មនុស្សជាង ៣០០នាក់ បង្ខំឱ្យភៀសខ្លួនភ្លាមៗចេញពីអណ្តាតភ្លើង ដែលត្របាក់លេបអគារពាណិជ្ជកម្ម នៅភាគខាងត្បូងសេអ៊ូល
សេអ៊ូល៖ មនុស្សជាង៣០០នាក់ត្រូវបានបង្ខំឱ្យភៀសខ្លួនភ្លាមៗចេញពីអណ្តាតភ្លើងដែលបានត្របាក់លេបអគារពាណិជ្ជកម្មកម្ពស់ប្រាំបីជាន់នៅភាគខាងត្បូងនៃរដ្ឋធានីសេអ៊ូលកាលពីល្ងាចថ្ងៃសុក្រទី៣ខែមករា។ សំណាងណាស់ គ្មានអ្នកស្លាប់ទេ ប៉ុន្តែមនុស្ស១៣០នាក់រងរបួសស្រាល។
មនុស្សម្នារផ្អើលឆោឡោ ក្រោយអគារពាណិជ្ជកម្មកម្ពស់៨ជាន់នៅទីក្រុង Seongnam នៃប្រទេសកូរ៉េខាងត្បូងក្លាយជាចំណីព្រះអគ្គិកាលពីថ្ងៃសុក្រទី៣ខែមករាដើមឆ្នាំ២០២៥ ខណៈក្រុមពន្លត់អគ្គិភ័យ និងក្រុមជួយសង្គ្រោះរត់ខ្វែងដៃខ្វែងជើងដើម្បីប្រតិបត្តិការជួយសង្គ្រោះ។ វីដេអូព័ត៌មានក្នុងស្រុកបានបង្ហាញពីភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ ផ្សែងខ្មៅខ្មួលខ្មាញ់ហុយចេញតាមមាត់បង្អួច ហើយមនុស្សម្នារបានប្រមូលផ្តុំគ្នានៅលើដំបូលអគាររង់ចាំការជួយសង្គ្រោះ។
អាជ្ញាធរអគ្គីភ័យបានបញ្ជាក់ថា មនុស្សជាង ២៤០នាក់ត្រូវបានគេជួយសង្គ្រោះ ខណៈប្រហែល ៧០នាក់ផ្សេងទៀតបានជម្លៀសចេញដោយខ្លួនឯង។ ក្នុងនោះ មនុស្សមនុស្សប្រហែល ១៣០នាក់បានស្រាលដែលបណ្តាលមកពីការស្រូបផ្សែង។ យ៉ាងណា មិនមានអ្នករងរបួសធ្ងន់ត្រូវបានគេរាយការណ៍ឡើយ។ នេះបើយោងតាមសារព័ត៌មានយ៉ុនហាប់របស់កូរ៉េខាងត្បូង៕