អភិបាលខេត្តកំពង់ចាម អំពាវនាវឱ្យនាំគ្នាចូលរួមលេងកីឡា ដើម្បីថែរក្សាសុខភាពឱ្យបានរឹងមាំ និងបានជៀសផុតពីជំងឺកាចសាហាវ
ភ្នំពេញ៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីក្នុងពិធីបើកការប្រកួតកីឡាមហាជនជ្រើសរើសជើងឯកទូទាំងខេត្តកំពង់ចាម ប្រចាំឆ្នាំ២០២៥ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៦ នៃទិវាជ័យជម្នះ ៧ មករា នាព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥ នៅទីលានបាល់ទះ (កីឡដ្ឋាន) ការិយាល័យ អប់រំកាយក្រុងកំពង់ចាម។
ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានអំពាវនាវសូមឱ្យនាំគ្នាចូលរួមលេងកីឡា ទោះកីឡាប្រភេទណាក៏ដោយ គឺដើម្បីថែរក្សាសុខភាពយើងឱ្យបានរឹងមាំ និងបានចៀសផុតពីជំងឺ កាចសាហាវទាំងឡាយគ្រប់ៗគ្នា។
ក្នុងឱកាសនោះដែរ ឯកឧត្តមភិបាលខេត្ត បានថ្លែងថា វិស័យអប់រំកាយ និងកីឡា គឺជាវិស័យមួយដែលរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងអប់រំ យុវជន និងកីឡា បានយកចិត្តទុកដាក់ និងចាត់ទុកថា ជាវិស័យមួយមានសារៈសំខាន់ចំពោះជាតិ ក្នុងការអភិវឌ្ឍ និងកិត្យានុភាព ព្រមទាំងកិត្តិយសប្រទេសជាតិ។
ជាមួយគ្នានោះ ឯកឧត្ដមអភិបាលខេត្ត ក៏បានអំពាវនាវសូមឱ្យយុវជន យុវនារីគ្រប់រូបបង្វែចិត្តគំនិតមកលេងកីឡាឱ្យបានគ្រប់ៗគ្នា ពិសេសកីឡា ដើម្បីសុខភាព ដើម្បីអភិវឌ្ឍផ្នែករាងកាយ បញ្ញា ស្មារតី សីលធម៌ ឱ្យសមស្រប ទៅតាមបញ្ញត្តិទាំងឡាយដែលមានក្នុងធម្មជាតិ និងសូមឱ្យកីឡាករ កីឡាការិនីទាំងអស់ ត្រូវខិតខំប្រឹងប្រែងហ្វឹកហាត់ និងថែរក្សា វប្បធម៌ ប្រពៃណី ក្នុងពេលប្រកួតឱ្យបានខ្ជាប់ខ្ជួន ផងដែរ។
បេីតាមលោក លី ម៉េងសាន ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តកំពង់ចាម បានឱ្យដឹងថា ក្រុមកីឡាករកីឡាការិនី មន្ទីរ-អង្គភាពជុំវិញខេត្ត ក្លិប និងក្រុង-ស្រុក ដែលបានចូលរួម ប្រកួតកីឡាមហាជនជ្រើសរើសជើងឯកទូទាំងខេត្តប្រចាំឆ្នាំ២០២៥នេះ សរុបចំនួន ៩១ក្រុម ដែលមានកីឡាករ កីឡាការិនី សរុប ៩៣១នាក់ និងគ្រូបង្វឹកចំនួន ១៨៧នាក់ ហើយប្រភេទកីឡាដែលបានដាក់ឲ្យប្រកួត រួមមាន កីឡាបាល់ទាត់ កីឡាបាល់ទះ កីឡាបាល់បោះ កីឡាប៉េតង់ប៊ូល កីឡាវាយកូនឃ្លីលើតុ និងកីឡាវាយសី ផងដែរ ៕