ប្រធានាធិបតីស្តីទីកូរ៉េខាងត្បូង ប្តេជ្ញាបន្តកិច្ចសហប្រតិបត្តិការត្រីភាគីជាមួយជប៉ុន និងសហរដ្ឋអាម៉េរិក
សេអ៊ូល៖ ប្រធានាធិបតីស្តីទីរបស់ប្រទេសកូរ៉េខាងត្បូង លោក ឆយ សាំងម៉ុក បានប្តេជ្ញាបន្តកិច្ចសហប្រតិបត្តិការត្រីភាគីជាមួយជប៉ុន និងសហរដ្ឋអាម៉េរិក ដោយបានលើកឡើងនៅថ្ងៃសុក្រទី៣ ខែមករានេះថា ទំនាក់ទំនងការទូតរបស់ប្រទេសលោកនៅតែរឹងមាំ ទោះបីជាប្រទេសនេះធ្លាក់ចូលក្នុងវិបត្តិនយោបាយ ដែលមិនធ្លាប់មានពីមុនមកក៏ដោយ។
ការិយាល័យរបស់លោក ឆយ បានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក ឆយ បានជួបពិភាក្សាជាមួយឯកអគ្គរដ្ឋទូតសហរដ្ឋអាម៉េរិកប្រចាំប្រទេសអាស៊ីនេះ និងមេបញ្ជាការកងកម្លាំងសហរដ្ឋអាម៉េរិក-កូរ៉េ ខណៈពួកគេបានផ្លាស់ប្ដូរទស្សនៈស្តីពីសម្ព័ន្ធភាពទ្វេភាគី និងរដ្ឋបាលថ្មីរបស់ប្រធានាធិបតីជាប់ឆ្នោត ដូណាល់ ត្រាំ។
លោក ឆយ បាននិយាយថា ទោះបីជាមានស្ថានភាពលំបាកយ៉ាងណាក៏ដោយ កិច្ចការបរទេស និងគោលនយោបាយសន្តិសុខរបស់យើងនឹងបន្តអនុវត្តដោយផ្អែកលើសម្ព័ន្ធភាពដ៏រឹងមាំជាមួយសហរដ្ឋអាម៉េរិកដោយមិនងាករេឡើយ។
លោកបានប្រាប់ឯកអគ្គរដ្ឋទូត ហ្វីលីព ហ្គោលប៊ឺក (Philip Goldberg) និងមេបញ្ជាការ ហ្សាវៀ ប្រ៊ុនសុន (Xavier Brunson) ថា ប្រទេសទាំងពីរគួរតែខិតខំប្រឹងប្រែងយ៉ាងសកម្មទៅវិញទៅមកសម្រាប់កិច្ចសហប្រតិបត្តិការកាន់តែប្រសើររវាងប្រទេសទាំង២ និងជាមួយប្រទេសជប៉ុន។
លោក ឆយ ជារដ្ឋមន្ត្រីហិរញ្ញវត្ថុរបស់ប្រទេស បានកាន់តំណែងជាមេដឹកនាំស្តីទីចាប់តាំងពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ បន្ទាប់ពីការដកតំណែងជាប្រធានាធិបតីស្តីទីពីលោកនាយករដ្ឋមន្ត្រី ហាន ដុកស៊ូ (Han Duck-soo) ដែលបានចូលកាន់តំណែងបន្ទាប់ពីលោកប្រធានាធិបតី យូន ស៊ុកយ៉ុល ត្រូវបានព្យួរពីតួនាទីជុំវិញច្បាប់អាជ្ញាសឹករយៈពេលខ្លី។
គួរបញ្ជាក់ថា ការពង្រឹងទំនាក់ទំនងយូរអង្វែងជាមួយប្រទេសជិតខាងជប៉ុន ជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាម៉េរិក គឺជាអាទិភាពគោលនយោបាយការបរទេសរបស់លោក យូន៕