ឧត្តមអគ្គានុរក្ស.១ ឈន សាណាត អញ្ជើញប្រកាសផ្ទេរ និងចូលកាន់មុខតំណែងប្រធានពន្ធនាគារខេត្តកោះកុង
ភ្នំពេញ៖ នារសៀលថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមអគ្គានុរក្ស.១ ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្ទេរ និងចូលកាន់មុខតំណែងប្រធានពន្ធនាគារខេត្តកោះកុង និងមានការចូលរួមជាធិបតីភាពដោយ ឯកឧត្តម ថង ណារុង ប្រធានក្រុមប្រឹក្សាខេត្តកោះកុង និងលោកជំទាវ មិថុនា ភូថង អភិបាលខេត្តនៃគណៈអភិបាលខេត្តកោះកុង ក្នុងនោះក៏មានការអញ្ជើញចូលរួមដោយ អគ្គនាយករង ប្រធាននាយកដ្ឋាន មន្រ្តីពន្ធនាគារខេត្តកោះកុង ប្រធានសាលាដំបូងខេត្ត ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត។
ថ្លែងក្នុងពិធីនេះ ឯកឧត្តម អគ្គនាយក បានធ្វើការផ្តាំផ្ញើរដល់មន្រ្តីក្រោមឱវាទទាំងអស់ឲ្យបន្តយកចិត្តទុកដាក់ខ្ពស់ចំពោះការងាររបស់ខ្លួនម្នាក់ៗ និងបានដាក់ចេញជាគន្លឹះក្នុងការដឹកនាំដូចខាងក្រោម៖
-បំពេញការងារ ត្រូវគោរពតាមឋានានុក្រម មុខងារ តួនាទី ភារកិច្ច ដែលថ្នាក់លើ និងអង្គភាពប្រគល់ជូន ត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍វិជ្ជាជីវៈ គុណភាព ប្រសិទ្ធផល ភាពស្មោះត្រង់ ក្រមសីលធម៌ និងបទវិន័យមន្ត្រីពន្ធនាគារ។
-ពង្រឹងការគោរពអនុវត្តន៍ច្បាប់ នីតិវិធី បទបញ្ជាផ្ទៃក្នុងពន្ធនាគារ និងលិខិតបទដ្ឋាន ពាក់ព័ន្ធនានាដែលបម្រើដល់ការងារដឹកនាំគ្រប់គ្រង និងផ្នែកជំនាញនីមួយៗ។
-ពង្រឹងកិច្ចការពារសន្តិសុខសុវត្ថិភាព ប្រសិទ្ធិភាពត្រួតពិនិត្យ ឆែកឆេររកឧបករណ៍ វត្ថុសម្ភារៈហាមឃាត់ដែលប៉ុនប៉ងលួចលាក់នាំចូលក្នុងពន្ធនាគារ ស៊ើបអង្កេតស្រាវជ្រាវ បង្ការទប់ស្កាត់អំពើល្មើសផ្សេងៗ ពិសេស ទូរស័ព្ទដៃ និងគ្រឿងញៀន។
-ត្រូវបន្តកិច្ចសហការល្អ និងស្នើសុំកិច្ចគាំទ្រពី ថ្នាក់ដឹកនាំរដ្ឋបាលខេត្ត ពីកងកម្លាំង ប្រដាប់អាវុធទាំងបីក្នុងកិច្ចអន្តរាគមន៍ធានាសន្តិសុខសុវត្ថិភាព កិច្ចគាំទ្រពីមន្ទីរ-អង្គភាព ពាក់ព័ន្ធ និងអង្គការដៃគូនានា ជាពិសេស មន្ទីរសុខាភិបាល មន្ទីរអប់រំយុវជននិងកីឡា មន្ទីរសង្គមកិច្ចការងារ និងមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីជួយផ្តល់កិច្ចគាំទ្រ មធ្យោបាយ សម្ភារៈ និងបច្ចេកទេស ដល់ការងារពន្ធនាគារ។
-ប្រធានពន្ធនាគារស្តីទី លោកឧត្តមអគ្គានុរក្សថ្នាក់លេខ៣ ទេស សាឡាត់ ត្រូវរៀបចំ ប្រគល់ជូនប្រធានថ្មី ដើម្បីបន្តការងារដឹកនាំ គ្រប់គ្រង និងធានានិរន្តរភាពការងារឲ្យល្អ ប្រសើរ និងត្រូវរក្សាសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អ។
សូមបញ្ជក់ផងដែរថា លោកឧត្តមអគ្គានុរក្សថ្នាក់លេខ២ ចាន់ ចំណាន ត្រូវបានចូលកាន់មុខតំណែងជាប្រធានពន្ធនាគារថ្មី នៃខេត្តកោះកុង ជំនួសលោកឧត្តមអគ្គានុរក្សថ្នាក់លេខ២ គ្រី ប៊ុនថា ដែលទទួលមរណភាពកន្លងទៅ ៕