ព្យុះរដូវរងាបាននាំមកនូវព្រិល ទឹកកក និងសីតុណ្ហភាពត្រជាក់គ្របដណ្ដប់ស្ទើរគ្រប់តំបន់នៃសហរដ្ឋអាម៉េរិក
វ៉ាស៊ីនតោន៖ ព្យុះរដូវរងាបាននាំមកនូវព្រិល ទឹកកក និងសីតុណ្ហភាពត្រជាក់គ្របដណ្ដប់ស្ទើរគ្រប់តំបន់នៃសហរដ្ឋអាម៉េរិក កាលពីថ្ងៃអាទិត្យទី៥មករា ធ្វើឱ្យមនុស្សប្រហែល៦០លាននាក់នៅទូទាំងរដ្ឋប្រមាណ១២ ស្ថិតក្រោមការព្រមាន និងការណែនាំអំពីអាកាសធាតុរដូវរងាដ៏ត្រជាក់ស្រៀវឆ្អឹងខ្នងនេះ។
ព្យុះរដូវរងា ដែលបានបង្កឱ្យមានព្រិលធ្លាក់ និងព្រិលទឹកកករួចហើយនៅតំបន់ទំនាបកណ្តាល និងបង្កលក្ខខណ្ឌធ្វើដំណើរដ៏លំបាក និងការដាច់ចរន្តអគ្គិសនីនៅទូទាំងតំបន់ដ៏ធំល្វឹងល្វើយ លាតសន្ធឹងពីរដ្ឋកានសាស (Kansas) ដល់តំបន់ពាក់កណ្តាលអាត្លង់ទិច។
មជ្ឈមណ្ឌលព្យាករណ៍អាកាសធាតុរបស់រដ្ឋបាលមហាសមុទ្ទ និងបរិយាកាសជាតិអាម៉េរិក (NOAA) បានព្រមានថា តំបន់ខ្លះ អាចមានជាព្រិលធ្លាក់ខ្លាំងបំផុតក្នុងរយៈពេលជាងមួយទសវត្សរ៍។ ផលប៉ះពាល់សំខាន់ៗ រួមទាំងការរំខានយ៉ាងខ្លាំងដល់ជីវិតប្រចាំថ្ងៃ, លក្ខខណ្ឌបើកបរដ៏គ្រោះថ្នាក់ និងការបិទផ្លូវស្ទើរគ្រប់ទីកន្លែង ត្រូវបានគេរំពឹងទុកនៅក្នុងផ្នែកខ្លះនៃភាគកណ្តាល និងភាគខាងកើតសហរដ្ឋអាម៉េរិក។
ក្នុងចំណោមមនុស្ស៦០លាននាក់ ស្ថិតនៅក្រោមការជូនដំណឹងអំពីរដូវរងា ជិត៤លាននាក់ស្ថិតនៅក្រោមការព្រមានអំពីព្យុះទឹកកកនៅទូទាំងភាគខាងកើត នៃរដ្ឋកានសាស និងភាគខាងលិចនៃរដ្ឋមីសសួរី (Missouri) ជាមួយនឹងការរួមបញ្ចូលគ្នាដ៏គ្រោះថ្នាក់នៃព្រិល ទឹកកក និងភ្លៀង ដែលកំពុងបន្តនៅទូទាំងរដ្ឋទាំង២នៃភាគខាងត្បូង ដូចជារដ្ឋអ៊ីលីណយ (Illinois) និងរដ្ឋអ៊ីនឌៀណា (Indiana) និងភាគខាងលិចរដ្ឋខេនតាក់គី (Kentucky)។ បន្ថែម ពី លើ នេះ គេ សង្កេត ឃើញ មាន ផ្គរ រន្ទះ។
ប្រធានសភាមកពីគណបក្សសាធារណរដ្ឋ លោក មៃ ចនសុន (Mike Johnson) បានប្រាប់ទូរទស្សន៍ Fox News កាលពីថ្ងៃអាទិត្យថា អាកាសធាតុនឹងមិនរារាំងសមាជិកសភាពីការបំពេញភារកិច្ចរបស់ពួកគេឡើយ។ ការិយាល័យគ្រប់គ្រងបុគ្គលិកបានប្រកាសថា ការិយាល័យសហព័ន្ធនៅក្នុងរដ្ឋធានីរបស់ប្រទេសនឹងត្រូវបិទ។ សាលារៀនរាប់រយបានប្រកាសជាមុនថា ពួកគេនឹងបិទដោយសារតែព្យុះនេះ។
យោងតាមគេហទំព័រតាមដានអាកាសចរណ៍ Flight Aware ព្យុះនេះបានបង្ខំឱ្យលុបចោលជើងហោះហើររាប់រយ រួមទាំងច្រើនជាង២៧៥ជើងទាំងនៅក្នុងរដ្ឋកានសាស និង St. Louis។ អភិបាលក្នុងរដ្ឋមួយចំនួន រួមទាំងរដ្ឋកានសាស រដ្ឋខេនតាក់គី រដ្ឋអាកានសាស រដ្ឋវឺជីនៀខាងលិច និងរដ្ឋវឺជីនៀ បានប្រកាសដាក់រដ្ឋក្នុងភាពអាសន្ន៕