នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសពលោកជំទាវអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ យស់ ស៊ីមន
ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក អញ្ជើញចូលរួមដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសពលោកជំទាវធម្មសទ្ធាភិរ័ក្ខសិរីវិសុទ្ធិរតន៍ អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ យស់ ស៊ីមន នាព្រឹកថ្ងៃសុក្រ ទី៤ ខែមករា ឆ្នាំ២០២៥ នៅផ្ទះលេខ៥៩ ផ្លូវលេខ២២៥ សង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
សូមបញ្ជាក់ថា លោកជំទាវ អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ យស់ ស៊ីមន ត្រូវជាភរិយារបស់ ឯកឧត្តម នាយឧត្ដមសេនីយ៍ មុឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ បានទទួលមរណភាពកាលពីវេលាម៉ោង ១៨:៥២នាទី នៅគេហដ្ឋានក្នុងរាជធានីភ្នំពេញ នាថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥ ក្នុងជន្មាយុ៧៨ឆ្នាំ ដោយរោគាពាធ។
ក្នុងឱកាសដ៏ក្រៀមក្រំនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោក និងប្រតិភូ បានសម្តែងនូវសមានទុក្ខនិងសោកស្តាយចំពោះមរណភាពលោកជំទាវធម្មសទ្ធាភិរ័ក្ខសិរីវិសុទ្ធិរតន៍ អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ យស់ ស៊ីមន ដែលជាភរិយាប្រកបដោយសង្គហធម៌ដ៏ឧត្តុង្គឧត្តមចំពោះស្វាមី ម្តាយ ម្តាយក្មេក ជីដូន ប្រកបដោយព្រហ្មវិហារធម៌ចំពោះកូនចៅ និងញាតិមិត្ត ហើយជាការបាត់បង់ពុទ្ធសាសនិកដ៏សកម្មមួយរូប តែងតែចូលរួមចំណែកលើកតម្កើង និងទ្រទ្រង់ដល់វិស័យព្រះពុទ្ធសាសនា។
ជាមួយនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ និងប្រតិភូអមដំណើរ ក៏បានគោរពឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធលោកជំទាវធម្មសទ្ធាភិរ័ក្ខសិរីវិសុទ្ធិរតន៍ អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ យស់ ស៊ីមន សូមឆាប់បានយោនយកកំណើតក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕