សហគមន៍ខ្មែរប្រចាំតំបន់៥ នៃប្រទេសណូវ៉េលហ្សេឡង់ប្រារព្ធពិធីជួបជុំមហាគ្រួសារខ្មែរ ក្នុងឱកាសរំលឹកខួបលេីកទី៤៦ នៃទិវាជ័យជម្នះ ៧ មករា
ភ្នំពេញ៖ នាថ្ងៃសៅរ៍ ៦កើត ខែបុស្ស ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែមករា ឆ្នាំ២០២៥ សហគមន៍ខ្មែរប្រចាំតំបន់៥ នៃប្រទេសណូវ៉េលហ្សេឡង់ បានប្រារព្ធពិធីជួបជុំមហាគ្រួសារខ្មែរ ក្នុងឱកាសរំលឹកខួបលេីកទី ៤៦ នៃទិវាជ័យជម្នះ ៧ មករា (៧ មករា ១៩៧៩ - ៧ មករា ២០២៥) ក្រោយអធិបតីភាពឯកឧត្ដមបណ្ឌិត ជឺនបូរាណ ច័ន្ទបូរី ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសអូស្ត្រាលី និងណូវ៉ែលហ្សេឡង់, ឯកឧត្ដមបណ្ឌិត គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ,សមាជិកគណៈកម្មការកណ្ដាល, ប្រធានផ្នែកក្រៅប្រទេស នៃយុវជនគណបក្សថ្នាក់កណ្ដាល និងជាប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជាប្រចាំប្រទេសអូស្ត្រាលី និងណូវ៉ែលហ្សេឡង់, ឯកឧត្ដមបណ្ឌិត កៅ ថាច សមាជិកគណៈកម្មការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជាប្រចាំតំបន់៥ នៃប្រទេសអូស្ត្រាលី និងណូវ៉ែលហ្សេឡង់ រួមជាមួយប្រធានគណៈកម្មាធិការសាខាគណបក្សប្រជាជនកម្ពុជាប្រចាំទីក្រុងហាមីលតុន, ប្រធានសមាគមខ្មែរ ញ៉ូហ្សេលេន និងប្រជាពលរដ្ឋខ្មែរ ដែលរស់នៅក្នុងតំបន់៥ មកទីក្រុងអូក្លិន, ហាមីលតុននិងហុកស្បេប្រមាណជិត ៣០០នាក់។
បន្ទាប់ពីមតិស្វាគមន៍របស់ ឯកឧត្តមបណ្ឌិត គឹម សន្តិភាព និងឯកឧត្តមបណ្ឌិត ជឺនបូរាណ ច័ន្ទបូរី ថ្លែងទៅកាន់បងប្អូនសមាជិកសមាជិកា រួចមក, ឯកឧត្តមបណ្ឌិត កៅ ថាច បានធ្វើចំណាប់អារម្មណ៍ ចេញពីបេះដូងក្នុងនាមជាប្រជាពលរដ្ឋ ដែលបានឆ្លងកាត់ភ្លើងសង្គ្រាម ភាពវេទនា ជាពិសេសក្នុងសម័យ ប៉ុល ពល ៣ ឆ្នាំ៨ ខែ ២០ ថ្ងៃ។ គុណបុណ្យ ថ្ងៃរំដោះ៧ មករា ៧៩ បានធ្វើអោយប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេស បាន រួចផុតពីទុក្ខវេទនា និងនាំប្រទេសកម្ពុជា មានការអភិវឌ្ឍ និងមានសន្តិភាព ស្ថេរភាព មកដល់បច្ចុប្បន្ននេះ។
បន្ថែមលើនេះ, ឯកឧត្តមបណ្ឌិត កៅ ថាច បានធ្វើការរំលឹកអំពីឧបការគុណ របស់គណបក្សប្រជាជនកម្ពុជា និងថ្ងៃរំដោះ ៧ មករា ៧៩ ជូនដល់បងប្អូនសមាជិក សមាជិកាទាំងអស់ អោយបាន ជ្រួតជ្រាបបន្ថែមទៀត អំពីថ្ងៃ៧ មករា ឆ្នាំ១៩៧៩ គឺជាទិវាមហាជ័យជំនះរបស់ប្រជាជនកម្ពុជាលើបនប្រល័យពូជសាសន៍ ប៉ុល ពត ហើយក្នុងនោះប្រទេសកម្ពុជាបានបិទនូវទំព័រសករាជដ៏ខ្មៅងងឹតរបស់ខ្លួន ហើយបើកចេញនូវទំព័រសករាជថ្មី គឺសករាជឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម។ ក្នុងន័យនេះ បងប្អូន ប្រជាជនកម្ពុជាទូទាំងប្រទេស បានប្រសិទ្ធនាមថ្ងៃ៧ មករា ឆ្នាំ១៩៧៩ ថាជាថ្ងៃកំណើតទី២របស់ខ្លួន ហើយកំណត់នូវគោលជំហរយ៉ាងច្បាស់ថា “បើគ្មានថ្ងៃ៧ មករា ឆ្នាំ ១៩៧៩ ទេនោះ យើងនឹងគ្មានអ្វីៗទាំងអស់នៅថ្ងៃនេះ“។ ដោយឈរលើមូលដ្ឋាននៃការពង្រីកជ័យជម្នះ ៧ មករា ឆ្ពោះទៅមុខឥតឈប់ឈរ សាធារណរដ្ឋប្រជាមានិតុកម្ពុជា ដែលជាតំណាងស្របច្បាប់តែមួយគត់របស់ប្រជាជនកម្ពុជាសម្រេចបានស្នាដៃធំៗជាប្រវត្តិសាស្ត្រចំនួ៤គឺ៖
ទី១-បានរំដោះប្រជាជនកម្ពុជាពីរបប ប៉ុល ពត ដ៏សែនមហាឃោឃៅ យង់ឃ្នង និងទប់ស្កាត់របបអន្យតិរ្ថិយនេះមិនឲ្យវិលត្រឡប់មកកម្ពជាជាលើកទី២។
ទី២-បាននាំមកជូនប្រជាជនវិញនូវសិទ្ធិសេរីភាពទាំងអស់ ដែលសិទ្ធិសេរីភាពទាំងនោះត្រូវបានបន ប៉ុល ពត កំចាត់បង់ក្នុងរបប ៣ឆ្នាំ ៨ខែ ២០ថ្ងៃរបស់ពួកវាទៅហើយ។
ទី៣-បានស្តារ និងកសាងខឿនសេដ្ឋកិច្ចជាតិ ឲ្យមានស្ថេរភាពជាបណ្តើរៗតាំងពីពេលនោះមក។
ទី៤-បានធ្វើជាកម្លាំងស្នូលនៃការបង្រួបបង្រួមជាតិ និងជាកម្លាំងមិនអាចខ្វះបាន ក្នុងការអនុវត្តន៍កិច្ចព្រមព្រៀងទីក្រុងប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១។
ដូចនេះ, រាជរដ្ឋាភិបាលកម្ពុជាកំណត់យកថ្ងៃ៧ មករា ជារៀងរាល់ឆ្នាំជា ”ទិវាបុណ្យ” ព្រមទាំងអនុញ្ញាតិឲ្យមន្ត្រីរាជការ និយោជិត កម្មករក្នុងព្រះរាជាណាចក្រកម្ពុជា បានឈប់សំរាកចំនួន១ថ្ងៃ ក្នុងឱកាសទិវាបុណ្យនេះ។
ឯកឧត្តមបណ្ឌិត បានសង្គត់ធ្ងន់ និងបានធ្វើការគូសបញ្ជាក់ថា ៧ មករា គឺជារបស់ប្រជាជនកម្ពុជាទាំងមូល, ៧ មករា មានសត្រូវតែមួយគត់ គឺបនប្រល័យពូជសាសន៍ ប៉ុល ពត។ បុគ្គលណាមួយ ប្រឆាំង នឹងស្មារតី៧ មករា គឺជាបក្ខពួករបស់ប៉ុល ពត ឬក៏យ៉ាងហោចណាស់ ពួកគេប្រឆាំង៧ មករា ដើម្បីផលប្រយោជន៍ខាងនយោបាយរបស់គណបក្សផងគេ នៅក្នុងពេលបោះឆ្នោតម្តងៗ។
សរុបមក ៧ មករា ឆ្នាំ១៩៧៩ គឺជាសច្ចធម៌ប្រវត្តិសាស្រ្ត ដែលមិនអាចមានអ្នកណាមកបំភ្លៃ បំផ្លើស បំភ្លេច ឬ បំផ្លាញបានឡើយ ៕