តំណាងម្ចាស់សហគ្រាស អេឃ្វើរៀសហូលថេល អេនអីបេនរីហ្សត ចេញសារលិខិតសុំការអភ័យទោសគោរពជូន សម្ដេច ស ខេង ចំពោះការប្រើប្រាស់កាំជ្រួច បង្កសម្លេងរំខាន
ភ្នំពេញ៖ លោក ចាងយុងហ៊ី ជនជាតិកូរ៉េ តំណាងម្ចាស់សហគ្រាស អេឃ្វើរៀសហូលថេល អេនអីបេនរីហ្សត បានចេញសារលិខិតសុំការអភ័យទោសគោរពជូន សម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ចំពោះការប្រើប្រាស់កាំជ្រួច បង្កសម្លេងរំខាន។
លិខិតសុំការអភ័យទោសរបស់តំណាងម្ចាស់សហគ្រាស អេឃ្វើរៀសហូលថេល អេនអីបេនរីហ្សត មានខ្លឹមសារដូចខាងក្រោម៖
«ខ្ញុំបាទ ឈ្មោះ ចាងជុងហ៊ី អាយុ ៤៨ឆ្នាំ ជនជាតិកូរ៉េ ជាតំណាងម្ចាស់សហគ្រាស អេឃ្វើរៀសហូលថេល អេនអីបេនរីហ្សត មានទីតាំងផ្ទះលេខ៥ ផ្លូវ២៤០ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
សូមគោរពជូន សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពដ៏ខ្ពង់ខ្ពង់បំផុត!
កម្មវត្ថុ៖
-សូម សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
-សូមមេត្តាអភ័យទោស ដល់រូបខ្ញុំចំពោះ ការប្រើប្រាស់កាំជ្រួច បង្កសម្លេងរំខាន៕
យោង៖
-តាមរយៈការប្រារព្ធពិធីឆ្លងឆ្នាំ នៅអេប្រើជៀសហួលមើល កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ម៉ោង១២:០០នាទីយប់។
តបតាមកម្មវត្ថុ និងយោងខាងលើ ខ្ញុំបាទសូមគោរពលំឱនកាយសុំការអភ័យទោសដ៏ស្មោះស្ម័គ្រពី សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។ ចំពោះកំហុសឆ្គង ដោយការប្រើប្រាស់កាំជ្រួច បង្កសម្លេងរំខាន ពីសំណាក់ ភ្ញៀវរបស់ខ្ញុំបាទ បានបង្កអោយមានការរំខានដល់គេហដ្ឋានរបស់ សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ។
ខ្ញុំបាទសូមឆ្លៀតឱកាសនេះ ខ្ញុំបាទគោរពថ្លែងអំណរគុណដ៏ស្មោះស្ម័គ្រ ជូនចំពោះសម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដែលបានឆ្លៀតពេលវេលាដ៏មានតម្លៃផ្តល់ដំបូន្មានដ៏ខ្ពស់ខ្ពស់ដល់រូបខ្ញុំបាទ ហើយខ្ញុំបាទសូម គោរពប្រតិបត្តិតាមដំបូន្មានដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ចាប់ពី ពេលនេះតទៅ។
សូម សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ មេត្តាទទួលការគោរពដ៏ខ្ពស់ខ្ពស់អំពីខ្ញុំបាទ» ៕