កងកម្លាំងរុស្ស៊ី បាញ់ទម្លាក់យន្តហោះចម្បាំង អ៊ុយក្រែន MiG-29 មួយគ្រឿង
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT កងកម្លាំងរុស្ស៊ីបានបាញ់ ទម្លាក់យន្តហោះចម្បាំង អ៊ុយក្រែន MiG-29 មួយគ្រឿង នេះបើយោងតាមសេចក្តីថ្លែងការណ៍ ដែលចេញផ្សាយ ដោយក្រសួងការពារជាតិ រុស្ស៊ី កាលពីថ្ងៃអាទិត្យ។
ក្រសួងក៏បានរាយការណ៍ផងដែរថា កងកម្លាំងរបស់ទីក្រុងគៀវ បានបាត់បង់នូវគ្រឿងសឹក ដែលផលិតដោយលោកខាងលិច រួមទាំងរថក្រោះប្រយុទ្ធ Bradley មួយគ្រឿងនិងរថក្រោះ ផលិតនៅអាល្លឺម៉ង់ ២គ្រឿងផ្សេងទៀត។
សេចក្តីថ្លែងការណ៍ ដដែលបានរៀបរាប់ថា ការវាយបកចំនួន ១៧ លើកដោយកងកម្លាំង ប្រដាប់អាវុធអ៊ុយក្រែន ត្រូវបានបង្ក្រាបដោយជោគជ័យ។ សត្រូវបានបាត់បង់ទាហានជាង៤១០នាក់ រថក្រោះ Leopard ពីរគ្រឿងផលិត ក្នុងប្រទេសអាល្លឺម៉ង់ រថពាសដែកប្រយុទ្ធថ្មើរជើង និងរថពាសដែក ចំនួន៣រួមទាំង M113 ផលិតនៅសហរដ្ឋអាមេរិក។
រំលឹកដែរថាយន្តហោះ ចម្បាំង MiG-29 សម័យសូវៀត មួយចំនួនធំត្រូវ បានប្រគល់ទៅឱ្យទីក្រុងគៀវ ដោយអ្នកគាំទ្រ សហភាពអឺរ៉ុប របស់ខ្លួនចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២២មកម្ល៉េះ នៅពេលដែលទីក្រុងមូស្គូ ចាប់ផ្តើមប្រតិបត្តិការ យោធារបស់ខ្លួន៕