អ៊ីស្រាអែលបដិសេធមិនទទួលបញ្ជីចំណាប់ខ្មាំងពីក្រុមហាម៉ាស
ហ្សេរុយសាឡឹម៖ ការិយាល័យរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានឲ្យដឹងកាលពីថ្ងៃអាទិត្យថា ក្រុមហាម៉ាសមិនបានផ្តល់បញ្ជីឈ្មោះចំណាប់ខ្មាំងអ៊ីស្រាអែលដែលត្រូវដោះលែងនោះទេ។
ការិយាល័យរបស់លោក Netanyahu បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដោយបដិសេធរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយមុនៗ ដែលដកស្រង់សម្តីមន្ត្រីហាម៉ាស់ថា ក្រុមនេះបានយល់ព្រមដោះលែងចំណាប់ខ្មាំង ៣៤នាក់ថា ក្រុមហាម៉ាសមិនទាន់បានផ្ទេរបញ្ជីឈ្មោះចំណាប់ខ្មាំងអ៊ីស្រាអែលទេរហូតមកដល់ពេលនេះ។
ទន្ទឹមនឹងនេះ ទូរទស្សន៍ Kan TV ដែលជាកម្មសិទ្ធិរបស់អ៊ីស្រាអែលបានរាយការណ៍កាលពីថ្ងៃអាទិត្យថា ប្រធាន Mossad លោក David Barnea នឹងធ្វើដំណើរនៅថ្ងៃស្អែកទៅកាន់ប្រទេសកាតា ដើម្បីចូលរួមក្នុងកិច្ចចរចាបទឈប់បាញ់នៅតំបន់ហ្គាហ្សាដែលកំពុងបន្ត។
កាលពីថ្ងៃព្រហស្បតិ៍ ចលនាជីហាតអ៊ីស្លាមប៉ាឡេស្ទីនបានឲ្យដឹងថា បក្សពួកប៉ាឡេស្ទីនត្រូវការពេលមួយសប្តាហ៍ដើម្បីរៀបចំ និងប្រគល់បញ្ជីចំណាប់ខ្មាំងអ៊ីស្រាអែលសម្រាប់ការផ្លាស់ប្តូរក្នុងដំណាក់កាលដំបូងនៃកិច្ចព្រមព្រៀងបទឈប់បាញ់ដែលអាចធ្វើទៅបាន។