«ដំឡូងបាសដៃខ្លា» ជាពូជដំឡូងក្នុងស្រុក ដែលអ្នកស្រុកអង្គរនិយមដាំ ដើម្បីរកចំណូលទ្រទ្រង់ជីវភាពប្រចាំថ្ងៃ អស់កាលជាយូរឆ្នាំមកហើយ
ភ្នំពេញ៖ ដំណាំ”ដំឡូងបាសដៃខ្លា” ជាពូជដំឡូងក្នុងស្រុក ដែលអ្នកស្រុកអង្គរនិយមដាំដើម្បីរកចំណូលទ្រទ្រង់ជីវភាពប្រចាំថ្ងៃរបស់ពួកគាត់អស់កាលជាយូរឆ្នាំមកហើយ។
ក្នុងបណ្តាញសង្គមហ្វេសប៊ុករបស់ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់បានឱ្យដឹងថាដំឡូងនេះពលរដ្ឋនិយមដាំភាគច្រើននៅ ភូមិ ពាម ឃុំ ដូនកែវ ស្រុកពួក ខេត្តសៀមរាប។ សម្រាប់ដំឡូងដៃខ្លានេះកសិករអ្នកដាំ មួយចំនួនលក់ឆៅទៅឱ្យអតិថិជនមកទទួលទិញ ចំណែកមួយចំនួនទៀតពួកគាត់ស្ងោរលក់ដោយខ្លួនឯង។
ដោយឡែកបើយោងតាមកសិករដែលបានដាំដំឡូងនេះនៅខេត្តសៀមរាប និងក៏ដូចជាឯកសារស្រាវជ្រាវបានបង្ហាញថាជាទូទៅ គេចាប់ផ្តើមដាំនៅដើមដំឡូងបាសដៃខ្លាចាប់ពីរដូវភ្លៀងធ្លាក់ ពោលគឺចាប់ពីខែមេសា ឬឧសភា និងប្រមូលផលនៅអំឡុងខែ តុលា និងវិច្ឆិកា។ការប្រមូលផលនៅរដូវអស់ទឹកភ្លៀងនេះនឹងជួយឱ្យដំឡូងផុសល្អ និងឆ្ងាញ់ពិសាផង។
ដំណាំដំឡូងបាសដៃខ្លាគឺជាដំណាំ ទម្លាប់ដាំពីដូនតារបស់អ្នកស្រុកអង្គរ ។នៅពេលដាំគេគ្រាន់តែជីករណ្តៅជម្រៅ៣តឹកទៅក្រោម ហើយដុតសំរាមទ្រាប់បាត រួចជ្រួយដីបាតឱ្យស្អាត បន្ទាបន្ទាប់មកដាក់ពូជមើមដំឡូងកប់ដី ស្រោចទឹកជាការស្រេច។ បន្ទាប់ពីដំឡូងដុះលូតលាស់បោះដៃបានសមល្មម ត្រូវយកកូនឈើមាំល្មមមកធ្វើទ្រើងដើម្បីឱ្យដំឡូងវារតោងឡើង លុះរយៈពេលចំនួន៦ខែ អាចប្រមូលផលបានហើយ។
ចំពោះការថែទាំក្នុងពេលកំពុងលូតលាស់ គេគ្រាន់តែបោចស្មៅកុំឱ្យវាឡើងគ្របលើគល់ ហើយស្រោចទឹក៤ឬ៥ដងក្នុងមួយខែ ប្រសិនបើគ្មានភ្លៀងធ្លាក់ និងជ្រួយដីពូនគល់វាឱ្យខ្ពស់។ ដំឡូងនេះមិនរើសដីទេ វាទទួលបានផលទៅតាមរបបទឹកភ្លៀង កាលណាបើភ្លៀងធ្លាក់ច្រើនបណ្តាលឱ្យដីហាប់ មើមចុះតិច និងមិនសូវធំ តែបើភ្លៀងធ្លាក់សមល្មម ដីផុសល្អ នឹងទទួលបានផលច្រើន។