រដ្ឋមន្រ្តី ឈាង រ៉ា ណែនាំដល់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បន្តការតាមដាន និងឆ្លើយតបជំងឺឆ្លង និងព្រឹត្តិការណ៍សុខភាពសាធារណៈនានា ដោយនវានុវត្តន៍ និងបុរេសកម្ម
ភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ៥កើត ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣ ខែមករា ឆ្នាំ២០២៥ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញជួបសំណេះសំណាល និងផ្ដល់អនុសាសន៍លើការអនុវត្តការងារជូនដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នៃក្រសួងសុខាភិបាល ដើម្បីបង្កើនប្រសិទ្ធភាពការងារបន្ថែមទៀត។
បន្ទាប់ពីបានស្តាប់របាយការណ៍សង្ខេប របស់នាយកដ្ឋានរួចមក ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានផ្តល់អនុសាសន៍សំខាន់ៗរួមមាន៖
-ពង្រឹងប្រសិទ្ធភាពការងារទាក់ទងជាមួយនឹងជំងឺឆ្លង ដោយនវានុវត្តន៍ និងបុរេសកម្ម
-បង្កើនការសហការ និងសហប្រតិបត្តិការជាមួយនាយកដ្ឋាន អន្តរ ស្ថាប័ន មន្ទីរពេទ្យ និងអង្គការដៃគូ
-ពង្រឹងសមត្ថភាពបុគ្គលិកក្នុងការឆ្លើយតបបន្ទាន់ ទៅនឹងជំងឺឆ្លង និងគ្រោះអាសន្នសុខភាពសាធារណៈផ្សេងទៀត
-បង្កើនការចូលរួមពីសហគមន៍ ដើម្បីរាយការណ៍អំពីជំងឺឆ្លង និងព្រឹត្តិការណ៍សុខភាពសាធារណៈនានាឱ្យបានទាន់ពេលវេលា
-ពង្រឹងការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា និងនវានុវត្តន៍
-បង្កើនការតាមដានភាពស៊ាំនឹងឱសថប្រឆាំងមេរោគ(AMR) តាមរយៈការសិក្សាស្រាវជ្រាវ ការប្រើប្រាស់ឱសថសមស្រប នៅតាមមូលដ្ឋានសុខាភិបាលសាធារណៈ និងឯកជន
-ពង្រឹងការចេញសេចក្ដីជូនព័ត៌មានអំពីសុខភាពឱ្យបានទាន់ពេលវេលា
-ត្រៀមផែនការឆ្លើយតបទៅនឹងជំងឺឆ្លងកើតថ្មី និងជំងឺឆ្លងលេចឡើងសារជាថ្មី
-អភិវឌ្ឍផែនការយុទ្ធសាស្រ្ដរយៈពេលមធ្យម និងរយៈពេលវែងរបស់អង្គភាព។
ជាចុងក្រោយ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានថ្លែងអំណរគុណ និងកោតសរសើរដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់ នៃនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង ដែលតែងតែរកឃើញ និងឆ្លើយតបជាមួយជំងឺឆ្លង និងព្រឹត្តិការណ៍សុខភាពសាធារណៈនានា បានទាន់ពេលវេលា។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី សូមជូនពរដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងទាំងអស់ ទទួលបាននូវជោគជ័យក្នុងភារកិច្ចការងារក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល ៕