ជនជាតិរ៉ូហ៊ីងយ៉ាជាង ២០០នាក់ ចូលទៅដល់ច្រាំងសមុទ្រខេត្តអាសេ នៃប្រទេសឥណ្ឌូណេស៊ី ខណៈ ៣០០នាក់ផ្សេងទៀត ត្រូវបានបណ្តេញចេញពីដែនទឹកម៉ាឡេស៊ី
ហ្សាការតា៖ ជនជាតិរ៉ូហ៊ីងយ៉ាជាង២០០នាក់ បានចូលទៅដល់ច្រាំងសមុទ្ទខេត្តអាសេនៃប្រទេសឥណ្ឌូណេស៊ី កាលពីចុងសប្តាហ៍មុន ខណៈប្រហែល៣០០នាក់ផ្សេងទៀត ត្រូវបានបណ្តេញចេញពីដែនទឹកម៉ាឡេស៊ី ចំពេលមានការកើនឡើងយ៉ាងគំហុកនៃចំនួនទៅតាមសមុទ្ទនៃប្រជាជនគ្មានសញ្ជាតិ រត់ភៀសខ្លួនគេចចេញការធ្វើទុក្ខមុកម្នេញនៅក្នុងប្រទេសមីយ៉ាន់ម៉ា។ នេះបើតាមមន្ត្រីឥណ្ឌូណេស៊ីម្នាក់អះអាងនៅថ្ងៃចន្ទទី៦ ខែមករានេះ។
ជនមូស្លីមរ៉ូហ៊ីងយ៉ាភាគច្រើន ដែលមានដើមកំណើតមកពីប្រទេសមីយ៉ាន់ម៉ា និងជាប្រជាជនគ្មានរដ្ឋច្រើនជាងគេលើពិភពលោក ជារឿយៗគេចចេញពីស្ថានភាពក្រីក្រនៅក្នុងជំរំជនភៀសខ្លួនតាមទូកទៅកាន់ប្រទេសថៃ ឥណ្ឌូណេស៊ី និងម៉ាឡេស៊ីជាដើម។ លោក មីហ្វតាច ជុតអាដេក (Miftach Tjut Adek) ប្រធានសហគមន៍នេសាទ នៃខេត្តអាសេបានអះអាងថា ជនជាតិរ៉ូហ៊ីងយ៉ាជាង២០០នាក់ បានទៅដល់ច្រាំងឆ្នេរសមុទ្ទរបស់ខ្លួន កាលពីល្ងាចថ្ងៃអាទិត្យទី៥ ខែមករា នៅក្នុងតំបន់ Peureulak ភាគខាងលិចនៃខេត្តអាសេខាងកើត នៅលើកោះសូម៉ាត្រាប៉ែកខាងលិចនៃប្រទេសឥណ្ឌូណេស៊ី។
ជាមួយគ្នា មន្ត្រីនៅទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ(UNHCR) លោក ហ្វៃសាល រ៉ាហ៍ម៉ែន (Faisal Rahman) បានលើកឡើងថា UNHCR កំពុងសម្របសម្រួលជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីដោះស្រាយបញ្ហានេះ។ ជាក់ស្តែង នៅចន្លោះខែតុលា និងខែវិច្ឆិកា ឆ្នាំមុន ជនជាតិរ៉ូហ៊ីងយ៉ាជាង៥០០នាក់ បានទៅដល់ប្រទេសឥណ្ឌូណេស៊ីតាមទូក។
ស្រដៀងគ្នានេះ ម៉ាឡេស៊ីបានបណ្តេញទូកពីរគ្រឿងដែលដឹកជនចំណាកស្រុកគ្មានឯកសារប្រហែល៣០០នាក់ ចេញពីដែនទឹករបស់ខ្លួន កាលនៅថ្ងៃសៅរ៍ទី៤ ខែមករា។ ការណ៍នេះ កើតឡើងបន្ទាប់ពីប៉ូលិសម៉ាឡេស៊ីបានចាប់ឃុំខ្លួនជនចំណាកស្រុករ៉ូហ៊ីងយ៉ាជិត២០០នាក់ផងដែរ។ គួរបញ្ជាក់ថា ជារឿយៗជនចំណាកស្រុកទាំងនោះស៊ូទ្រាំនឹងការធ្វើដំណើរតាមផ្លូវសមុទ្ទដ៏លំបាកលំបិនរយៈពេលជាច្រើនខែ ដើម្បីទៅដល់ប្រទេសម៉ាឡេស៊ី និងឥណ្ឌូណេស៊ីតាមទូក ឬលួចចូលប្រទេសថៃតាមច្រកព្រំដែនជាដើម។ គួរបញ្ជាក់ថា ជនភៀសខ្លួនរ៉ូហ៊ីងយ៉ាជិត១លាននាក់រស់នៅក្នុងជំរំក្នុងប្រទេសបង់ក្លាដែស ជាជំរំជនភៀសខ្លួនមនុស្សធម៌ដ៏ធំបំផុតនៅលើពិភពលោក៕