ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ស្នើឱ្យប្រជាកសិករក្នុងខេត្តពោធិ៍សាត់ ចូលរួមការពារ ថែរក្សាអាងស្តុកទឹក ដើម្បីបម្រើឱ្យការប្រើប្រាស់លើគ្រប់វិស័យប្រកបដោយនិរន្តរភាព
ភ្នំពេញ៖ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តម លោក លោកស្រី ជាថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តពោធិ៍សាត់ ព្រមទាំងឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងអាជ្ញាធរមូលដ្ឋាន នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៥ នេះ បានអញ្ជើញជួបសំណេះសំណាលជាមួយគណៈកម្មាធិការសហគមន៍កសិករប្រើប្រាស់ទឹកនៃប្រព័ន្ធស្រោចស្រពចារឹក ស្ថិតក្នុងឃុំស្យា ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ប្រមាណ ២០០នាក់។
ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា នៅក្នុងខេត្តពោធិ៍សាត់នេះ មានទំនប់អាងស្ដុកទឹកលេខ៥ និងទំនប់អាងស្ដុកទឹកលេខ៣ ប៉ុន្តែបរិមាណទឹកដែលមានក្នុងអាង មិនអាចឆ្លើយតបទៅនឹងផ្ទៃដីស្រែដ៏ធំធេងដែលកើនឡើងជាបន្តបន្ទាប់នោះទេ។
ឯកឧត្តមរដ្ឋមន្ត្រីបានសំណូមពរដល់បងប្អូនប្រជាកសិករសូមប្រើប្រាស់ទឹកធ្វើស្រែទៅតាមបរិមាណទឹកដែលមាន ដោយស្តាប់តាមការណែនាំរបស់មន្ទីរធនធានទឹក និងឧតុនិយមខេត្ត អាជ្ញាធរខេត្ត គណៈកម្មាធិការសហគមន៍ និងអាជ្ញាធរមូលដ្ឋានដែលនៅជិតផ្ទាល់ អំពីបរិមាណទឹកជាក់ស្តែងសម្រាប់ការប្រើប្រាស់ក្នុងការបង្កបង្កើនផលស្រូវរដូវប្រាំង ដើម្បីងាយស្រួលកុំឱ្យមានការខាតបង់ពេលធ្វើស្រូវប្រាំងហើយជួបបញ្ហាប្រឈមខ្វះខាតទឹក។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានស្នើឱ្យបងប្អូនប្រជាកសិករចូលរួមការពារ ថែរក្សាអាងទឹក ដើម្បីបម្រើឱ្យការប្រើប្រាស់លើគ្រប់វិស័យប្រកបដោយនិរន្តរភាព។
ក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី ឯកឧត្តមអភិបាលខេត្ត គណៈប្រតិភូ ក្រុមការងារបច្ចេកទេស ក៏បានអញ្ជើញចុះពិនិត្យជាក់ស្តែងប្រព័ន្ធស្រោចស្រពចារឹក ស្ថិតក្នុងភូមិចារឹក ឃុំស្យា ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់៕