ដំណើរការសំណេរ ប្រឡងជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បរិញ្ញាបត្រ ទៅសិក្សានៅចិន មានបេក្ខជនចូលរួម ៦២០នាក់
ភ្នំពេញ៖ ដំណើរការសំណេរ នៃការប្រឡងជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បរិញ្ញាបត្រ ទៅសិក្សានៅសាធារណរដ្ឋប្រជាមានិតចិន សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦ បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥ នៅវិទ្យាល័យព្រះស៊ីសុវត្ថិ ដែលមានបេក្ខជនដាក់ពាក្យចូលរួមប្រឡងសរុបចំនួន ៦២០នាក់ (ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ២៤៨នាក់ ស្រី ១៣៦នាក់ និងថ្នាក់បរិញ្ញាបត្រ ៣៧២នាក់ ស្រី ២៣៨នាក់) និងត្រូវបានបែងចែកជា ២៤បន្ទប់ (ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ១០បន្ទប់ និងថ្នាក់បរិញ្ញាបត្រ ១៤បន្ទប់)។
ក្នុងឱកាសនេះផងដែរ ឯកឧត្តមបណ្ឌិត ជួន ជីវិន រដ្ឋលេខាធិការ ជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញបើកវិញ្ញាសា និងពិនិត្យដំណើរការប្រព្រឹត្តទៅនៃដំណើរការសំណេរនេះ។ បេក្ខជនដែលចូលរួមប្រឡង បានឆ្លងកាត់ការប្រឡងលើវិញ្ញាសាភាសាអង់គ្លេស និងវប្បធម៌ទូទៅ សម្រាប់បេក្ខជនថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងលើវិញ្ញាសាគណិតវិទ្យា និងវប្បធម៌ទូទៅ សម្រាប់បេក្ខជនថ្នាក់បរិញ្ញាបត្រ។
សូមគូសបញ្ជាក់ផងដែរថា គណៈកម្មការទទួលខុសត្រូវរួម គណៈកម្មការអប្បមាទ គណៈមេប្រយោគមណ្ឌលសំណេរ គណៈកម្មការកណ្តាលសំណេរ គណៈកម្មការអនុរក្ស ក្រុមសុវត្ថិភាពមណ្ឌលសំណេរ និងគណៈកម្មការពាក់ព័ន្ធផ្សេងទៀត បានបំពេញការងារប្រកបដោយការយកចិត្តទុកដាក់ និងទំនួលខុសត្រូវខ្ពស់។ នៅក្នុងមណ្ឌលប្រឡងមានដំណើរការប្រព្រឹត្តទៅរលូន ប្រកបដោយភាពស្ងប់ស្ងាត់ និងមានរបៀបរៀបរយល្អ។
ផ្អែកលើលទ្ធផលប្រឡង ក្រសួងអប់រំ យុវជន និងកីឡា នឹងបញ្ជូនឈ្មោះបេក្ខជនដែលបានប្រឡងជាប់ក្នុងដំណើរការសំណេរនេះសរុបចំនួន ៦៥នាក់ (ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ៣០នាក់ និងថ្នាក់បរិញ្ញាបត្រ ៣៥នាក់) ទៅស្ថានទូតសាធារណរដ្ឋប្រជាមាចិន ប្រចាំព្រះរាជាណាចក្រកម្ពុជាដើម្បីបន្តនីតិវិធី និងសម្រេចចុងក្រោយ។