របបយោធាមីយ៉ាន់ម៉ានឹងដោះលែងអ្នកទោសជិត៦.០០០នាក់ ក្នុងឱកាសប្រារព្ធទិវាឯករាជ្យ
ណៃពីដោ៖ រដ្ឋាភិបាលរបបយោធាមីយ៉ាន់ម៉ា បានឲ្យដឹងនៅថ្ងៃសៅរ៍នេះថា ខ្លួននឹងដោះលែងអ្នកទោសជិត ៦.០០០នាក់ ដែលជាផ្នែកមួយនៃការលើកលែងទោសប្រចាំឆ្នាំ ដើម្បីប្រារព្ធទិវាឯករាជ្យរបស់ប្រទេសនេះ។
យោធាបានចាប់ខ្លួនបាតុករ និងសកម្មជនរាប់ពាន់នាក់ ចាប់តាំងពីរដ្ឋប្រហារខែកុម្ភៈ ឆ្នាំ២០២១ ដែលបានបញ្ចប់ការពិសោធន៍លទ្ធិប្រជាធិបតេយ្យរយៈពេលខ្លីរបស់មីយ៉ាន់ម៉ា និងបានធ្វើឱ្យប្រទេសជាតិធ្លាក់ក្នុងភាពចលាចល។
របបយោធាបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសៅរ៍ថា អ្នកទោសជាង ៥.៨០០នាក់ រួមទាំងជនបរទេសចំនួន ១៨០នាក់ នឹងត្រូវដោះលែងវិញ នៅពេលដែលប្រទេសនេះប្រារព្ធខួប ៧៧ឆ្នាំនៃឯករាជ្យភាពពីការគ្រប់គ្រងអាណានិគមអង់គ្លេស។
របបយោធាមិនបានផ្តល់ព័ត៌មានលម្អិតអំពីអ្វីដែលអ្នកទោសត្រូវបានកាត់ទោស ឬសញ្ជាតិរបស់អ្នកជាប់ឃុំជនបរទេសដែលត្រូវបានកំណត់ឱ្យនិរទេសនៅពេលដោះលែងនោះទេ។
យោយោធាបានបន្តថា ខ្លួនបានបញ្ជាឱ្យលើកលែងទោសនេះ ដោយហេតុផលមនុស្សធម៌ និងមេត្តាធម៌។
របបយោធាក៏បានប្រកាសថា មនុស្ស ១៤៤នាក់ដែលត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារអស់មួយជីវិតនឹងត្រូវកាត់ទោសឱ្យជាប់ពន្ធនាគារ ១៥ឆ្នាំ។
មីយ៉ាន់ម៉ា តែងតែផ្តល់ការលើកលែងទោសដល់អ្នកទោសរាប់ពាន់នាក់ ដើម្បីរំលឹកដល់ថ្ងៃបុណ្យ ឬពិធីបុណ្យព្រះពុទ្ធសាសនា។
កាលពីឆ្នាំមុន របបយោធាបានប្រកាសដោះលែងអ្នកទោសជាង ៩.០០០នាក់ ដើម្បីប្រារព្ធទិវាឯករាជ្យ។
ពិធីបុណ្យឯករាជ្យប្រចាំឆ្នាំដែលបានប្រារព្ធធ្វើនៅក្នុងរដ្ឋធានី Naypyidaw ដែលមានការយាមកាមយ៉ាងខ្លាំងកាលពីព្រឹកថ្ងៃសៅរ៍ មានអ្នកចូលរួមរដ្ឋាភិបាល និងយោធាប្រមាណ ៥០០នាក់។
សុន្ទរកថារបស់ប្រមុខរបបយោធា លោក Min Aung Hlaing ដែលមិនមានវត្តមាននៅក្នុងព្រឹត្តិការណ៍នោះ ត្រូវបានថ្លែងដោយមេទ័ពរង លោក Soe Win។
លោក Soe Win បានរំលឹកឡើងវិញនូវការអំពាវនាវរបស់របបយោធាទៅកាន់ក្រុមប្រដាប់អាវុធជនជាតិភាគតិចរាប់សិបនាក់ ដែលបានប្រយុទ្ធគ្នាអស់រយៈពេលបួនឆ្នាំចុងក្រោយនេះ ដើម្បីទម្លាក់អាវុធ និងដោះស្រាយបញ្ហានយោបាយតាមរយៈមធ្យោបាយសន្តិវិធី។
លោកបានសន្យាជាថ្មីម្តងទៀតនូវការសន្យារបស់យោធាក្នុងការរៀបចំការបោះឆ្នោតតាមបែបប្រជាធិបតេយ្យដែលត្រូវពន្យារពេល និងបានអំពាវនាវឲ្យមានឯកភាពជាតិ។