ស្លាប់២នាក់ និងរបួស១៨នាក់ ក្នុងករណីយន្តហោះខ្នាតតូចមួយគ្រឿង ធ្លាក់បុកចូលក្នុងអគារពាណិជ្ជកម្ម នៅភាគខាងត្បូងរដ្ឋកាលីហ្វ័រញ៉ា
កាលីហ្វ័រញ៉ា៖ មនុស្សពីរនាក់បានស្លាប់ និង១៨នាក់ផ្សេងទៀតបានរងរបួស បន្ទាប់ពីយន្តហោះខ្នាតតូចមួយគ្រឿង បានធ្លាក់ទៅបុកចូលទៅក្នុងអគារពាណិជ្ជកម្មមួយនៅភាគខាងត្បូងរដ្ឋកាលីហ្វ័រញ៉ា។
នាយកដ្ឋានប៉ូលិស បានបង្ហោះសារនៅលើកម្មវិធី X ថា មនុស្ស១០នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដោយសារការរងរបួស ខណៈមនុស្ស៨នាក់ផ្សេងទៀតត្រូវបានគេព្យាបាលរបួសនៅកន្លែងកើតហេតុ។
យោងតាមរដ្ឋបាលអាកាសចរណ៍សហព័ន្ធ យន្តហោះ RV-10 Van បានធ្លាក់នៅម៉ោង២ៈ១៥នាទី (ម៉ោងនៅសហរដ្ឋអាម៉េរិក)។ យ៉ាងណា មន្ត្រីមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមទៀត អំពីមូលហេតុនៃការធ្លាក់យន្តហោះនេះទេ។ ទន្ទឹមគ្នានោះ មិនទាន់មានព័ត៌មានលម្អិតថា តើមនុស្សពីរនាក់ដែលបានស្លាប់ជាកម្មករ ឬជាអ្នកជិះយន្តហោះនោះទេ? សមាជិកសភា លោក លូ ខូរៀ (Lou Correa) តំណាងឱ្យតំបន់ Orange County បាននិយាយថា អគារដែលត្រូវបានវាយប្រហារគឺជាអាជីវកម្មផលិតគ្រឿងសង្ហារឹម។ នៅក្នុងសារលើកម្មវិធី X លោក ខូរៀ បាននិយាយថា ជនរងគ្រោះក្នុងហេតុការណ៍ខាងលើ ភាគច្រើនគឺជាកម្មកររោងចក្រ។
រូបថតពីលើអាកាសនៃកន្លែងកើតហេតុបង្ហាញផ្នែកខ្លះនៃយន្តហោះ ជាប់នៅខាងក្នុងអាគារ។ ហេតុការណ៍នេះ ក៏បានបង្កជាអគ្គិភ័យ តែត្រូវបានក្រុមពន្លត់អគ្គិភ័យបាញ់ពន្លត់ទាន់ពេលវេលា។ ខ្សែអាត់វីដេអូសន្តិសុខដែលថតបានពីអគារមួយបង្ហាញពីការផ្ទុះយ៉ាងខ្លាំង។ តំបន់ដែលយន្តហោះធ្លាក់ គឺនៅជិតអាកាសយានដ្ឋាន Fullerton Municipal ប្រហែល១០គីឡូម៉ែត្រពីសួនកម្សាន្ត Disneyland។ យន្តហោះទំនងជាបានត្រឡប់មកអាកាសយានដ្ឋានវិញភ្លាមៗ បន្ទាប់ពីហោះឡើង។ នេះជាយន្តហោះទី២ ដែលធ្លាក់ក្នុងតំបន់ក្នុងរយៈពេល២ខែកន្លងមកនេះ។ កាលពីថ្ងៃទី២៥ ខែវិច្ឆិកាឆ្នាំ២០២៤ យន្តហោះមួយគ្រឿងទៀតបានបុកនឹងដើមឈើ ចម្ងាយប្រហែលមួយប្លុកពីកន្លែងកើតហេតុចុងក្រោយនេះ។ យ៉ាងណា មិនមានអ្នករងរបួសធ្ងន់ធ្ងរត្រូវបានគេរាយការណ៍ក្នុងការធ្លាក់យន្តហោះនោះទេ៕