ប្រធានសន្តិសុខប្រធានាធិបតីកូរ៉េខាងត្បូងមិនអាចសហការក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីចាប់ខ្លួនមេដឹកនាំលោក យូន ស៊ុកយ៉ុលនោះទេ ដែលការណ៍នេះអាចជំរុញឱ្យដំបៅវិបត្តិនយោបាយនៅកូរ៉េខាងត្បូងឆ្ពោះទៅរកការប្រឈមមុខដាក់គ្នាកាន់តែខ្លាំង
សេអ៊ូល៖ ប្រធានសន្តិសុខរបស់ប្រធានាធិបតីកូរ៉េខាងត្បូងលោក យូន ស៊ុកយ៉ុល គឺលោក ផាក ជុងជុន (Park Chong-jun) បានអះអាងកាលពីថ្ងៃអាទិត្យទី៥ ខែមករា ឆ្នាំ២០២៥ថា លោកមិនអាចសហការក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីចាប់ខ្លួនមេដឹកនាំដែលត្រូវបានចោទប្រកាន់នោះទេ។ ការណ៍នេះអាចជំរុញឱ្យដំបៅវិបត្តិនយោបាយនៅកូរ៉េខាងត្បូងឆ្ពោះទៅរកការប្រឈមមុខដាក់គ្នាកាន់តែខ្លាំងឡើងៗ។
ជាមួយនឹងដីកាចាប់ខ្លួនលោក យូន ក្រោមហេតុផលនៃការបះបោរជុំវិញការចេញច្បាប់អាជ្ញាសឹកប្រធានសន្តិសុខរបស់ប្រធានាធិបតីកូរ៉េខាងត្បូង លោក ផាក ជុងជុន បានលើកឡើងពីការជជែកដេញដោលជុំវិញដីកានេះថា មានហេតុផលមិនគ្រប់គ្រាន់។
លោកបានអះអាងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ៖«សូមកុំប្រមាថមើលងាយសេវាសន្តិសុខប្រធានាធិបតីអី[…] ព្រោះវាបានផ្តល់នូវសន្តិសុខដល់ប្រធានាធិបតីទាំងអស់អស់រយៈពេល៦០ឆ្នាំហើយ ដោយមិនគិតពីទំនាក់ទំនងនយោបាយ»។
ទន្ទឹមគ្នានេះ មេធាវីរបស់លោក យូន បានដាក់ពាកបណ្តឹងថា ដីកាចាប់ខ្លួននេះគឺខុសច្បាប់និងមិនត្រឹមត្រូវ។ យ៉ាងណា តុលាការរដ្ឋធានីសេអ៊ូលបានច្រានចោលពាក្យបណ្តឹងនេះ។ ជាក់ស្តែង មេធាវីរបស់លោក យូន គឺលោក សឹក ដុងហឿន (Seok Dong-hyeon) បានលើកឡើងនៅលើបណ្តាញសង្គមហ្វេសប៊ុកថា ៖«ការវិនិច្ឆ័យភាពស្របច្បាប់នៃការបកស្រាយផ្លូវច្បាប់ និងការអនុវត្តច្បាប់ណាមួយគឺជារឿងពិបាក។ ប្រសិនបើមានកំហុសក្នុងភាពស្របច្បាប់នៃការអនុវត្តច្បាប់ប្រឆាំងនឹងប្រធានាធិបតីដែលកំពុងកាន់អំណាច នោះវានឹងក្លាយជាបញ្ហាធំ»។
មេធាវីរូបនេះបានបន្ថែមថា ដីកានេះគឺមិនស្របតាមរដ្ឋធម្មនុញ្ញ ដោយសារតែកម្លាំងប្រឆាំងអំពើពុករលួយដែលដឹកនាំការស៊ើបអង្កេតឧក្រិដ្ឋកម្មមិនមានសិទ្ធិអំណាចក្រោមច្បាប់របស់កូរ៉េខាងត្បូងក្នុងការស៊ើបអង្កេតករណីណាមួយដែលពាក់ព័ន្ធនឹងការចោទប្រកាន់កុប្បកម្មនោះទេ។
ជម្លោះលើដីកានេះបានកើតឡើងស្របពេលដែលបាតុកម្មដោយក្រុមបាតុកររាប់ពាន់នាក់នៅជិតលំនៅឋានផ្លូវការរបស់លោក យូន ធ្វើឡើងក្រោមព្រិលធ្លាក់ខ្លាំងក្នុងរដ្ឋធានីសេអ៊ូល ជាមួយនឹងការប្រមូលផ្តុំមួយចំនួនទាមទារឱ្យចាប់ខ្លួនគាត់។ ក្រុមបាតុករមួយចំនួនបានប្រមូលផ្តុំគ្នាពេញមួយយប់នៅក្នុងទីក្រុងសេអ៊ូល ដែលសីតុណ្ហភាពបានធ្លាក់ចុះក្រោមដក៥អង្សាសេ។ ព្រិល ធ្លាក់មានកម្រាស់ជាង៦សង់ទីម៉ែត្រនៅ តំបន់ មួយ ចំនួន ដែល ជំរុញ ឱ្យ មាន ការ ព្រមាន។ បាតុកម្មស្រដៀងគ្នាកាលពីថ្ងៃសៅរ៍សប្តាហ៍មុន ប៉ូលីសបានឃុំខ្លួនបាតុករពីរនាក់ដែលត្រូវបានចោទប្រកាន់ពីបទរំលោភបំពានលើមន្ត្រីប៉ូលីស។ ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់រាយការណ៍ការថា មន្ត្រីសន្តិសុខបានដំឡើងលួសបន្លានៅខាងក្នុងបរិវេណ និងបង្កើតរបាំងដោយប្រើឡានក្រុងកាលពីថ្ងៃសៅរ៍សប្តាហ៍មុន។
គួរបញ្ជាក់ថា លោក យូន បានក្លាយជាប្រធានាធិបតីកូរ៉េខាងត្បូងដែលកំពុងកាន់អំណាចដំបូងគេ ដែលប្រឈមមុខនឹងការចាប់ខ្លួនជុំវិញការប៉ុនប៉ងក្នុងការប្រកាសច្បាប់អាជ្ញាសឹកកាលពីថ្ងៃទី៣ខែធ្នូឆ្នាំ២០២៤ ដែលបង្កឱ្យមានភាពវឹកវរផ្នែកនយោបាយនៅក្នុងសេដ្ឋកិច្ចធំបំផុតទីបួនរបស់អាស៊ី និងជាសម្ព័ន្ធមិត្តដ៏សំខាន់របស់សហរដ្ឋអាម៉េរិក៕