ពលរដ្ឋរងគ្រោះដោយអគ្គីភ័យ ២គ្រួសារ នៅបុសខ្នុរ ស្រុកចម្ការលើ ទទួលបានអំណោយពីកាកបាទក្រហមកម្ពុជា .
ភ្នំពេញ៖ នៅ ថ្ងៃចន្ទ ទី៦ ខែមករា ឆ្នាំ ២០២៥ នេះ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណ:កម្មាធិការសាខា បានចាត់អោយ ឯកឧត្តម ទូច ឆៃ នាយកសាខា រួមជាមួយ មន្ត្រីអនុសាខាស្រុក ក្រុមកាកបាទក្រហមកម្ពុជាឃុំ និងអ្នកស្ម័គ្រចិត្តភូមិ បានអញ្ជើញចុះសួរសុខទុក្ខ និង នាំយកអំណោយមនុស្សធម៌ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់ជូន ពលរដ្ឋ ២គ្រូសារ រស់នៅភូមិបុសខ្នុរ ឃុំបុសខ្នុរ ស្រុកចម្ការលើ ៖១- ឈ្មោះ វ៉ាត វ៉ែន អាយុ ៦៦ ឆ្នាំ ជាអ្នករត់ ម៉ូតូ pass app . ២- ឈ្មោះ វ៉ែន ចិន អាយុ ២៧ ឆ្នាំ ជាកូនបង្កើត ។ ដែលរងគ្រោះដោយសារ អគ្គីភ័យ មូលហេតុ ផ្ទុះធុងហ្គាស់ ធ្វើអោយ ផ្ទះឈើ ប្រក់សង្កសី ២ខ្នង , ១ខ្នង ទំហំ ៥ម × ៧មត្រូវភ្លើងឆេះទាំងស្រុង និង ១ខ្នងទៀត ទំហំ ៤ម × ៦ម ត្រូវភ្លើងឆេះខូចខាត ៣០% ។ ហេតុការណ៍នេះ កើតឡើង កាលពីម៉ោង១២ និង ៣០នាទី ថ្ងៃត្រង់ ថ្ងៃទី ៥ ខែមករា ឆ្នាំ ២០២៥ ។
ឯកឧត្តម ទូច ឆៃ ក្នុងនាម ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណ:កម្មាធិការសាខា បានសម្តែងការសោកស្តាយជាពន់ពេក ជាមួយគ្រួសាររងគ្រោះ ចំពោះ ឧប្បត្តិហេតុដែលកើតឡើងស្មានមិនដល់នេះ នាំអោយខូចខាតទាំងលំនៅដ្ឋាន បាត់បង់ ទាំងទ្រព្យសម្បត្តិ លុយកាក់ ក៏ឆេះអស់គ្មានសល់ ។
ឯកឧត្តម នាយកសាខា ក៏បាននាំយកនូវ បណ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណ: កម្មាធិការសាខា និងឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន ប្រធានកិត្តិយសសាខា ជាពិសេស ពីសំណាក់សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្ដេច លោកតែងតែយកចិត្តទុកដាក់គិតគូរ អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋដែលរងគ្រោះ និងងាយរងគ្រោះបំផុត នៅគ្រប់ទីកន្លែង ដោយមិនប្រកាន់និន្នាការនយោបាយ ពូជសាសន៍ ឬ សាសនា អ្វីឡើយ ហើយ ទោះបីជា សម្តេចប្រធាន មិនបានអញ្ជើញមកដោយផ្ទាល់ ក៏ សម្តេច លោក តែងបានចាត់តំណាង ចុះអន្តរាគមន៍ នាំយកអំណោយមនុស្សធម៌ ជួយសម្រាលទុក្ខលំបាកជនរងគ្រោះ ទាន់ពេលវេលា តាមទិសស្លោក ” ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា “។
ឯកឧត្តម ទូច ឆៃ បានក្រើនរំលឹក បងប្អូនប្រជាពលរដ្ឋទាំងអស់ អោយប្រុងប្រយ័ត្ន អំពីគ្រោះមហន្តរាយនានា ពិសេស គ្រោះអគ្គីភ័យ ដែលអាចកើតមាន គ្រប់ពេល ប្រសិនបើមានការធ្វេសប្រហែស ។ ហេតុនេះ មុននឹងចេញពីផ្ទះ ត្រូវពន្លត់ភ្លើងចង្ក្រាន ហ្គាស បិទកុងតាក់ជាមុនសិន ពិសេស ការ ត បណ្តាញអគ្គិសនី ត្រូវហៅអ្នកជំនាញ មករៀបចំភ្ជាប់ចរន្តទៅតាមបទដ្ឋាន បច្ចេកទេសអោយបានត្រឹមត្រូវ ។ ជាមួយនោះ ត្រូវយកចិត្តទុកដាក់ ថែទាំអនាម័យសុខភាពអោយបានល្អ ដោយបោះបង់ទម្លាប់មិនល្អមួយចំនួន ដែលបំផ្លាញសុខភាព និងអាយុជីវិតខ្លួនឯង ហើយរួមគ្នាពង្រឹងសហគមន៍ អោយមានសមត្ថភាពទ្រាំទ្រ និងបន្សាំបានជាមួយបញ្ហាប្រឈមដែលបង្កដោយការប្រែប្រួលអាកាសធាតុ ។
អំណោយមនុស្សធម៌ ដែលបានផ្ដល់ជូន ពលរដ្ឋរងគ្រោះទាំង ២គ្រួសារនេះ ក្នុង ១គ្រួសារ ទទួលបាន ៖ អង្ករ ៥០គក្រ ទឹកត្រី ២យួរ ទឹកស៊ីអ៊ីវ ២យួរ ,មី២កេស ,តង់ធំ២ ,ឃីត ២ ( មុង ភួយ សារុង ក្រម៉ា ) អាវយឺត ៥ , សាប៊ូ ១០ ដុំ , សម្ភារៈដំណេក សម្ភារ ផ្ទះបាយ និង ថវិកាចំនួន ១,០០០,០០០រៀល សម្រាប់ ១គ្រួសារដែលរងគ្រោះឆេះទាំងស្រុង និង ៥០០,០០០រៀល ជូន ១គ្រូសារដែលខូចខាត ៣០% ។
ដោយឡែក ព្រះគ្រូ ចៅអធិការវត្តទួលប្រសើរ ( ឃុំតាអុង) ក៏បាននិមន្តចូលរួម ឧបត្ថម្ភនូវ អង្ករ ៥០ គក្រ រួមជាមួយ គ្រឿងឧបភោគបរិភោគ និងបច្ច័យ សរុប ចំនួន ៨៤៣,០០០រៀល ផងដែរ ។