បុគ្គលិករដ្ឋាភិបាលចិនរាប់លាននាក់ ត្រូវបានដំឡើងប្រាក់ខែដ៏គួរឱ្យភ្ញាក់ផ្អើល
ប៉េកាំង៖ បុគ្គលិករដ្ឋាភិបាលរាប់លាននាក់នៅទូទាំងប្រទេសចិន ត្រូវបានដំឡើងប្រាក់ខែដ៏គួរឱ្យភ្ញាក់ផ្អើលនៅសប្តាហ៍នេះ ខណៈរដ្ឋធានីប៉េកាំងសម្លឹងមើលការជំរុញការចំណាយ ដើម្បីគាំទ្រដល់សេដ្ឋកិច្ចដែលកំពុងដាំក្បាលចុះ។
ការដំឡើងប្រាក់ខែដល់បុគ្គលិកវិស័យសាធារណៈចំនួន៤៨លាននាក់ ភ្លាមៗនឹងជំរុញសេដ្ឋកិច្ចចន្លោះពី១២ពាន់លានដុល្លារទៅប្រហែល២០ពាន់លានដុល្លារ។ លើកចុងក្រោយដែលប្រទេសចិន បានប្រកាសជាសាធារណៈអំពីការដំឡើងប្រាក់បៀវត្សរ៍សម្រាប់មន្ត្រីរាជការទូទាំងប្រទេស គឺនៅក្នុងឆ្នាំ២០១៥ នៅពេលរដ្ឋាភិបាលបានដំឡើងប្រាក់បៀវត្សរ៍សម្រាប់មន្ត្រីមូលដ្ឋានជាង៣០ភាគរយ ជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ និងលើកកម្ពស់ការចំណាយរបស់អ្នកប្រើប្រាស់។ លើកនេះ ប្រាក់ឈ្នួលប្រចាំខែសម្រាប់បុគ្គលិករដ្ឋាភិបាលត្រូវបានកើនឡើងជាមធ្យមប្រហែល៥០០យ័ន ត្រូវនឹងប្រមាណ៦៨,៥០ដុល្លារ។ បុគ្គលិករដ្ឋាភិបាលវ័យក្មេងមួយចំនួនបានរាយការណ៍ថា ទទួលបានកំណើនប្រាក់បៀវត្សរ៍ជិត៣០០យ័ន ឬត្រូវនឹង៤១ដុល្លារ។
ការដំឡើងប្រាក់ឈ្នួលយ៉ាងសម្បើមនេះ ត្រូវអនុវត្តចំពោះគ្រូបង្រៀន ប៉ូលិស និងមន្ត្រីរាជការ ធ្វើការនៅទូទាំងប្រទេសចិន។ ការផ្លាស់ប្ដូរនេះមិនត្រូវបានប្រកាស ឬលម្អិតដោយរដ្ឋាភិបាលចិននោះទេ។ ភ្លាមៗវាមិនច្បាស់ទេថា តើការដំឡើងប្រាក់នេះនឹងត្រូវផ្តល់មូលនិធិបែបណា ការចំណាយសរុបនឹងទៅជាយ៉ាងណា ឬការកើនឡើងភាគរយនៃប្រាក់ខែ។ គ្រូបង្រៀន និងមន្ត្រីរាជការនៅភាគខាងត្បូងប្រទេសចិន បាននិយាយថា ពួកគេបានទទួលការកើនឡើងប្រហែល១០ភាគរយ។ អ្នកផ្សេងទៀតបាននិយាយថា ចំនួននៃការដំឡើងប្រាក់ខែ ក៏ប្រែប្រួលអាស្រ័យលើស្ថានភាពសេដ្ឋកិច្ច និងសារពើពន្ធសម្រាប់រដ្ឋបាលខេត្ត។ ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា មេដឹកនាំចិនបានព្រមព្រៀងគ្នាកាលពីខែមុន ដើម្បីដំណើរការឱនភាពថវិកាខ្ពស់ដែលស្មើនឹង៤ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) នៅឆ្នាំនេះ។ នោះនឹងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងដើម្បីឈានដល់គោលដៅកំណើនសេដ្ឋកិច្ចប្រហែល៥ភាគរយ សម្រាប់ឆ្នាំ២០២៥ ទោះបីជាមានការអូសទាញពីវិបត្តិអចលនទ្រព្យដែលអូសបន្លាយ ការធ្លាក់ថ្លៃ និងការរំពឹងទុកនៃពន្ធខ្ពស់លើការនាំចេញទៅកាន់សហរដ្ឋអាម៉េរិកក៏ដោយ៕