ៍ ខខេត្តស្វាយរៀង ពិតប្រាកដមែន ព្រមទាំងពុំមានប័ណ្ណបើកបរ និងមានផ្ទុកសារធាតុញៀន ទៀតផង។
បច្ចុប្បន្ន អ្នកបើកបររថយន្តខាងលើ ត្រូវបានឃាត់ខ្លួន ដើម្បីកសាងសំណុំចាត់ការតាមនីតិវិធីច្បាប់ ហើយត្រូវបានសាលាដំបូងខេត្ត ចេញដីកាឃុំខ្លួន ក្នុងពន្ធនាគាររួចហើយ ៕