បទវិភាគ៖ការច្នៃប្រឌិតថ្មីផ្នែកបច្ចេកវិទ្យារវាងចិននិងអាមេរិក មិនមែនជាការប្រកួតប្រជែងបែបផលបូកសូន្យទេ គឺជាកាលានុវត្តភាពរវាងគ្នានិងគ្នា
ឆ្នាំ២០២៥ ជាខួបទី១០០នៃការបង្កើតមេកានិចកង់ទិច(Quantum Mechanics) ហើយក៏ជាឆ្នាំអន្តរជាតិខាងវិទ្យាសាស្ត្រនិងបច្ចេកទេសកង់ទិចផងដែរ ។ ប៉ុន្តែ ខណៈពេលទើបចូលឆ្នាំថ្មី នីតិវិធីថ្មីរបស់រដ្ឋាភិបាលអាមេរិកដែលដាក់កំហិតបុគ្គលនិងក្រុមហ៊ុនអាមេរិកបណ្តាក់ទុនលើវិស័យបច្ចេកទេសជឿនលឿនរបស់ចិន ដូចជាការគណនាកង់ទិចជាដើមក៏បានចូលជាធរមានជាផ្លូវការដែរ ។ អ្នកវិភាគបានលើកឡើងថា អាមេរិកបានដាក់សម្ពាធទៅលើការអភិវឌ្ឍវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាខ្ពស់របស់ចិនដោយគិតពីផលប្រយោជន៍ខាងនយោបាយ ប៉ុន្តែ ទីបំផុត ពួកគេនឹងប្រទះឃើញថា ការពិតជាក់ស្តែងគឺផ្ទុយពីគោលបំណង ។
សូមបញ្ជាក់ថា បច្ចេកវិទ្យាមេកានិចកង់ទិច គឺជាវិទ្យាសាស្ត្រឈានមុខគេក្នុងបដិវត្តន៍វិទ្យាសាស្ត្រនិងការធ្វើនវានុវត្តន៍ខាងឧស្សាហកម្មជុំថ្មី ដែលមានវិស័យធំៗចំនួនបី គឺការគណនាកង់ទិច ទូរគមនាគមន៍កង់ទិចនិងការវាស់ស្ទង់លម្អិតកង់ទិច ។ ក្នុងនាមជាប្រទេសមហាអំណាចខាងវិស័យវិទ្យាសាស្ត្រនិងបច្ចេកទេសធំទាំងពីរលើពិភពលោក ចិននិងអាមេរិកមានឧត្តមភាពរៀងៗខ្លួនលើវិស័យធំៗទាំងបីនៃមេកានិចកង់ទិច ។ ប៉ុន្មានឆ្នាំចុងក្រោយនេះ សមិទ្ធផលច្នៃប្រឌិតថ្មីនៃបច្ចេកវិទ្យាមេកានិចកង់ទិចរបស់ប្រទេសចិនបានរំលេចចេញ ឥតឈប់ឈរ ដែលបានប៉ះនូវចំណុចរសើបរបស់អ្នកនយោបាយអាមេរិកមួយចំនួន ។នៅថ្ងៃទី ២៨ ខែតុលា ឆ្នាំ២០២៤ ក្រោមលេសថាការបណ្តាក់ទុនរបស់អាមេរិកនៅប្រទេសចិនប្រហែលនឹងគំរាមកំហែងដល់សន្តិសុខជាតិ រដ្ឋាភិបាលអាមេរិកបានដាក់ចេញបម្រាមបណ្តាក់ទុនលើវិស័យវត្ថុពាក់កណ្ដាលចម្លង បច្ចេកទេសកង់ទិចនិងបញ្ញាសិប្បនិមិ្មតរបស់ប្រទេសចិន ហើយចូលជាធរមាននៅថ្ងៃទី២ ខែមករា ឆ្នាំនេះ ។
តើការបណ្តាក់ទុននៅប្រទេសចិនម៉េចក៏បានគំរាមកំហែងដល់សន្តិសុខជាតិរបស់អាមេរិកទៅ ? ទាក់ទិននឹងបញ្ហានេះ លោក Li Donghai សាស្ត្រចារ្យនៃវិទ្យាស្ថានការទូតរបស់ចិនបានថ្លែងថា បច្ចុប្បន្ននេះ ការប្រកួតប្រជែងរវាងអាមេរិកនិងចិនមានសភាពកាន់តែខ្លាំងឡើងៗ ជាពិសេសគឺលើវិស័យវិទ្យាសាស្ត្រនិងបច្ចេកទេសខ្ពស់ ។ អាមេរិកអនុវត្តនីតិវិធីថ្មីដោយយកសន្តិសុខជាតិធ្វើជាលេស ក្នុងគោលបំណងចង់បង្កើនការដាក់កំហិតលើវិស័យបច្ចេកទេសឈានមុខគេដូចជាបច្ចេកវិទ្យាកង់ទិចជាដើម ដើម្បីគាបសង្កត់ឧត្តមភាពរបស់ចិនក្នុងការប្រកួតប្រជែង ។ ប្រការនេះបានបង្ហាញឱ្យឃើញនូវក្ដីបារម្ភរបស់អ្នកនយោបាយអាមេរិកចំពោះល្បឿនលឿននៃការអភិវឌ្ឍវិទ្យាសាស្ត្រនិងបច្ចេកវិទ្យារបស់ចិន ។
ដោយសារមានទស្សនផលបូកសូន្យ បានជាកិច្ចសហប្រតិបតិ្តការលើវិស័យបច្ចេកវិទ្យារវាងចិននិងអាមេរិកបានឆ្លងកាត់ការបត់បែនយ៉ាងខ្លាំងក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ។ពីការដាក់កំហិតនិងដាក់ទណ្ឌកម្មទៅលើក្រុមហ៊ុនបច្ចេកវិទ្យាទំនើបរបស់ប្រទេសចិន ដូចជាក្រុមហ៊ុនហួវៃជាដើម ដល់ការប្រើប្រាស់មធ្យោបាយដូចជាការគ្រប់គ្រងបច្ចេកទេស ទប់ស្កាត់ការផ្លាស់ប្តូរ និងទប់ស្កាត់ធនធានមនុស្សជាដើម អាមេរិកបានដាក់រណាំងឧបសគ្គដោយចេតនាឥតឈប់ឈរ ដើម្បីអនុវត្តអ្វីដែលហៅថា សង្គ្រាមត្រជាក់ខាងបច្ចេកវិទ្យានិងផ្តាច់ទំនាក់ទំនងខាងបច្ចេកវិទ្យា ។
តើនីតិវិធីថ្មីរបស់ភាគីអាមេរិកស្តីពីការដាក់កំហិតលើការវិនិយោគប្រហែលនឹងនាំមកនូវផលប៉ះពាល់អ្វីខ្លះ?របាយការណ៍សិក្សាស្រាវជ្រាវមួយច្បាប់ដែលចេញផ្សាយដោយវិទ្យាស្ថានសិក្សាស្រាវជ្រាវទំនាក់ទំនងអន្តរជាតិរបស់បារាំងកាលពីខែកក្កដាឆ្នាំ២០២៤បានបង្ហាញថា ការវិនិយោគលើទីផ្សារកង់ទិចរបស់ចិនភាគច្រើនគឺមកពីសហគ្រាសក្នុងស្រុក ដែលមានសមាមាត្រលើសពី៣ភាគ៤។នេះគឺមានន័យថា នីតិវិធីថ្មីរបស់អាមេរិកបានជះឥទ្ធិពលមានកម្រិតចំពោះប្រទេសចិន ផ្ទុយទៅវិញ អាមេរិកខ្លួនឯងបែរជានឹងរងការខាតបង់យ៉ាងធ្ងន់ធ្ងរ។
បើមើលពីទំនាក់ទំនងរវាងប្រទេសទាំងពីរ ទង្វើរបស់អាមេរិកបែបនេះក៏មិនសមស្របនឹងស្មារតីដែលបានប្រកាន់ខ្ជាប់ជានិច្ចក្នុងកិច្ចសហប្រតិបត្តិការផ្នែកបច្ចេកវិទ្យារវាងចិននិងអាមេរិកដែរ។សមិទ្ធផលនៃការសិក្សាស្រាវជ្រាវជាច្រើនបានបញ្ជាក់ថា ចិននិងអាមេរិកបង្កើនកិច្ចសហប្រតិបត្តិការផ្នែកបច្ចេកវិទ្យា ចាប់ពីទ្វេភាគី រហូតដល់ពិភពលោកទាំងមូល សុទ្ធតែជាអ្នកទទួលផលប្រយោជន៍។ ហេតុនេះហើយបានជា ស្ថាប័នសិក្សាស្រាវជ្រាវវិទ្យាសាស្រ្តនិងឥស្សរជនជាច្រើននៃប្រទេសអាមេរិកបានអំពាវនាវម្តងហើយម្តងទៀតថា កិច្ចសហប្រតិបត្តិការផ្នែកបច្ចេកវិទ្យារវាងចិននិងអាមេរិក វាមានអំណោយផលដល់អាមេរិក ហើយរិះគន់ទៅលើអ្នកនយោបាយអាមេរិកដែលស្វែងរកផលប្រយោជន៍ផ្ទាល់ខ្លួននិងបំផ្លាញកិច្ចសហប្រតិបត្តិការប្រក្រតីរវាងប្រទេសទាំងពីរ។
ការច្នៃប្រឌិតថ្មីផ្នែកបច្ចេកវិទ្យារវាងចិននិងអាមេរិកមិនមែនជាការប្រកួតប្រជែងផលបូកសូន្យនោះទេ តែគឺជាឱកាសរបស់គូភាគី។ពេលបច្ចុប្បន្ននេះ ចិននិងអាមេរិកសុទ្ធតែជាអ្នកឈានមុខគេក្នុងវិស័យបច្ចេកវិទ្យាខ្ពស់ ដូចជា ភាពវៃឆ្លាតសិប្បនិមិ្មតនិងការគ្រប់គ្រងលំហអវកាស ភាគីទាំងពីរចិននិងអាមេរិកបង្កើនកិច្ចសហប្រតិបត្តិការ វាមិនត្រឹមតែអាចជំរុញវឌ្ឍនភាពផ្នែកបច្ចេកវិទ្យានិងការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមរៀងៗខ្លួនប៉ុណ្ណោះទេ ថែមទាំងក៏អំណោយផលដល់ការរួមគ្នាឆ្លើយតបនឹងបញ្ហាប្រឈមជាសកល ជំរុញសេដ្ឋកិច្ចសកលនិងបង្កើនសុខសុភមង្គលរបស់ប្រជាជនពិភពលោកទៀតផង។ នេះហើយក៏ជាទំនួលខុសត្រូវពិសេសរបស់ចិននិងអាមេរិកដែលជាប្រទេសធំទាំងពីរដែរ៕