ឯកឧត្តមរដ្ឋមន្រ្តី កែវ រតនៈ ប្រកាសឲ្យបណ្តារោងចក្រផលិតទំនិញផ្សេងៗ សម្រាប់ការនាំចេញ អាចស្នើសុំវិញ្ញាបនបត្រថាមពលស្អាតពីអគ្គិសនីកម្ពុជា ចាប់ពីដើមឆ្នាំនេះ
ភ្នំពេញ៖ ឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពលបានប្រកាសឲ្យបណ្តារោងចក្រផលិតទំនិញផ្សេងៗសម្រាប់ការនាំចេញ អាចស្នើសុំវិញ្ញាបនបត្រថាមពលស្អាតពីអគ្គិសនីកម្ពុជា ចាប់ពីដើមឆ្នាំ២០២៥នេះ ដើម្បីបង្កើនឱកាសទីផ្សារសម្រាប់ផលិតផលរបស់ខ្លួន ទៅកាន់ទីផ្សារពិភពលោក ខណៈបច្ចុប្បន្នកម្ពុជាមានប្រភពថាមពលកកើតឡើងវិញជាង៦០ភាគរយ បើប្រៀបធៀបជាមួយបណ្តាប្រទេសក្នុងតំបន់អាស៊ាន គឺកម្ពុជាឈរលំដាប់ទី២ បន្ទាប់ពីឡាវ ក្នុងការផលិតថាមពលស្អាត ។
ឯកឧត្តម រដ្ឋមន្រ្តី បានបន្ថែមថាថា យន្តការវិញ្ញាបនបត្រថាមពលកកើតឡើងវិញ ដើរតួនាទីយ៉ាងសំខាន់ក្នុងយុទ្ធសាស្រ្តរបស់កម្ពុជាដើម្បីបំពេញតាមស្តង់ដារបរិស្ថានអន្តរជាតិ នឹងជួយវិស័យឧស្សាហកម្មបង្កើតខ្សែសង្វាក់ផ្គត់ផ្គង់ដែលបញ្ចេញកាបូនទាប និងអាចតាមដានបានការផ្គត់ផ្គង់អគ្គិសនីស្អាតដែលជាលក្ខខណ្ឌតម្រូវការនៃទីផ្សារពិភពលោក។
រដ្ឋមន្រ្តីក្រសួងរ៉ែបានអះអាងថា វិញ្ញាបនបត្រថាមពលកកើតឡើងវិញដែលក្រសួងរៀបចំតាក់តែងឡើងនេះ នឹងផ្តល់ឲ្យអ្នកប្រើប្រាស់អគ្គិសនីនូវមធ្យោបាយជាក់ស្តែង ដើម្បីរួមចំណែកដល់ដំណើរការនៃអន្តរកាលថាមពលកកើតឡើងវិញនៅកម្ពុជា ហើយរាល់វិញ្ញាបនបត្រថាមពលកកើតឡើងវិញនឹងបញ្ជាក់ថា អគ្គិសនីមួយមេហ្គាវ៉ាត់ម៉ោងត្រូវបានផលិតចេញពីប្រភពថាមពលកកើតឡើងវិញ ហើយបានបញ្ជូនទៅក្នុងប្រព័ន្ធបណ្តាញអគ្គិសនីជាតិ ។ ឈរលើមូលដ្ឋាននៃការរៀបចំប្រកបដោយតម្លាភាព និងគណនេយ្យភាព វិញ្ញាបនបត្រថាមពលកកើតឡើងវិញនេះ នឹងផ្តល់យន្តការដែលអាចទុកចិត្តបានសម្រាប់គ្រប់អាជីវកម្មទាំងអស់ដើម្បីបង្ហាញពីការគាំទ្រ និងឆន្ទៈរបស់ពួកគេក្នុងការប្រើប្រាស់ថាមពលកកើតឡើងវិញ។
ដើម្បីអនុវត្តយន្តការនេះបាន ឯកឧត្តមគូសបញ្ជាក់ថា អគ្គិសនីកម្ពុជានឹងដើរតួនាទីជាអ្នកទិញតែមួយគត់សម្រាប់យន្តការវិញ្ញាបនបត្រថាមពលកកើតឡើងវិញដែលសមស្របនឹងលក្ខខណ្ឌទីផ្សាររបស់កម្ពុជានាពេលបច្ចុប្បន្ន។ តាមរយៈយន្តការនេះ អ្នកប្រើប្រាស់អគ្គិសនីអាចទិញវិញ្ញាបនបត្រថាមពលកកើតឡើងវិញរួមជាមួយនឹងការប្រើប្រាស់អគ្គិសនីរបស់ពួកគេដែលផ្តល់ឲ្យគ្រប់អាជីវកម្មទាំងអស់នូវវិធីសាស្រ្តមួយដើម្បីបង្ហាញពីការគាំទ្ររបស់ពួកគេសម្រាប់ការផលិតថាមពលកកើតឡើងវិញ និងបន្ស៊ីការប្រើប្រាស់ថាមពលរបស់ពួកគេឲ្យស្របនឹងគោលដៅបរិស្ថាន ។
ឯកឧត្តមរដ្ឋមន្រ្តីបន្ថែមថា ការកំណត់ថ្លៃអគ្គិសនីនឹងត្រូវរៀបចំដោយអាជ្ញាធរអគ្គិសនីកម្ពុជាខណៈក្រសួង រ៉ែ នឹងពិនិត្យមើលជារួមទាំងភាពអនុលោម និងទាំងលើការកំណត់យន្តការអនុវត្តវិញ្ញាបនបត្រថាមពលកកើតឡើងវិញទាំងមូល ។ នៅពេលដែលរាជរដ្ឋាភិបាលកម្ពុជាចុះកិច្ចព្រមព្រៀងទិញ-លក់ថាមពលជាមួយអ្នកផលិតអគ្គិសនីពីថាមពលកកើតឡើងវិញនឹងកំណត់យ៉ាងច្បាស់អំពីការផលិតថាមពល និងអត្ថប្រយោជន៍បរិស្ថានដែលពាក់ព័ន្ធ ជាពិសេសវិញ្ញាបនបត្រថាមពលស្អាត ក៏ជាផ្នែកនៃកិច្ចព្រមព្រៀងផងដែរ ។
ឯកឧត្តម កែវ រតនៈសង្កត់ធ្ងន់ថា យន្តការវិញ្ញាបនបត្រថាមពលកកើតឡើងវិញនេះ គឺជាឱកាសដ៏ល្អប្រសើរមួយស្របតាមការចង់បានរបស់អ្នកបញ្ជាទិញពីបរទេស។ ទីផ្សារអន្តរជាតិមានដូចជា អាមេរិក និងអឺរ៉ុបបានបង្កើតតម្រូវការឲ្យបញ្ជាក់អំពីកិច្ចខិតខំប្រឹងប្រែងលើការងារចីរភាពរបស់បណ្តារោងចក្រ ឧស្សាហកម្ម ហើយវិញ្ញាបនបត្រថាមពលកកើតឡើងវិញ នឹងផ្តល់នូវការគាំទ្រដល់អន្តរកាលថាមពលកកើតឡើងវិញសម្រាប់ការផលិតថាមពលអគ្គិសនីនិងស្របតាមស្តង់ដានៃការរាយការណ៍បរិស្ថានផងដែរ ។ យន្តការនេះ ក៏នឹងអនុញ្ញាតឲ្យអ្នកប្រើប្រាស់អគ្គិសនីអាចបំពេញតម្រូវការ អាចរក្សាភាពបត់បែនក្នុងប្រតិបត្តិការអាជីវកម្មរបស់ខ្លួនបាន ។ វិញ្ញាបនបត្រថាមពលកកើតឡើងវិញនឹងផ្តល់យន្តការមួយដើម្បីគាំទ្រដល់ថាមពលស្អាតភ្លាមៗដោយមិនចាំបាច់ធ្វើការផ្លាស់ប្តូរហេដ្ឋារចនាសម្ព័ន្ធចម្បងៗនោះទេ រាល់ការទិញវិញ្ញាបនបត្រថាមពលកកើតឡើងវិញនីមួយៗនឹងជួយគាំទ្រដល់វិស័យថាមពលកកើតឡើងវិញនៅកម្ពុជាតាមរយៈការបង្កើនការវិនិយោគធ្វើឲ្យប្រសើរឡើងនូវបច្ចេកវិទ្យានិងលើកកម្ពស់ជំនាញក្នុងប្រទេសផងដែរ។
ឯកឧត្តមរដ្ឋមន្រ្តីបន្ថែមថា តម្លាភាពនៃយន្តការវិញ្ញាបនបត្រនេះ នឹងធានាជូនអ្នកប្រើប្រាស់នូវក្របខណ្ឌការងារមួយដែលអាចធ្វើការតាមដាននិងរាយការណ៍អំពីការប្រើប្រាស់ថាមពលបានដែលនឹងជួយបង្កើនការទុកចិត្តពីសំណាក់អតិថិជន ដៃគូសហការ និងអ្នកពាក់ព័ន្ធដូច្នេះការងារអាទិភាពគឺត្រូវកំណត់ទិសដៅការងារឲ្យបានច្បាស់លាស់ និងអាចជឿទុកចិត្តបាន៕